Saturday, June 28, 2025
Homeសន្ដិសុខសង្គមកូនប្រុសដួសបាយស៊ី ខឹងឪឃាត់ ទាញដាវដេញកាប់

កូនប្រុសដួសបាយស៊ី ខឹងឪឃាត់ ទាញដាវដេញកាប់

ខេត្តកណ្តាល ៖ កូនប្រុសចិត្តតិរច្ឆានម្នាក់ ទើបនឹងត្រឡប់មកពីជក់ថ្នាំញៀនវិញ ចូលដល់ផ្ទះ ឃ្លានបាយ ក៏ដើរចូលទៅបើកឆ្នាំង ដួសបាយ តែដោយបាយមិនទាន់ឆ្អិន ទើបឪពុកឃាត់ ស្រាប់តែកូនប្រុសចិត្តកំណាច ឆេះឆួលកំហឹង ស្ទុះទាញដាវដេញកាប់ឪពុកបង្កើតខ្លួនឯង ទាំងកំរោល តែសំណាងល្អ ឪពុករត់គេចទាន់ ធ្វើឱ្យកូនប្រុសមួម៉ៅក្តៅចិត្ត គំរាមសម្លាប់ឪពុកថែមទៀត ជាហេតុធ្វើឱ្យបុរសជាឪពុកភ័យ ក៏បានប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនកូនប្រុសកំណាច យកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ និងគំរាមសម្លាប់ឪពុកបង្កើតខ្លួនឯងនេះ បានកើតឡើង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។

មន្ត្រីនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនរងគ្រោះជាឪពុក ដែលត្រូវកូនប្រុសបង្កើតដេញកាប់និងគំរាមសម្លាប់នោះ មានឈ្មោះ សុង ម៉ាច ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកម្មករ។ ចំណែកជនសង្ស័យជាកូនប្រុសចិត្តកំណាចដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះម៉ាច ម៉ឺន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ។ ជនរងគ្រោះ និងជនសង្ស័យ ទាំង២នាក់ឪពុកកូន មានលំនៅក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។ ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យក រួមមាន ដាវដងដែក ចំនួន១ដើម ប្រវែង ៦០សង់ទីម៉ែត្រ (ជារបស់ជនសង្ស័យ)។

ប្រភពដដែល បន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាឪពុក កំពុងនៅផ្ទះដាំបាយធ្វើម្ហូប ពេលនោះជនសង្ស័យជាមនុស្សញៀនថ្នាំ ទើបនឹងមកពីជក់ថ្នាំវិញ បានចូលមកបើកឆ្នាំងរកដួសបាយ។ ឃើញដូច្នេះ ជនរងគ្រោះជាឪពុកបានស្រែកប្រាប់ថា បាយមិនទាន់ឆ្អិនទេ ប្រញាប់ស៊ីម៉្លេះ! គ្រាន់តែឮដូច្នេះ ជនសង្ស័យជាកូនប្រុស ស្រាប់តែឆេះឆួលកំហឹង ក៏បានទាញដាវដងដែក កាន់ជាប់ដៃ រួចដេញកាប់ឪពុកបង្កើតរបស់ខ្លួនទាំងកំរោល ធ្វើឱ្យបុរសរងគ្រោះជាឪពុកភ័យ បានចាប់ទាញកាំបិតផ្គាក់កាន់ជាប់ដៃដែរ ដើម្បីការពារខ្លួន។

លុះក្រោយពីដេញកាប់ឪពុកមិនបានតាមបំណង ជនសង្ស័យជាកូនប្រុសរូបនេះ បានស្រែកគំរាមថា នឹងសម្លាប់ឪពុកឱ្យបាន ជាហេតុធ្វើឱ្យបុរសរងគ្រោះជាឪពុកភ័យ ក៏ស្រែកហៅបងប្អូនឱ្យមកជួយ និងប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ឱ្យឃាត់ខ្លួនកូនប្រុសកំណាចខាងលើ នាំយកទៅសាកសួរនៅប៉ុស្តិ៍។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES