ខេត្តបាត់ដំបង ៖ បុរសម្នាក់ ឆ្លៀតពេលប្រពន្ធរបស់ខ្លួនដេកលក់ ក៏បែកគំនិតធ្វើសកម្មភាពលបទៅសើយមុង ចាប់រំលោភប្អូនថ្លៃស្រីដែលជាអនីតិជន រហូតដល់បានសម្រេច លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង១៥នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់។ រហូតមកដល់វេលាម៉ោង ២និង១៥នាទីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ នាំយកទៅសាកសួរ។

ជនសង្ស័យដែលចាប់រំលោភប្អូនថ្លៃស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះឈិន ឆង ហៅតាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ មានលំនៅ ចំណុចភ្នំខ្ពស់ ភូមិតាង៉ែនឃុំ តាគ្រាម ស្រុកបាណន់។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ភ.ដ អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជាមួយគ្នា។
លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានឲ្យដឹងថា នៅវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះឈិន ឆង ហៅតាង ក្នុងករណីរំលោភសេពសន្ថវៈលើប្អូនថ្លៃជាអនីតិជន អាយុក្រោម១៥ឆ្នាំ។
លោកអធិការបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភក្មេងស្រីរងគ្រោះ ដែលត្រូវជាប្អូនថ្លៃ នៅក្នុងផ្ទះរបស់ខ្លួន រហូតដល់បានសម្រេចប្រាកដមែន កាលពីវេលាម៉ោង ១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុក រៀបចំកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕ vgb mnj vb