ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញទើបនឹងចុះមកពីរថយន្តតាក់ស៊ី ១គ្រឿង រួចក៏កើតមានអាការប្រកាច់ បែកពពុះមាត់ សន្លប់បាត់ស្មារតីនៅខាងក្រៅរបងវត្តប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ធ្វើឱ្យមានការភ្ញាក់ផ្អើល និងសង្ស័យថា ត្រូវថ្នាំសណ្តំ លុះក្រោយពីអាជ្ញាធរបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រហូតដឹងខ្លួន សួរនាំ ទើបដឹងថា ស្ត្រីរូបនេះគឺជាមនុស្សមានស្មារតីមិនប្រក្រតី និងមានជំងឺឆ្កួតជ្រូក ប្រចាំកាយទៀតផង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំណុចរបងវត្តប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយស្ត្រីម្នាក់ ក្រោយពេលចុះពីលើរថយន្តតាក់ស៊ី ក៏កើតមានអាការប្រកាច់ បែកពពុះមាត់ រួចសន្លប់បាត់មាត់ឈឹង ធ្វើឱ្យមានការសង្ស័យថា ស្ត្រីរូបនេះ ទំនងជាត្រូវថ្នាំសណ្តំរបស់គេ។

ប្រភពដដែល បន្តថា លុះក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ៃលិន សហការជាមួយក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាល បានចុះទៅជួយសង្គ្រោះ ដោយនាំនារីខាងលើយកទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ បន្ទាប់ពីបានជួយសង្គ្រោះរួច នារីខាងលើឱ្យបានដឹងខ្លួនឡើងវិញ ហើយសមត្ថកិច្ចក៏បានសួរនាំ ទើបដឹងថា នាងមានឈ្មោះម៉ៅ ង៉ា អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែអូរ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ប្រភពបន្ត ទៀតថា បើតាមការបញ្ជាក់របស់នារីខាងលើ គឺនាងបានឆ្លើយប្រាប់សមត្ថកិច្ចថា នាងបានជួលតាក់ស៊ីជិះចេញដំណើរពីខេត្តសៀមរាប ឆ្ពោះចូលមកក្នុងទឹកដីខេត្តប៉ៃលិន ដោយក្នុងគោលបំណងមកស៊ីឈ្នួលធ្វើជាកម្មករដកនិងដាំដំឡូងមី ដាំនិងកាច់ពោត ដោយនាងបានជិះរថយន្តមកឈប់នៅខេត្តបាត់ដំបង ហើយបន្ទាប់មកក៏បន្តដំណើរជិះតាក់ស៊ីពីខេត្តបាត់ដំបង ឆ្ពោះមកកាន់ខេត្តប៉ៃលិន។

ប៉ុន្តែក្រោយពីពិនិត្យនិងស្ទង់មើលទៅលើការនិយាយស្តីរបស់នាង ទើបដឹងថា នារីខាងលើនាងមិនមានសាច់ញាតិបងប្អូននៅក្នុងខេត្តប៉ៃលិន នោះទេ ហើយពេលដែលនាងធ្វើដំណើរមកដល់ខេត្តប៉ៃលិន នាងបានប្រាប់ឱ្យតាក់ស៊ីឈប់ចុះនៅនឹងវត្តប៉ាហ៊ី ស្រាប់តែមានអាការ ជំងឺរើឡើង (ឆ្កួតជ្រូក) ទើបបណ្តាលឱ្យនាងបាត់បង់ស្មារតី រហូតដួលសន្លប់នៅក្រៅរបងវត្តតែម្តង។

តាមពិតទៅ គ្មាននរណាម្នាក់ដាក់ថ្នាំសណ្តំ ឬថ្នាំពុល ដើម្បីយករបស់របរអ្វីពីលើខ្លួននាងនោះឡើយ ពោលគឺនាងគ្មានរបស់អ្វីសំខាន់នៅជាប់នឹងខ្លួនទេ។
បច្ចុប្បន្ននារីខាងលើ កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ហើយកម្លាំងសមត្ថកិច្ច ពុំទាន់អាចទាក់ទងរកសាច់ញាតិបងប្អូននារីខាងលើឃើញនៅឡើយទេ ដោយកំពុងតែទំនាក់ទំនងបន្តទៀត៕