Sunday, June 29, 2025
Homeសន្ដិសុខសង្គមចេញប្លន់ប៉ះម្ចាស់ម៉ូតូមានកាំភ្លើង បាញ់ស្លាប់ឱបម៉ូតូ

ចេញប្លន់ប៉ះម្ចាស់ម៉ូតូមានកាំភ្លើង បាញ់ស្លាប់ឱបម៉ូតូ

ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម មានគ្នាប្រមាណ ៣ម៉ូតូ បានធ្វើសកម្មភាពប្រដេញធាក់ម៉ូតូបុរសម្នាក់បណ្តាលឱ្យដួល រួចស្ទុះទៅលើកយកម៉ូតូរបស់ជនរងគ្រោះជិះចេញទៅ តែប្លន់ប៉ះម្ចាស់ម៉ូតូជាមន្ត្រីយោធា មានកាំភ្លើងខ្លីជាប់

ខ្លួនផង ក៏ដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ បណ្តាលឱ្យជនសង្ស័យម្នាក់ដេកស្លាប់ឱបម៉ូតូដែលប្លន់បាននៅនឹងកន្លែង ខណៈដែលបក្ខពួកផ្សេងទៀត ភ័យស្លន់ស្លោ នាំគ្នាជិះម៉ូតូគេចបាត់អស់ទាំងព្រលឹងចុងសក់ ចំណែកមន្ត្រីយោធាជាម្ចាស់ម៉ូតូ ក៏ត្រូវបានកម្លាំងនគរបាលនាំទៅសាកសួរផងដែរ។

ហេតុការណ៍នេះ បានកើតឡើងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ។

ជនសង្ស័យដែលត្រូវម្ចាស់ម៉ូតូបាញ់ស្លាប់នៅនឹងកន្លែងនោះ ពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។ ចំណែកម្ចាស់ម៉ូតូ ជាខ្មាន់កាំភ្លើង ក៏មិនទាន់ត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងពីអត្តសញ្ញាណដែរ គ្រាន់តែប្រាប់ថា ជាមន្ត្រីយោធាមួយរូប។

ជុំវិញករណីខាងលើនេះ ក្រោយពេលកើតហេតុ គេឃើញកម្លាំងនគរបាលខណ្ឌដង្កោ បានចុះទៅកាន់ទីនោះភ្លាមៗផងដែរ និងបានធ្វើការឃាត់ខ្លួនបុរសជាខ្មាន់កាំភ្លើង នាំយកទៅសាកសួរ ព្រមទាំងរកឃើញសំបកគ្រាប់កាំភ្លើងខ្លី ចំនួន ៩គ្រាប់ផងដែរ នៅបរិវេណទីតាំងកើតហេតុ។

ចំណែកលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាក់ប្រាប់យ៉ាងខ្លីថា “អ្នកស្លាប់ គឺជាជនសង្ស័យ”។

ដោយឡែក តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជាមន្ត្រីយោធារូបនោះ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1JC-4840 តែម្នាក់ឯង ធ្វើ

ដំណើរតាមផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីលិច ទៅកើត។ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ ១ក្រុម មានគ្នាប្រមាណ ៥នាក់ ជិះម៉ូតូចំនួន ៣គ្រឿង ដេញតាមធាក់ផ្តួល បណ្តាលឱ្យមន្ត្រីយោធាខាងលើដួលម៉ូតូច្រងាប់ច្រងិល បន្ទាប់មកជនសង្ស័យខាងលើ បានលើកយកម៉ូតូជិះគេចខ្លួន។

ប្រភពដដែល បានបន្តថា ភ្លាមៗនោះ មន្ត្រីយោធាបានក្រោកឡើងរត់ដេញតាមជនសង្ស័យដែលជិះម៉ូតូរបស់ខ្លួន រួចក៏ដកកាំភ្លើងខ្លីបាញ់ប្រហារ បណ្តាលឱ្យត្រូវជនសង្ស័យខាងលើ ដួលស្លាប់ម្នាក់ឯង ទាំងដៃនៅកាន់ចង្កូត និងជើងនៅគងលើម៉ូតូ (ស្លាប់ឱបម៉ូតូដែលប្លន់បាន) នោះតែម្តង។

ដោយឡែកបក្ខពួកផ្សេងទៀត ឃើញសភាពបែបនេះ ក៏ប្រញាប់ជិះម៉ូតូគេចខ្លួនទាំងព្រលឹងចុងសក់ បាត់ស្រមោលអស់។

ក្រោយពេលកើតហេតុ មន្ត្រីយោធាជាម្ចាស់ម៉ូតូ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ នាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ៕

RELATED ARTICLES