ខេត្តតាកែវ ៖ បុរសម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈខ្លួនកំពុងតែដើរឆ្លងផ្លូវ ពេលយប់ ត្រូវបានរថយន្ត ១គ្រឿង បើកមកបុកយ៉ាងពេញទំហឹង រួចបន្ថែមល្បឿនគេចបាត់ស្រមោល។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៩៤-៩៥ ស្ថិតក្នុងភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់។
បុរសរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះកែវ ថា អាយុ៤៨ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់។

សមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើនេះ បង្កឡើងដោយរថយន្តមួយគ្រឿង មិនស្គាល់ភិនភាគ ដែលបើកបរមកពីទិសខាងលិច លុះមកដល់ចំណុចខាងលើ បានបុកអ្នកថ្មើជើងឈ្មោះកែវ ថា បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះកំពុងដើរឆ្លងផ្លូវ ពីជើង មកត្បូង។
ក្រោយពេលកើតហេតុ រថយន្តខាងលើបានបើកគេចខ្លួនបាត់។ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ គឺដោយសារអ្នកថ្មើរជើងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។ យ៉ាងណាក្តី ពេលនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវរករថយន្តបង្កហេតុ ដើម្បីនាំយកមកចាត់ការតាមច្បាប់៕