តារាសម្ដែងល្បីរបស់ព្រះរាជាណាចក្រថៃ នាងPan Cake បានចុះពីលើយន្ដហោះមកដល់ស្រុកខ្មែរកាលពីវេលាម៉ោង១ៈ៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយនាងក៏បង្ហួសមកចូលភោជនីយដ្ឋាន ”ស្លឹកឈូក” របស់ពិធីការិនីល្បីឈ្មោះ អ្នកនាងយុគ ចិន្ដា ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវប៉ាស្ទ័រ។ ក្រុម Fan ជាច្រើន រង់ចាំនាងPan Cake ជាស្រេច នៅហាងអ្នកនាងយុគ ចិន្ដា ហើយគ្រាន់តែតារាល្បីរបស់ថៃ នោះមកដល់មានការចោមរោមឱបថើប និងថតរូប សឹងតែធ្វើឲ្យនាង Pan Cake រើខ្លួនមិនចង់រួចឡើយ។
អ្នកនាងយុគ ចិន្ដា បានឲ្យដឹងថា ”ខ្ញុំបានជួបក្រុមការងារ Pan Cake នៅប្រទេសថៃ កាលពីពេលថ្មីៗនេះ អំឡុងពេលដែលខ្ញុំបានទៅថៃ ថតស្ពតថ្មីជាមួយលោកឆាកគ្រីក ហើយអ្នកធ្វើសក់ឲ្យខ្ញុំជាក្រុមការងាររបស់ Pan Cake ហើយបានពិភាក្សាជាមួយខ្ញុំថា Pan Cake គាត់ចង់មកធ្វើម្ហូបបង្ហាញខ្ទះធ្វើម្ហូប ដោយអត់ប្រើខ្លាញ់ អត់ប្រើប្រេង ហើយខ្ញុំក៏ណែនាំហាងខ្ញុំ គាត់ក៏ជ្រើសរើសតែម្ដង។ Pan Cake មានពេល២ម៉ោង ក្នុងការធ្វើម្ហូបនៅហាងខ្ញុំ ហើយខ្ញុំបានជ្រើសយកម្ហូបមាន់លីងគល់ស្លឹកគ្រៃ”។
តារាចម្រៀង Pan Cake សប្បាយរីករាយជាខ្លាំងនៅពេលបានធ្វើម្ហូបជាលើកទី១ ជាមួយពិធីការិនីល្បីឈ្មោះ អ្នកនាងយុគ ចិន្ដា ដោយមាន Fan ជាច្រើនទៅគាំទ្រនាងផងនោះ ហើយតារាល្បីល្បាញរបស់ព្រះរាជាណាចក្រថៃ រូបនេះ បានឲ្យដឹងថា ”នេះជាលើកទី៥ហើយ ដែលខ្ញុំបានមកព្រះរាជាណាចក្រកម្ពុជា ហើយឃើញថា ប្រទេសកម្ពុជា មានការីកចម្រើនខ្លាំង
គឺមានអគារខ្ពស់ៗមានការសាងសង់ជាបន្តបន្ទាប់ ហើយគ្រាន់តែចុះពីលើយន្ដហោះភ្លាម ក៏ប្លែកដែរ ព្រោះព្រលានថ្មី។ ចំពោះខ្ទះដែលខ្ញុំយកមកបង្ហាញនាពេលនេះ គឺជាខ្ទះឆាអត់ប្រើប្រេងខ្លាញ់ទេ ហើយខ្ទះនេះមានលក់នៅបណ្ដារប្រទេសមួយចំនួនមកហើយ ហើយក៏មានភាគហ៊ុនរបស់ឪពុកម្ដាយខ្ញុំដែរ”។
Pan Cake បានចូលសិល្បៈ១២ឆ្នាំមកហើយ នាងជាតារាភាពយន្ដដ៏ល្បីរបស់ព្រះរាជាណាចក្រថៃហើយការមកកម្ពុជា លើកនេះ Pan Cake បានឡើងច្រៀងនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងកម្មវិធីប្រគំតន្ត្រី ”ខ្មែរញញឹម” និងច្រៀងនៅក្លឹបកម្សាន្ដ RGA នៅរាជធានីភ្នំពេញ ហើយនៅថ្ងៃទី២៦ ខែវិច្ឆិកា នាងក៏បានត្រឡប់ទៅប្រទេសថៃវិញផងដែរ”៕
https://youtu.be/1CMy6yWIcj8