ភ្នំពេញ ៖ លោក ខាន់ សុវណ្ណ ប្រធានអង្គព្រោកប្រាជ្ញ ដែលនិយាយពីសង្គមនិងនយោបាយតាមបណ្តាញសង្គម ហ្វេសប៊ុក បានស្លាប់នៅប្រទេសភូមា កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដោយរោគាពាធ ក្នុងជន្មាយុ ៦៦ឆ្នាំ ។

បើតាមសាច់ញាតិនិងសមាជិកអង្គព្រោកប្រាជ្ញ ជាពិសេសលោក ខាន់ តូនី កូនប្រុសសពលោកខាន់ សុវណ្ណ បានឲ្យដឹងថា មកដល់ពេលនេះ សពកំពុងស្ថិតនៅឯប្រទេសមីយ៉ាន់ម៉ា នឹងបូជានៅទីនោះ ហើយយកធាតុមកធ្វើបុណ្យនៅស្រុកខ្មែរ ។ ការបូជាសព រៀបចំដោយស្ថានឯកអគ្គរាជទូតខ្មែរ និងគ្រួសារអមដំណើរ ។
លោក ខាន់ តូនី បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាន ពីមរណភាពរបស់លោកថា ឪពុករបស់លោកបានធ្វើដំណើរចេញពីប្រទេសកម្ពុជា តាមយន្ដហោះ បំណងទៅព្យាបាលជំងឺថ្លើមនៅប្រទេសឥណ្ឌា ដែលត្រូវធ្វើដំណើរឆ្លងកាត់ពីរទៅបីប្រទេស ទើបទៅដល់ប្រទេសឥណ្ឌា។ ប៉ុន្តែជាអកុសល នៅពេលធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវទៅហើយ ឪពុករបស់លោកក៏ធ្វើទុក្ខបេះដូង។ នៅពេលភ្លាមៗនោះ ខាងជើងយន្ដហោះ ក៏បានសម្រេចចិត្តចុះចតនៅ

ប្រទេសមីយ៉ាន់ម៉ា ដើម្បីធ្វើការសង្គ្រោះបន្ទាន់ តែមិនអាចជួយសង្គ្រោះបានឡើយ ដោយឪពុករបស់លោកបានទទួលមរណភាព នៅយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ នៅប្រទេសមីយ៉ាន់ម៉ា តែម្ដង។ បច្ចុប្បន្នសពឪពុករបស់លោក បាននិងកំពុងតម្កល់នៅប្រទេសមីយ៉ាន់ម៉ា ដោយសារតែមីយ៉ាន់ម៉ា ពុំមានជើងហោះហើរមកកាន់រាជធានីភ្នំពេញ នោះទេ ទើបលោកត្រូវធ្វើការងារជាមួយមន្ត្រីស្ថានទូតកម្ពុជា នៅទីនោះ ដើម្បីរៀបចំបូជាសពឪពុករបស់លោក នៅប្រទេសមីយ៉ាន់ម៉ា រួចហើយយកធាតុមកធ្វើបុណ្យតាមប្រពៃណី នៅក្នុងប្រទេសកម្ពុជា វិញ ។

មរណភាពរបស់លោកខាន់ សុវណ្ណ ក្រៅពីសមាជិក-សមាជិកា នៃអង្គព្រោកប្រាជ្ញ បានចេញសារចូលរួមមរណទុក្ខ ដោយបញ្ជាក់ថា សូមសម្តែងនូវការសោកស្តាយ គ្មានអ្វីប្រៀបផ្ទឹមបានឡើយចំពោះមរណភាពនេះ និងសូមកត់ត្រាទុកនូវរាល់ស្នាដៃ ឧត្តមគតិ វីរភាព និងគុណបំណាច់របស់លោក ដែលជាកុលបុត្រខ្មែរ និងជាសកម្មជនដ៏ឆ្នើម ដែលបានពលិកម្មគ្រប់បែបយ៉ាង ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ ប្រជាជនកម្ពុជា និងបានចូលរូមថែរក្សាសន្តិភាពបាន ដោយលំបាកនេះនោះ សម្រាប់មជ្ឈដ្ឋានជាច្រើន រួមមានព្រះសង្ឃ និស្សិត បញ្ញវន្ត អ្នក

នយោបាយ ក៏បានចូលរួមរំលែកទុក្ខតាមបណ្ដាញសង្គមហ្វេសប៊ុក និងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធសព ឲ្យបានទៅដល់សុគតិភព បើទោះបីកាលនៅរស់ លោកខាន់ សុវណ្ណ ធ្លាប់បាននិយាយធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ និងសេចក្ដីថ្លៃថ្នូរនៃមជ្ឈដ្ឋានមួយចំនួន ជាពិសេសធ្លាប់មានប្រតិកម្មខ្លាំងពីស្ថាប័នព្រះសង្ឃក៏ដោយ៕