Saturday, June 28, 2025
Homeសន្ដិសុខសង្គមផឹកស៊ីក្លែមសម្តី ៧វ៉ៃកាប់ចាក់៥ ដេកពេទ្យ១ ជាប់ខ្នោះ២

ផឹកស៊ីក្លែមសម្តី ៧វ៉ៃកាប់ចាក់៥ ដេកពេទ្យ១ ជាប់ខ្នោះ២

ភ្នំពេញ ៖ ក្មេងស្ទាវឈាមរាវចំនួន ២ក្រុម បានជួបជុំគ្នាផឹកស៊ីរៀងៗខ្លួន នៅមុខផ្ទះជួលក្បែរគ្នា លុះស្រវឹងធ្លាក់ភ្នែក ក៏ចេះតែស្រែកឌឺដងដាក់គ្នាទៅវិញទៅមក រហូតផ្ទុះជាជម្លោះហិង្សា ដោយភាគីម្ខាងមានគ្នា ៧នាក់ ប្រដាប់ដោយដំបង ពូថៅ កាំបិត បានស្ទុះចូលមកវាយតប់ កាប់ចាក់ទៅលើក្រុមគូទំនាស់ដែលមានគ្នា ៥នាក់ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ បន្ទាប់មក ក៏វាយកម្ទេចម៉ូតូគូទំនាស់ ចំនួន ៣គ្រឿងទៀត ទីបំផុតត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ចាប់វាយខ្នោះបាន ២នាក់ ខណៈដែលបក្ខពួកផ្សេងទៀត រត់គេចបាត់អស់។

 ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះគ្មានលេខ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ជនសង្ស័យទាំង ២នាក់ ដែលត្រូវឃាត់ខ្លួននោះ ទី១-ឈ្មោះកុយ ទិត ភេទប្រុស អាយុ២២ឆ្នាំ កម្មកររោងការ ស្នាក់នៅភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ និងទី២-ឈ្មោះឃុត រុន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ រីឯបក្ខពួក ៥នាក់ទៀត មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនអស់។

ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ មានឈ្មោះស្វាយ ថៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ រីឯមិត្តភក្តិ ៤នាក់ទៀត រួមមាន ៖ ទី១-ឈ្មោះសឿន សុខវិសាល ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ទី២-ឈ្មោះសឿន សំបូរមី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅក្នុងភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ដោយឡែក២នាក់ទៀត មិនស្គាល់អត្តសញ្ញាណ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ភាគីជនរងគ្រោះមានគ្នា ៥នាក់ បានអង្គុយហូបចុកលេងនៅមុខផ្ទះធម្មតា។ ស្របពេលជាមួយគ្នានោះ ក៏មានមនុស្សមួយក្រុមទៀត (ភាគីបង្កហេតុ មានគ្នា៧នាក់) ក៏បានអង្គុយផឹកស៊ីនៅក្បែរនោះដែរ លុះស្រវឹងរៀងខ្លួន ក៏កើតជាការផ្លែផ្កាសម្តីឌឺដងដាក់គ្នា រហូតធ្វេឱ្យភាគីបង្កហេតុដែលមានគ្នា ៧នាក់ បាននាំគ្នាយកដំបងឈើ ពូថៅ និងកាំបិតប៉័ងតោ ធ្វើសកម្មភាពវាយនិងកាប់ប្រហារទៅលើក្រុមជនរងគ្រោះ បណ្តាលឱ្យរបួសធ្ងន់ម្នាក់ ខណៈ៤នាក់ទៀត មិនបានរងរបួស (រត់គេចទាន់)។

ក្រោយប្រើហិង្សាលើជនរងគ្រោះរួច ក្រុមភាគីខាងបង្កហេតុ បានធ្វើសកម្មភាពកាប់កម្ទេចម៉ូតូរបស់ក្រុមជនរងគ្រោះ ចំនួន៣គ្រឿង បណ្តាលឱ្យរងការខូចខាតផងដែរ។

ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ដល់ទីតាំង និងបានឃាត់ខ្លួនក្រុមជនបង្កហេតុ បានចំនួន២នាក់ ខណៈបក្ខពួក ៥នាក់ទៀត បានរត់គេចខ្លួន មុនពេលសមត្ថកិច្ចទៅដល់។ ដោយឡែក ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបក្ខពួកដឹកបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ។

ជនសង្ស័យ ទាំង ២នាក់ ត្រូវឃុំខ្លួនបណ្តោះអាសន្ន នៅប៉ុស្តិ៍រដ្ឋបាលនគរបាលច្បារអំពៅ២ រង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមនីតិវិធី។ ដោយឡែក បក្ខពួកជនសង្ស័យ ៥នាក់ទៀត សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវបន្ត ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES