ខេត្តស្ទឹងត្រែង ៖ សមត្ថកិច្ចតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ថា សមត្ថកិច្ចឡាវ បានបង្ក្រាបនិងរឹបអូសគ្រឿងញៀនដ៏ច្រើន នៅភូមិសាស្ត្រស្រុកមឿងខូង ខេត្តចំប៉ា

សាក់ ប្រទេសឡាវ ក្បែរព្រំដែនកម្ពុជា ត្រង់ចំណុចផ្លូវខ្សែភ្លើង ហួសប៉ុស្តិ៍ចាស់ដុងក្រឡ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

ប្រភពដដែល បានបន្តថា ថ្នាំញៀនដែលសមត្ថកិច្ចឡាវបង្ក្រាបបាននោះ គឺមានចំនួន ៣២បេ ស្មើនឹង ៦៤០ដុំ ដឹកតាមគោយន្តកន្ត្រៃ ចំនួន ៣គ្រឿង បម្រុងនាំចូលមកក្នុងទឹកដីកម្ពុជា។

ប្រភពខាងលើ បញ្ជាក់ថា នៅក្នុងរង្វង់ប្រតិបត្តិការបង្ក្រាបនោះ ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន បានរត់គេចខ្លួនទាំងអស់ បន្សល់ទុកតែថ្នាំញៀនជាច្រើន ច្រកក្នុងការុង និងគោយន្តកន្ត្រៃ ហើយត្រូវសមត្ថកិច្ចឡាវ ដកហូតយកទាំងអស់។
សមត្ថកិច្ច បានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន មានគោលបំណងនាំចូលប្រទេសកម្ពុជា៕