Sunday, June 29, 2025
Homeសន្ដិសុខសង្គមភ្លើងប្រចណ្ឌ ប្តីមេប៉ុស្តិ៍បាញ់ប្រពន្ធចុង៤គ្រាប់ ធ្លាយក្បាល ធ្លុះបំពង់ក ស្លាប់ក្នុងថ្លុកឈាម

ភ្លើងប្រចណ្ឌ ប្តីមេប៉ុស្តិ៍បាញ់ប្រពន្ធចុង៤គ្រាប់ ធ្លាយក្បាល ធ្លុះបំពង់ក ស្លាប់ក្នុងថ្លុកឈាម

ខេត្តព្រៃវែង ៖ បុរសជាមន្ត្រីនគរបាលម្នាក់ បាននាំប្រពន្ធចុងរបស់ខ្លួន ទៅចូលរួមពិធីខួបកំណើតកូនមិត្តភក្តិ លុះផឹកស៊ីស្រវឹងធ្លាក់ភ្នែក ជិះម៉ូតូដឹកគ្នាចេញមកវិញ សំដៅទៅផ្ទះដល់ពាក់កណ្តាលផ្លូវ ក៏កើតមានជម្លោះពាក្យសម្តីជាមួយប្រពន្ធចុង សង្ស័យរឿងប្រចណ្ឌ រហូតដល់បុរសជាប្តី ទប់កំហឹងមិនជាប់ ដកកាំភ្លើងខ្លី បាញ់ប្រហារប្រពន្ធចុងរបស់ខ្លួន ចំនួន៤គ្រាប់ តែផ្ទុះ ២គ្រាប់ ចំក្បាល និងបំពង់ក បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ចំណែកបុរសជាប្តីដែលជាខ្មាន់កាំភ្លើង ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗផងដែរ។

ហេតុការណ៍បាញ់សម្លាប់ប្រពន្ធចុងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចលើផ្លូវលំ មុខវត្តផាត់សណ្តោង ស្ថិតក្នុងភូមិផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធកណ្តាល។

ជនសង្ស័យជាខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ប្រពន្ធចុងរបស់ខ្លួន និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះម៉ៅ សុវណ្ណហុង អាយុ៥៣ឆ្នាំ មុខរបរជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្នៅទី១ នៃអធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធចុង មានឈ្មោះសុខ មួយ អាយុ៥១ឆ្នាំ មុខរបរធ្វើស្រែ មានលំនៅ ភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីក្បាលព្រលប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យនិងជនរងគ្រោះ ដែលគេស្គាល់ថាជាប្តីប្រពន្ធចុងនោះ បានទៅចូលរួមកម្មវិធីខួបកំណើតកូនមិត្តភក្តិនៅភូមិជាមួយគ្នានោះដែរ។ លុះមកដល់វេលាម៉ោងកើតហេតុ គឺម៉ោង ៨និង៣០នាទីយប់ ថ្ងៃដដែល អ្នកទាំងពីរក៏បាន

នាំគ្នាចេញពីកម្មវិធីខួបកំណើត ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ប៉ុន្តែពេលទៅដល់ពាក់កណ្តាលផ្លូវ ពួកគាត់ក៏កើតមានជម្លោះទាស់ទែងពាក្យសំដីជាមួយគ្នា មិនដឹងដោយសាររឿងអ្វីទេ តែគេសង្ស័យជារឿងប្រចណ្ឌ ពេលនោះបុរសជាប្តី កំពុងស្រវឹងផង ក៏បានដកកាំភ្លើងខ្លី ១ដើម ម៉ាក K54 ចេញពីកាបូបស្ពាយ រួចបាញ់ស្ត្រីរងគ្រោះជាប្រពន្ធចុង ចំនួន៤គ្រាប់ តែផ្ទុះ២គ្រាប់ ដោយត្រូវចំក្បាល ១គ្រាប់ និងត្រូវត្រង់ក ១គ្រាប់ទៀត បណ្តាលឱ្យស្ត្រីជាប្រពន្ធចុង ដួលស្លាប់ភ្លាមៗក្នុងថ្លុកឈាម នៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយបាញ់ប្រហារសម្លាប់ប្រពន្ធចុងរបស់ខ្លួនរួចមក បុរសជាខ្មាន់កាំភ្លើងដែលជានាយនគរបាលប៉ុស្តិ៍នោះ ត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួន យកទៅសាកសួរ។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES