ខេត្តសៀមរាប ៖ បុរសជាមន្ត្រីនគរបាលមួយរូប ដែលត្រូវបានគេស្គាល់ថា ជាមន្ត្រីបម្រើការងារនៅការិយាល័យសន្តិសុខឯកជន នៃស្នងការនគរបាលខេត្តសៀមរាប បានទទួលរងនូវការចោទប្រកាន់ថា បានប្រើអំពើហិង្សាទៅលើក្មេងអាយុជាង ១ខួប រហូតត្រូវបានបង្ហោះចែកចាយតៗគ្នា ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។

តាមប្រភពពីមន្ត្រីនគរបាលខេត្តសៀមរាប បានបង្ហើបប្រាប់ថា បុរសខាងលើ ជាមន្ត្រីនគរបាល មានឋានៈនិងតួនាទី ព្រិន្ទបាលឯក ឈ្មោះលក្ខិណា វីរៈរិទ្ធ ប្រុស ៧១៨៤៨ ឋានៈនាយរងផ្នែកគ្រប់គ្រងសហគ្រាស គ្រឹះស្ថាន និងកម្លាំងភ្នាក់ងាររសន្តិសុខឯកជន ការិយាល័យ គ្រប់គ្រងសន្តិសុខឯកជន និងមានលំនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ប្រភពដដែល បន្តថា ករណីនេះ អភិបាលខេត្តសៀមរាប លោកទៀ សីហា បានបញ្ជាទៅស្នងការនគរបាលខេត្តសៀមរាប ឱ្យធ្វើការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់ផងដែរ។ ការបញ្ជារបស់អភិបាលខេត្តសៀមរាប ធ្វើឡើង ក្រោយពីមានបណ្តាញសង្គមហ្វេសប៊ុក បានផុសនិងចែក រំលែកតៗគ្នា ហើយធ្វើការរិះគន់យ៉ាងខ្លាំងចំពោះនគរបាលខាងលើនេះដែលអាចប្រើហិង្សាទៅលើក្មេងអាយុទើបតែជាង ១ខួបប៉ុណ្ណោះ។

ដោយឡែក តាមប្រភពពីមន្ត្រីនគរបាលជាន់ខ្ពស់ខេត្តសៀមរាប ១រូប បានបញ្ជាក់ឱ្យដឹង កាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ថា ចំពោះករណីខាងលើនេះ ស្នងការនគរបាលខេត្តសៀមរាប បានមានចំណាត់ការទៅលើជនសង្ស័យរួចហើយ ដោយសមត្ថកិច្ចកំពុងតែស៊ើបអង្កេត និងបន្តនីតិវិធី។ ជាមួយនេះគ្នានេះ មន្ត្រីនគរបាលប្រឆាំង

ការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាប ក៏បានបញ្ជាក់ផងដែរថា ចំពោះករណីនេះ ម្តាយជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចូលមកការិយាល័យជំនាញរួចហើយ និងកំពុងដំណើរការនីតិវិធី។

គួរបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាញសង្គមហ្វេសប៊ុក មានការបង្ហោះនិងចែករំលែកតៗគ្នា ដោយលើកឡើងថា បុរសដែលពាក់ឯកសណ្ឋានជានគរបាលនេះ បានប្រើអំពើហិង្សាទៅលើក្មេងស្រីដែលទើបតែមានវ័យជាង១ខួប បណ្តាលឱ្យរងរបួស ដោយករណីនេះ ទទួលនូវការរិះគន់យ៉ាងខ្លាំងពីមហាជន។

យ៉ាងណា នៅមិនទាន់មានប្រភពបញ្ជាក់ឱ្យដឹងច្បាស់នៅឡើយថា ករណីហិង្សាទៅលើកុមារ នេះកើតឡើងនៅពេលណា និងផ្តើមចេញពីមូលហេតុអ្វីឱ្យពិតប្រាកដនៅឡើយ។

ជុំវិញករណីខាងលើ “នគរធំ“ មិនអាចទាក់ទងសុំការបំភ្លឺសាមីខ្លួនលោកលក្ខិណា វីរៈរិទ្ធ ដែលទទួលរងការចោទប្រកាន់ប្រើហិង្សាលើកុមារនោះបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕