ខេត្តកណ្តាល ៖ ជនសង្ស័យចំនួន ៣នាក់ ជាមុខសញ្ញាលួចមាន់ទា ប្រចាំភូមិ តែងធ្វើសកម្មភាពដើរលួចមាន់ទាអ្នកភូមិ កាប់ក្លែមជាញឹកញាប់ រហូតដល់ក្លែមលែងអស់ ក៏យកទៅលក់បន្ត គាប់ជួនត្រូវម្ចាស់មាន់គេតាមទាន់ ក៏ចាប់ក្របួចជាប់ ២នាក់ ប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើលួច (មាន់) នេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង។

ជនរងគ្រោះជាម្ចាស់មាន់ មានឈ្មោះបាវ ប៊ុនធា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង។ ចំណែកជនសង្ស័យ មានគ្នា៣នាក់ រួមមាន ៖ ទី១-ឈ្មោះសាត សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង (ឃាត់ខ្លួន)។ ទី២-ឈ្មោះសាត លាងហ៊ីម ប្រុសអាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង (ឃាត់ខ្លួន) និងទី៣-ឈ្មោះរិទ្ធ រ៉ែន ភេទប្រុស អាយុប្រហែល១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង (គេចខ្លួន)។ វត្ថុតាងចាប់យក មាន់ឈ្មោលចំនួន១ក្បាលពណ៌ស។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើករ៉ឺម៉កដឹកកម្មករទៅបេះស្វាយនៅឯចម្ការ រួចក៏បានត្រឡប់មកផ្ទះវិញ ស្រាប់តែបាត់មាន់ ហើយបានដើររកនៅក្នុងភូមិ និងសួរអ្នកជិតខាងតែរកមិនឃើញ។ ខណៈពេលនោះជនរងគ្រោះ ក៏មានជិះម៉ូតូដើររកមាន់នៅចំណុចភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ស្រាប់តែឃើញជនសង្ស័យឈ្មោះសាត លាងហ៊ីម និងឈ្មោះសាត សំណាង បានយកមាន់របស់ខ្លួនដើរលក់ ក៏បានទូរស័ព្ទប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអំបិល ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង២នាក់មកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕