Sunday, June 29, 2025
Homeសន្ដិសុខសង្គមកុំចេះតែហ៊ាន! មកជួបកូនក្រមុំគេទាំងយប់ ឪគេប្តឹងប៉ូលិសចាប់ដល់ក្នុងបន្ទប់

កុំចេះតែហ៊ាន! មកជួបកូនក្រមុំគេទាំងយប់ ឪគេប្តឹងប៉ូលិសចាប់ដល់ក្នុងបន្ទប់

ខេត្តបាត់ដំបង ៖ យុវជនម្នាក់ បានទាក់ទងស្នេហាតាមឆាត ជាមួយក្មេងស្រីម្នាក់ រហូតដល់ផ្តោះផ្តងសុំជួបមុខ ទៅលេងដល់បន្ទប់ទាំងយប់ លុះខាងស្រីឆ្លើយឱ្យតែរួចពីមាត់ថា យល់ព្រម ស្រាប់តែខាងប្រុសចិត្តក្លាហាន បានលបលួចចូលទៅក្នុងបន្ទប់កូនក្រមុំគេ ដើម្បីសាសង ស្នេហ៍ ស្រាប់តែត្រូវឪពុកម្តាយខាងស្រីតាមទាន់ ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះដល់ក្នុងបន្ទប់ទាំងយប់។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅចំណុច ក្រុមទី៥៣ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល។

ជនសង្ស័យដែលមានចិត្តក្លាហាន លបចូលបន្ទប់កូនក្រមុំគេទាំងកណ្តាលយប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះរុន សំណាង ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ន.ស អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះរុន សំណាង ដើម្បីនាំយកទៅសាកសួរស្រាវជ្រាវ បន្ទាប់ពីសមត្ថកិច្ចទទួលពាក្យបណ្តឹងពីបុរសម្នាក់ ដោយប្តឹងចោទប្រកាន់ទៅលើជនសង្ស័យខាងលើថា បានធ្វើសកម្មភាពឡើងទៅលើផ្ទះគាត់ ហើយចូលទៅក្នុងបន្ទប់គេងរបស់កូនស្រីគាត់ ដោយមិនមានការអនុញ្ញាតពីគាត់ជាឪពុកម្តាយ។

ប្រភពដដែល បន្តថា ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា នៅមុនពេលកើតហេតុ រូបគេបានឆាតជាសំឡេង តាមទូរស័ព្ទ ទៅកូនស្រីរបស់ដើមបណ្តឹងខាងលើ ឈ្មោះ ន.ស (ជាអនីតិជន) ថាសុំទៅលេងផ្ទះនៅពេលយប់ បានអត់? ហើយខាងស្រីក៏ឆ្លើយតបតាមឆាតមកវិញថា យល់ព្រម។ ឮបែបនេះ រូបគេក៏ស្កាត់ទៅជួបខាងស្រីភ្លាម ដោយមិនបង្អង់យូរ លុះពេលទៅដល់ មិនបានសុំការអនុញ្ញាតពីឪពុកម្តាយគេទេ ហើយគេក៏បានលបចូលទៅដល់ក្នុងបន្ទប់ដេករបស់កូនស្រីគេ ហើយអង្គុយមើលនាងធ្វើលំហាត់ ព្រមទាំងសាសងគ្នា បានមួយសន្ទុះ ក៏ត្រូវម្តាយឪពុករបស់ខាងស្រី មកឃើញទាន់ ក៏ផ្អើលឆោឡោ និងប្តឹងសមត្ថកិច្ចចាប់រូបគេតែម្តង។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានស្រង់សំដីកូនស្រីម្ចាស់ផ្ទះថា គេនិងយុវជនខាងលើ ធ្លាប់ស្គាល់គ្នាពីមុនមក ហើយនៅយប់កើតហេតុ យុវជនរូបនោះបានឆាតជាសំឡេង សុំមកលេងផ្ទះនាងទាំងយប់ ហើយនាងក៏បានឆាតឆ្លើយតបវិញថា យល់ព្រមឱ្យគេមកលេងផ្ទះ ដែលតាមការលើកឡើងនោះ នឹកស្មានថាយុវជនរូបនេះ មិនហ៊ានមកទេ ព្រោះពេលយប់ទៅហើយ ប៉ុន្តែស្មានមិនដល់សោះថា គេហ៊ានមកដល់ក្នុងបន្ទប់នាងតែម្តង។ ពេលមកដល់ ពួកគេមិនបានធ្វើអ្វីនោះទេ គ្រាន់តែជជែកគ្នាបានបន្តិច ក៏ត្រូវឪពុកម្តាយរបស់នាងដឹង ប្តឹងសមត្ថកិច្ចតែម្តង។

ទោះជាបែបណាក្តី បច្ចុប្បន្នយុវជនខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន និងចោទប្រកាន់ពីបទរំលោភលើលំនៅឋាន និងបានរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត បន្ទាប់ពីទទួលបាននូវអនុសាសន៍ណែនាំពីលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចំពោះករណីនេះ៕

RELATED ARTICLES