ភ្នំពេញ ៖ ជនសង្ស័យម្នាក់ សង្ស័យប្រើប្រាស់គ្រឿងញៀនដល់កម្រិត បានលួចឡើងទៅលើផ្ទះប្រជាពលរដ្ឋ ខណៈដែលម្ចាស់ផ្ទះត្រឡប់មកផ្ទះវិញ ឃើញជនសង្ស័យនៅលើផ្ទះរបស់ខ្លួន ក៏បានស្រែកថាចោរៗ ទើបធ្វើឱ្យជនសង្ស័យភ័យ រត់ឡើងលើដំបូលផ្ទះ រួចហើយលោតចុះមកវិញ ចូលក្នុងឃ្លាំងមួយកន្លែង យកកាំបិតទៅដេញកាប់ស្ត្រីម្នាក់ តែមិនសម្រេចឡើយ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៨និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចឃ្លាំងមួយកន្លែង ស្ថិតនៅផ្ទះលេខ៥៥៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ សង្ស័យប្រើប្រាស់គ្រឿងញៀន ដល់កម្រិតបាត់ម្ចាស់ការ គ្រប់គ្រងខ្លួនឯងលែងបានៗឡើងទៅសំងំលើផ្ទះប្រជាពលរដ្ឋ

ហើយត្រូវបានម្ចាស់ផ្ទះក្រឡេកឃើញ ស្រែកថាចោរៗ ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោ ស្ទុះរត់ឡើងទៅលើដំបូលផ្ទះ រួចលោតពីផ្ទះមួយ ទៅផ្ទះមួយទៀត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាឡោមព័ទ្ធជនសង្ស័យ។ ខណៈនោះជនសង្ស័យបានលោតចុះមកក្រោមវិញ ហើយរត់ចូលក្នុងឃ្លាំងមួយកន្លែងយក បានកាំបិតចំនួន២ កាន់នៅដៃ លុះ

ពេលក្រឡេកឃើញស្ត្រីម្នាក់កំពុងដេកជាមួយកូនក្នុងបន្ទប់ស្នាក់នៅក្នងឃ្លាំងនោះ ជនសង្ស័យក៏រត់ចូលទៅប៉ុនប៉ងកាប់ស្ត្រីម្នាក់នោះ តែត្រូវបានអ្នកជិត ខាងចូលទៅជួយទាន់ពេលវេលា បណ្តាលឱ្យត្រូវតែជើងបន្តិចបន្តួច

ប៉ុណ្ណោះ រីឯជនសង្ស័យត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឱ្យកម្លាំងសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យត្រូវបាននាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕