ភ្នំពេញ៖ តារាចម្រៀងថោន សាច់សខ្ចីចូលចិត្តតែងខ្លួនសិចស៊ី បញ្ចេញសាច់ដើមទ្រូងមូលក្បំគូឲ្យក្នក់ក្នាញ់ កញ្ញា រតនៈ ពិសី បានចេញមុខប្រកាសច្បាស់ៗប្រាប់ដល់Fan ទាំងឡាយថា នៅពេលនេះនាងសុំផ្អាកសកម្មភាពសិល្បៈមួយរយៈធំសិនហើយនិងមិនដឹងថា ត្រូវបន្តសកម្មភាពនៅថ្ងៃណាវិញនោះទេ ខណៈដែលនាងចង់យកពេលវេលាទាំងនេះ ដើម្បីទៅពង្រឹងមុខជំនួញវិញម្ដង។ តារាចម្រៀងមានដើមទ្រូងទ្រលុកទ្រលន់ រតនៈ ពិសី បានថ្លែងប្រាប់ អ្នកសារព័តមានកាលពីពេលថ្មីៗនេះថានាងបានចេញនូវបទចម្រៀងមួយបទ ជាចង្វាក់ញាក់ មានចំណងជើងថា «ប្រាប់ចេ» ស្របពេលដែលបន្ទាប់ពីបទចម្រៀងនេះ ចេញជាសាធារណៈរួចហើយ គឺនាងនឹងផ្អាកសកម្មភាពសិល្បៈមួយរយៈធំ។
ការតាំងចិត្តគូឲ្យភ្ញាក់ផ្អើលបែបនេះ គឺដោយសារតែនាង ហាក់កំពុងតែជាប់ដៃនឹងការងាររកស៊ីលើជំនួញច្រើនមុខ ព្រោះនាងត្រូវមើលការខុសត្រូវលើហាងស្ប៉ា លក់ផលិតផលមកពីអាមេរិកដោយខ្លួនឯង និងកំពុងតែត្រៀមបើកហាងថ្មីបន្ថែមមួយទៀតនាពេលខាងមុខ។ រតនៈ ពិសី និយាយប្រាប់អ្នកកាសែតថាការផ្អាកសកម្មភាពសិល្បៈនេះ មិនមែនមានន័យថា នាងឈប់ទាំងស្រុងនោះទេ គឺនាងគ្រាន់តែផ្អាកមួយរយៈសិន ព្រោះបច្ចុប្បន្ននាងជាប់រវល់មើលការខុសត្រូវ លើជំនួញ ហើយនៅពេលខាងមុននេះនាងត្រូវបើកហាងថ្មីមួយទៀត ដែលធ្វើឲ្យកាន់តែខើចពេលវេលា ជាមួយនឹងការងារសិល្បៈ។ តែមុននឹងសម្រាកនាងក៏មានចំណងដៃ បទចម្រៀងថ្មីមួយបទដែរ ជូនដល់អ្នកគាំទ្រនិងបងប្អូនទាំងអស់ស្ដាប់ និងទស្សនា។ បទចម្រៀងថ្មីរបស់ស្រីស្អាតរតនៈ ពិសី មានចំណងជើងថា «ប្រាប់ចេ» ត្រូវបានតារាចម្រៀងថោនរូបនេះ បញ្ជាក់ថា បទនេះគ្រាន់តែចេញមកភ្លាម គឺមានទាំងអ្នកសរសើរ និងអ្នករិះគន់ ហើយក៏មានអ្នកចូលទស្សនាច្រើនផងដែរ នៅលើឆានែល Top Music ដែលជាឆានែលទើបបង្កើតថ្មី តែកំពុងមានអ្នកចាប់អារម្មណ៍ចូលទស្សនាយ៉ាងច្រើន។ ពិសី បន្តថា ទោះបីបទចម្រៀងរបស់នាង មានអ្នករិះគន់ច្រើន ប៉ុន្តែនាងសប្បាយចិត្ត និងខិតខំកែតម្រូវឲ្យបានល្អប្រសើរបន្ថែមទៀត ពេលមានឱកាសចេញបទលើកក្រោយៗទៀត ហើយនាងស្វាគមន៏ជានិច្ចសម្រាប់អ្នករិះគន់ដើម្បីស្ថាបនា។
គូរបញ្ជាក់ថា តារាចម្រៀង រតនៈ ពិសី ធ្លាប់ត្រូវបានអ្នករៀបចំកម្មវិធីជ្រើសរើស ជាតារាចម្រៀងតំណាងប្រទេសកម្ពុជា ក្នុងការសម្ដែងសិល្បៈទ្រង់ទ្រាយធំ ប្រចាំឆ្នាំ ដែលមានឈ្មោះថា «ASEAN-China TV Drama Week» ដែលបានធ្វើឡើងនៅក្នុងប្រទេសចិន កាលពីពេលកន្លងទៅផងដែរ។ លើសពីនេះ នាងក៏ធ្លាប់បានចេញទៅសម្តែង និងច្រៀងរយៈពេល៣ខែ នៅប្រទេសអូស្ត្រាលី។ បច្ចប្បន្ននេះ រតនៈ ពិសី កំពុងត្រៀមបើកជំនួញបន្ថែមទៀតបន្ទាប់ពីហាងស្ប៉ានៅក្បែរផ្សារអូឡាំពិក កំពុងតំណើរការល្អ។ ពាក់ព័ន្ធសម្រាប់រឿងរ៉ាវស្នេហា ជាមួយនឹងគូស្នេហ៏របស់នាង ដែលជាអាណិកជនខ្មែររស់នៅអាមេរិកនោះ ហាក់បីដូចជាបាត់ដំណឹងសូន្យឈឹងតែម្ដង តាំងពីផ្ទុះកូវីដមកម្លេះ។ តែមុខជំនួញរកស៊ីរបស់នាង ក្នុងការនាំផលិតផលមកពីសហរដ្ឋអាមេរិក គឺត្រូវបានគេដឹងថា មានការសម្របសម្រួលពីគូស្នេហ៍ទើបការងារនេះប្រព្រឹត្តិទៅដោយរលូន និងស្របច្បាប់ទាំងអស់៕