ភ្នំពេញ ៖ រថយន្តដឹកខ្សាច់ ១គ្រឿង បានរេចង្កូតបុកឡើងសួនច្បារខណ្ឌចែកទ្រូងផ្លូវជាតិលេខ៦ និងបុកបង្គោលស្លាកប៉ាណូ រលើងទាំងគ្រឹះ ហើយរថយន្តដាច់កង់មុខទាំង២ ទៅមុខលែងរួច តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរណាឡើយ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ស្ពានទី២ ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

រថយន្តដែលបង្កគ្រោះថ្នាក់ ម៉ាកនីស្សាន់ យូឌី ដឹកខ្សាច់ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-0703 បើកបរដោយបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណឡើយ។

សាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកខ្សាច់មួយគ្រឿងខាងលើ បានធ្វើដំណើរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើង ទៅត្បូង សំដៅចូលរាជធានីភ្នំពេញ។ នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ

ក៏បានរេចង្កូតទៅឆ្វេងដៃ ជ្រុលបុកឡើងសួនច្បារខណ្ឌចែកទ្រូងផ្លូវ និងបុកស្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម រលើងទាំងគ្រឹះ ហើយរថយន្តដាច់កង់មុខទាំង២ ទៅមុខលែងរួច។

បន្ទាប់ពីបង្កគ្រោះថ្នាក់ អ្នកបើកបរ ត្រូវបាននគរបាលឃាត់ខ្លួន។ រថយន្តត្រូវបាននគរបាលចុះទៅវាស់វែងស្ទូចបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណៈ។ ប៉ុន្តែរហូតដល់ម៉ោង ៨យប់ហើយ នៅមិនទាន់រួចរាល់ និងបានបង្កការកកស្ទះនៅចំណុចកើតហេតុផងដែរ៕