ខេត្តកំពត ៖ ក្រុមក្មេងទំនើងឈាមរាវ ១ក្រុម ជិះម៉ូតូដឹកគ្នាដើរលេងពេលយប់ ដោយមានស្ពាយដាវ និងកាំបិតប៉័ងតោ តាមខ្លួនផង លុះកម្លាំងនគរបាលស្រុកទឹកឈូ ប្រទះឃើញ ឃាត់សាកសួរ និងឆែកឆេរឃើញ ក៏ចាប់ឃាត់ខ្លួនបានចំនួន ៧នាក់ នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនក្រុមក្មេងទំនើងទាំង៧នាក់ ធ្វើឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ។

មន្ត្រីនគរបាលស្រុកទឹកឈូ បានឱ្យដឹងថា ក្មេងទំនើងទាំង ៧នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះចាន់ ដារ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ មានលំនៅ ភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ។ ទី២-ឈ្មោះង៉ែត ប្រុសបីត ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត។ ទី៣-ឈ្មោះឆែម សុខសំណាង ភេទប្រុស

អាយុ១៦ឆ្នាំ មានលំនៅ ភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ។ ទី៤-ឈ្មោះផាត់ សាមឿន ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិ ត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ។ ទី៥-ឈ្មោះហ្សូ វណ្ណថុង ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ។ ទី៦-ឈ្មោះកែវ លីឆាយ ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅ ភូមិរបងក្រាស ឃុំកំពង់ត្រាចទី១ ស្រុកកំពង់ត្រាច និងទី៧-ឈ្មោះសាយ វិចិត្រ ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅ ភូមិរបងក្រាស ឃុំកំពង់ត្រាចទី១ ស្រុកកំពង់ត្រាច។

រីឯវត្ថុតាងដកហូតបាន រួមមាន ដាវ ១ដើម កាំបិតប៉័ងតោ ១ដើម ម៉ូតូ ២គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅស៊េរី ២០២១ ពាក់ស្លាកលេខ កំពត 1S-5103 និងម៉ាក SUZUKI Let’s ពណ៌ខ្មៅលាយប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1HF 0597។
ក្មេងទំនើងទាំង ៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកទឹកឈូ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕