ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ម្នាក់ បានទៅទំនាក់ទំនងការងារជាមួយនឹងបុរសម្នាក់ទៀត ដែលជាមនុស្សស្គាល់គ្នា លុះទៅពិភាក្សាគ្នារួច ក៏ហូបបាយទឹក និងផឹកស្រាជុំគ្នា តាំងពីថ្ងៃត្រង់ ដល់យប់ រហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏ទៅដេកអង្រឹង ស្រាប់តែឃើញកូនស្រីរបស់ម្ចាស់ផ្ទះ ដើរមកជិត ក៏ស្ទុះចាប់ឱបថើប និងសម្រាតខោ បម្រុងរំលោភ តែត្រូវក្មេងស្រីរើបម្រះរួច ស្រែកហៅឪពុកមកជួយ បែរជាជនសង្ស័យរកលេសដោះសាថា ច្រឡំស្មានថាជាកូនស្រីរបស់ខ្លួន ព្រោះមើលទៅដូចគ្នាពេក យ៉ាងណាក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានប្តឹងសមត្ថកិច្ចចាប់អូសកជនល្មោភកាមរូបនេះ នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងស្រុកឱរ៉ាល់។
ជនសង្ស័យដែលប៉ុនប៉ងរំលោភកូនស្រីគេ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុន សឺន អាយុ៥៥ឆ្នាំ មុខរបរអារឈើលក់ មានលំនៅ ភូមិព្រីង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ ១២ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះសុន សឺន បានជិះម៉ូតូចេញពីភូមិព្រីង ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ជាមួយឈ្មោះម៉ាត់ ថុល ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ដើម្បីទំនាក់ទំនងការងាររកស៊ី (អារឈើ) ជាមួយឪពុករបស់ក្មេងស្រីរងគ្រោះ។ លុះពេលបានជួបពិភាក្សាគ្នារួចហើយ ឪពុកក្មេងស្រីរងគ្រោះ ក៏ឃាត់ជនសង្ស័យ និងឈ្មោះម៉ាត់ ថុល ឱ្យនៅហូបបាយជុំគ្នាសិន បន្ទាប់មកជនសង្ស័យក៏បានទិញស្រាបៀ ផឹកស៊ីជុំគ្នាជាមួយឪពុកក្មេងស្រីរងគ្រោះ តាំងពីម៉ោង ១រសៀល រហូតដល់ម៉ោង ៨យប់។
ប្រភពដដែល បន្តថា លុះពេលស្រវឹងខ្លាំង ជនសង្ស័យក៏បានទៅដេកនៅលើអង្រឹង មុខផ្ទះ បន្ទាប់មកក្មេងស្រីរងគ្រោះបានដើរមកក្បែរអង្រឹង ស្រាប់តែជនសង្ស័យងើបពីអង្រឹង រួចដើរទៅចាប់ឱបថើប រួចសម្រាតខោក្មេងស្រីរងគ្រោះ បម្រុងរំលោភ តែត្រូវក្មេងស្រីរងគ្រោះរើបម្រះទៅប៉ះជញ្ជាំងរថយន្តដែលចតនៅក្បែរនោះ ហើយក្មេងស្រីរងគ្រោះ ក៏បានស្រែកថាជួយផង!ៗ ធ្វើឱ្យឮដល់ឪពុកក្មេងស្រីរងគ្រោះ ដែលកំពុងផឹកនៅជិតនោះ ទៅមើល ស្រាប់តែឃើញសកម្មភាពជនសង្ស័យកំពុងរំលោភបំពានមកលើកូនស្រីរបស់ខ្លួន ទើបឪពុករបស់ក្មេងស្រីរងគ្រោះ បានរាយការណ៍ប្តឹងមកសមត្ថកិច្ច ឱ្យចុះមកជួយអន្តរាគមន៍តែម្តង។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើនេះភ្លាម សមត្ថកិច្ចបានចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានព្យាយាមឆ្លើយដោះសាថា ខ្លួនពិតជាបានចាប់ឱបថើបក្មេងស្រីរងគ្រោះប្រាកដមែន តែគ្មានបំណងរំលោភទេ ព្រោះដោយសារតែខ្លួនឃើញក្មេងស្រីរងគ្រោះ ដូចកូនរបស់ខ្លួនពេក ទើបធ្វើឱ្យច្រឡំ ស្មានថាកូនស្រី។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី៕