Saturday, June 28, 2025
Homeសន្ដិសុខសង្គមភ្ញៀវស្តាប់មិនច្បាស់ វ៉ៃខាំស្លឹកត្រចៀកសន្តិសុខ

ភ្ញៀវស្តាប់មិនច្បាស់ វ៉ៃខាំស្លឹកត្រចៀកសន្តិសុខ

ភ្នំពេញ ៖ បុរសជាសន្តិសុខយាមប្រចាំការនៅម៉ាតម្នាក់ ឃើញបុរសជាភ្ញៀវម្នាក់ ដើរចូលទីតាំងហាមឃាត់ ក៏ស្រែកឃាត់ ប្រាប់កុំឱ្យចូល ព្រោះខ្លាចគេចោទថាចោរ បែរជាភ្ញៀវស្តាប់ឮថាសន្តិសុខចោទខ្លួនថាជាចោរ ក៏ផ្ទុះកំហឹង រករឿងឈ្លោះ និងវាយខាំស្លឹកត្រចៀកសន្តិសុខរូបនោះ បណ្តាលឱ្យរងរបួស ធ្វើឱ្យសន្តិសុខអត់ទ្រាំមិនបាន ក៏តដៃវាយគ្នាទៅវិញទៅមកផ្អើលពេញមុខម៉ាតមួយកន្លែង។

ហេតុការណ៍ហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចម៉ាតមួយកន្លែង ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន ។

យោងតាមប្រភពព័ត៌មានពីបុរសជាភ្ញៀវ បានឱ្យដឹងថា គាត់បានស្គាល់បុរសដែលជាសន្តិសុខយាមម៉ាតខាងលើនេះយូរមកហើយ កន្លងមក ក្រោយពីទិញទំនិញក្នុងម៉ាតខាងលើ គាត់តែងតែឱ្យលុយធីបចំនួន ១ពាន់រៀល ទៅកាន់សន្តិសុខរូបនោះ ប៉ុន្តែយប់នេះ គាត់មិនបានឱ្យធីប ត្រឹមតែម្តងសោះ បែរជាត្រូវសន្តិសុខខាងលើ ចោទគាត់ថាជាចោរទៅវិញ។

ចំណែកបុរសជាសន្តិសុខយាមម៉ាតខាងលើនេះ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានយាមកាមនៅមុខទីតាំងម៉ាតខាងលើជាធម្មតា ស្រាប់តែវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ក៏បានឃើញបុរសជាភ្ញៀវ បានចេញពីម៉ាត រួចដើរទៅកាន់ទីតាំងឯកជនមួយកន្លែង ជារបស់ម៉ាត ព្រមទាំងបានរុញទ្វារបម្រុងចូលទីនោះ។

ប្រភពដដែល បានបន្តថា ភ្លាមៗនោះ គាត់ក៏បានហាមឃាត់បុរសខាងលើ ដោយនិយាយថា “បងអើយ បងឯងកុំចូលទីនោះ ប្រយ័ត្នគេចោទថាយើងជាចោរ”។ និយាយរួច បុរសជាភ្ញៀវខាងលើ បានខឹងសម្បាមកលើគាត់ព្រមទាំង ប្រើហិង្សាដាក់រូបគាត់តែម្តង ដោយវាយផង ខាំស្លឹកត្រចៀកគាត់ផង។

គួរបញ្ជាក់ផងដែរថា ដោយសារតែការស្តាប់ឮមិនច្បាស់ ធ្វើឱ្យបុគ្គលទាំងពីរនាក់ទាស់សម្តីគ្នា ដោយបុរសជាភ្ញៀវបានវាយទៅលើសន្តិសុខ និងខាំត្រចៀក ទើបធ្វើឱ្យកើតមានការប្រវាយប្រតប់គ្នាផ្អើលពេញមុខម៉ាត ទោះបីជាមានកម្លាំងសមត្ថកិច្ច និងអាវុធហត្ថចុះមក អន្តរាគមន៍ហាមឃាត់ក៏មិនស្តាប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនទាំងបុរសជាសន្តិសុខ និងភ្ញៀវខាងលើទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដើម្បីធ្វើការដោះស្រាយគ្នាតាមនីតិវិធី៕

RELATED ARTICLES