Sunday, June 29, 2025
Homeសន្ដិសុខសង្គមហាងផឹកស៊ី បង្កប់ល្បែងស៊ីសង អាជ្ញាធរអត់ដឹង

ហាងផឹកស៊ី បង្កប់ល្បែងស៊ីសង អាជ្ញាធរអត់ដឹង

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានរិះគន់ទៅលើអាជ្ញាធរខណ្ឌ៧មករា ថាមិនបានដឹង និងមិនបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ជ្រកក្រោមផ្លាកហាងផឹកស៊ី មានយីហោ ស្រីអូន ៧៧៧ ដែលស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា ល្បែងស៊ីសងខុសច្បាប់នៅទីតាំងខាងលើនេះ មានដូចជា ភ្នាល់បៀ ភ្នាល់បាល់ ជល់មាន់ហាយឡាយ និងល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទទៀត ជាលក្ខណៈកាស៊ីណូអនឡាញ ហើយហាងនេះ សំបកក្រៅ ជាហាងផឹកស៊ី  តែធាតុពិតលួចលាក់បើកដំណើរការល្បែងភ្នាល់ដោយរលូន មិនខុសពីកាស៊ីណូប៉ុន្មាននោះទេ ហើយក៏មិនបានរំខានដល់សមត្ថកិច្ចខណ្ឌ៧មករា ដែរ។

ប្រជាពលរដ្ឋ បានលើកឡើងថា តើហេតុអ្វីបានជាអាជ្ញាធរមូលដ្ឋានមិនបានដឹង ឬក៏ធ្វើជាមិនដឹង ឬមកពីម្ចាស់ទីតាំងមានខ្សែ មានខ្នងធំពេក ទើបមិនហ៊ានបង្ក្រាប បណ្តោយឱ្យបើកដំណើរបានដោយរលូនបែបនេះ?

ដោយឡែក តាមប្រភពមួយផ្សេងទៀត បានឱ្យដឹងថា ម្ចាស់ទីតាំងខាងលើនេះ មានខ្នងក្រាស់ បានជាហ៊ានបើកល្បែងស៊ីសងខុសច្បាប់ ដោយមិនខ្លាចសមត្ថកិច្ចនោះទេ ហើយនៅពេលសមត្ថកិច្ចចុះទៅសួរនាំ គឺតែងតែមានអ្នកអន្តរាគមន៍៕

RELATED ARTICLES