ខេត្តបាត់ដំបង ៖ បុរសចំនួន៣នាក់ បាននាំគ្នាដើរចាប់កង្កែប នៅក្នុងចម្ការដំឡូងមួយកន្លែង ស្រាប់តែត្រូវស្ត្រីជាម្ចាស់ចម្ការ បានប្រើឱ្យកម្មករចំនួន ១០នាក់ ចាប់ចងវាយដំធ្វើទារុណកម្ម បណ្តាលឱ្យរងរបួសធ្ងន់ ខ្លះប៉ោងមុខ ខ្លះបាក់ឆ្អឹងជំនីរ លុះក្រោយមកក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនជនដៃដល់បានចំនួន២នាក់ ខណៈដែលស្ត្រីចំណាស់ជាមេខ្លោង រួមនិងបក្ខពួកជនដៃដល់ផ្សេងទៀត បាននាំគ្នារត់គេចបាត់អស់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចចំបក់ក្អែ ភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្នុងករណីនេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត រួមនិងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួល នីតិវិធីពីលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាន ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ទី១-ឈ្មោះឆាន់ ឆាង ភេទប្រុស អាយុ៣៩ឆ្នាំ និងទី២-ឈ្មោះឆាន់ ឆូន ភេទប្រុស អាយុ៣៦ឆ្នាំ អ្នកទាំងពីរមានលំនៅ ភូមិកុយវែង ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ចំណែកបក្ខពួក ៨នាក់ទៀត ក្នុងនោះមានឈ្មោះចាន់ ហឿ ហៅយាយម៉ៅ ជាមេខ្លោងផង បានរត់គេចខ្លួនបាត់អស់។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យខាងលើដែលមានគ្នា ១០នាក់ បានធ្វើសកម្មភាពចាប់ជនរងគ្រោះចងនឹងខ្សែអង្រឹង រួចវាយធ្វើទារុណកម្ម ខណៈជនរងគ្រោះទាំង៣នាក់ កំពុងដើរចាប់កង្កែបនៅក្នុងចម្ការដំឡូង។ ជនរងគ្រោះ ទាំង៣នាក់ រួមមាន ទី១-ឈ្មោះសង ស៊ន ភេទប្រុស អាយុ៤៨ឆ្នាំ។ ទី២-ឈ្មោះផល និត អាយុ៣៤ឆ្នាំ មានលំនៅ ភូមិសាច់ហាប់ ឃុំព្រះផុស ស្រុកគាស់ក្រឡ (របួសបាក់ឆ្អឹងជំនីខាងស្តាំ) និងទី៣-ឈ្មោះវ៉ែន ប៊ុនថា ភេទប្រុស អាយុ៤០ឆ្នាំ មានលំនៅ ភូមិអម្ពិលប្រាំដើម ឃុំអម្ពិលប្រាំដើម ស្រុកបវេល (របួសប៉ោងមុខ)។
ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលស្រុក រៀបចំកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕