Saturday, June 28, 2025
Homeសន្ដិសុខសង្គមប្តីខឹងប្រពន្ធ ចាប់មួលកកូនស្រី

ប្តីខឹងប្រពន្ធ ចាប់មួលកកូនស្រី

ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ម្នាក់ បានចេញទៅផឹកស៊ីរហូតដល់ស្រវឹងជោក លុះត្រឡប់មកដល់ផ្ទះវិញ ក៏រករឿងឈ្លោះប្រកែកជាមួយប្រពន្ធយ៉ាងខ្លាំង រហូតដល់ឆេះឆួលកំហឹងទប់មិនជាប់ បែរជាស្ទុះទៅចាប់មួលកកូនស្រីតូចដែលទើបនឹងមានអាយុ ២ខួប បំណងសម្លាប់ តែត្រូវស្ត្រីជាប្រពន្ធជួយឃាត់ទាន់ ។

ករណីអំពើហិង្សាក្នុងគ្រួសារ ឪពុកមួលកកូនស្រី បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្ទះលើផ្ទៃទឹក ស្ថិតនៅភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង។

ជនសង្ស័យដៃដល់ដែលមួលកកូនស្រី ២ខួប និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះម៉ឺយ ទក ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្តៀង។ ចំណែកក្មេងស្រីរងគ្រោះ ដែលត្រូវជាកូនស្រីបង្កើតរបស់ជនសង្ស័យ មានឈ្មោះ ទក តូច អាយុ២ឆ្នាំ បច្ចុប្បន្នកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះម៉ឺយ ទក បានចេញទៅផឹកស៊ីជាមួយមិត្តភក្តិ នៅក្នុងភូមិ តាំងពីព្រឹក រហូតដល់ស្រវឹងធ្លាក់ភ្នែក ទើបត្រឡប់មកផ្ទះវិញ។ លុះមកដល់ផ្ទះ ជនសង្ស័យក៏បានស្រែកឡូឡា រករឿងជេរបញ្ចោរ និងឈ្លោះប្រកែកជាមួយប្រពន្ធយ៉ាងខ្លាំង ស្រាប់តែរំពេចនោះ ជនសង្ស័យក៏បានស្ទុះទៅចាប់កូនស្រីដែលទើបនឹងមានអាយុ២ខួប មួលក បំណងសម្លាប់ចោល តែសំណាងល្អ ត្រូវបានស្ត្រីជាប្រពន្ធស្ទុះទៅជួយឃាត់ទាន់ ទើបគ្រាន់តែរងរបួសធ្ងន់ប៉ុណ្ណោះ។

ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ បន្ទាប់មក សមត្ថកិច្ចក៏បានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនដៃដល់ជាឪពុកនាំយកទៅសាកសួរ។

ជនសង្ស័យជាឪពុក ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES