ខេត្តកំពង់ឆ្នាំង ៖ កម្មករប្រមាណជិត ៦០០នាក់ បានរងរបួសធ្ងន់-ស្រាល ដោយសាររថយន្តដឹកកម្មករ ១គ្រឿង ប៉ះគ្នាជាមួយរថយន្តធុនតូច ក្នុងទិសដៅបញ្ច្រាសគ្នា និងក្នុងស្ថានភាពស្រវឹង បណ្តាលឱ្យក្រឡាប់ផ្ងារជើង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៧និង២០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវកៅស៊ូមួយកន្លែង នៅចំណុចព្រៃឆ្មា ក្នុងភូមិរលាំង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។

លោកវរសេនីយ៍ឯក សេង ចិន្តា អធិការនគរបាលស្រុកសាមគ្គីមានជ័យ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលមកពីរថយន្តធុនតូច អ្នកបើកបរស្រវឹង បានបុកជាមួយនឹងរថយន្តធុនធំដឹកកម្មករ បើកបរបញ្ច្រាសទិសគ្នា គេចធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើង។

លោកអធិការ បញ្ជាក់ថា មុនពេលកើតហេតុ មានរថយន្តដឹកកម្មករ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-1422 បើកបរដោយបុរសឈ្មោះយន ភាវ អាយុ២៧ឆ្នាំ រស់នៅភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ក្នុងដំណើរពីទិសខាងកើត ទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយរថយន្ត

១គ្រឿង ម៉ាកហុងដា ស៊ីវីក (Honda Civic) ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះរិន អាយុ៥០ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ បើកបរក្នុងស្ថានភាពស្រវឹង បណ្តាលឱ្យរថយន្តដឹកកម្មករ ក្រឡាប់ផ្ងារជើងឡើងលើ បណ្តាលឱ្យកម្មករ ចំនួន៥៧នាក់ បានរងរបួស ក្នុងនោះ ៨នាក់ រងរបួសធ្ងន់ អ្នករងរបួសទាំងអស់ ត្រូវ

បានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។ ដោយឡែកអ្នករងរបួសធ្ងន់ខ្លះ បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ និងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

លោកអធិការ បញ្ជាក់បន្ថែមថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តដឹកកម្មករ បានរត់គេចខ្លួនបាត់ ចំណែកអ្នកបើកបររថយន្តហុងដាស៊ីវីក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿង ចាត់ការតាមនីតិវិធី ព្រោះតែការបើកបរក្នុងស្ថានភាពស្រវឹង បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

ដោយឡែករថយន្ត ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕