ខេត្តកែប ៖ រថយន្តនីស្សាន់ ១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿនដូចហោះ លុះមកដល់ត្រង់ចំណុចផ្លូវកោងមិនបន្ថយល្បឿន ក៏ជ្រុលទៅបុកម៉ូតូ ១គ្រឿង បណ្តាលឱ្យបុរសជាអ្នកជិះម៉ូតូ ២នាក់ ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែករថយន្តនីស្សាន់ មិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុករថយន្តធុនធំ ប្រភេទសណ្តោង ១គ្រឿងទៀត បណ្តាលឱ្យកៀបជាប់តៃកុងស្លាប់ក្នុងកាប៊ីនរថយន្តគួរឱ្យរន្ធត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នៅលើដងផ្លូវជាតិលេខ៣៣ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥-១៦ ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប។

ជនរងគ្រោះជាអ្នកជិះម៉ូតូទាំង២នាក់ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើ ទី១-ឈ្មោះហុង វណ្ណា អាយុ៤៦ឆ្នាំ មានលំនៅភូមិកោះផ្តៅ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត និងទី២-ឈ្មោះម៉ៅ ញ៉េប ភេទប្រុស អាយុ៦៩ឆ្នាំ មានលំនៅ ភូមិអូរច្រនៀងឃុំកំពង់ត្រាចខាងលិច ស្រុកំពង់ត្រាច ខេត្តកំពត។ ចំណែកអ្នកបើកបររថយន្តនីសាន់ ដែលកៀបជាប់ចង្កូតស្លាប់ក្នុងកាប៊ីនរថយន្តរបស់ខ្លួន មានឈ្មោះឈី វិសិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅ ភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ។

លោកឧត្តមសេនីយ៍ត្រី ហ៊ឹម ចន្ធូ ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ នៃស្នងការដ្ឋានខេត្តកែប មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកនីស្សាន់ បានបើកមកពីទិសខាងកើតក្នុងល្បឿនយ៉ាងលឿន ស្របនឹងស្ថានភាពផ្លូវកោងផង ក៏ជ្រុលទៅបុកម៉ូតូ ដែលបើកបរ បញ្ច្រាសទិសគ្នា ត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធនៈតេលា បណ្តាលឱ្យបុរសពីរនាក់ ស្លាប់នៅនឹងកន្លែង។

លោកស្នងការរង បានបន្តថា ដោយសារមិនទាន់អស់ល្បឿន រថយន្តនីសាន់ បានបន្តបុកចំពីមុខរថយន្តសណ្តោង ១គ្រឿងទៀត បណ្តាលឱ្យកៀបខ្លួនតៃកុងជាប់នឹងដៃចង្កូត ស្លាប់ក្នុងកាប៊ីនរថយន្តភ្លាមៗតែម្តង។ ខណៈនោះ អ្នកបើកបររថយន្តសណ្តោង ក៏បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយកម៉ូតូ និងរថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកែប ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕