ភ្នំពេញ៖តារាសម្លេងស្រាលនាងមាន សូនីតា បានប្រាប់កាលពីថ្ងៃទី២៦ខែមីនា ថាក្នុង១ឆ្នាំនាងទទួលថតភាពយន្ដតែ១រឿងប៉ុណ្ណោះ ដើម្បីកុំឲ្យគេភ្លេចមុខនាង ហើយម្យាងទៀតនាងចង់យកពេលវេលានៅសល់មកធ្វើជំនួញផ្ទាល់ខ្លួន ពិសេសនាងថាបើថតសម្រុកពេកអាចបាក់សម្រស់ហេតុនេះហើយយូៗទើបឃើញនាងថតរឿងថ្មី១។តែថ្មីៗនេះនាងថាទើបថតចប់រឿងមួយឲ្យទូរទស្សន៍ហង្សមាសផងដែរ ហើយមិនទាន់ទទួលថតរឿងថ្មីទៀតឡើយ ខណៈដែលMV វិញនាងថតបទណាលុះត្រាតែរូបនាងស្រលាញ់ទៅលើបទនោះដែរទើបOk។នីតា បន្ថែមថាសម្រាប់ពេលវេលាទំនេរពីការងារសិល្បៈនាងយកពេលមកគិតគូរកស៊ីផ្ទាល់ខ្លួន ដូចជាពេលនេះនាងមានហាងកាហ្វេ នៅក្បែរផ្សារទួលទំពួង រួមទាំងហាងក្រម៉ា និងបន្ថែមការកាត់ដេម៉ូដគ្រប់យ៉ាងនៅក្នុងនោះដែរ ខណៈដែលបច្ចុប្បន្ននាងក៍ទើបបានលូកដៃចូលទៅក្នុងវិស័យCosmetics ព្រោះស្រលាញ់មុខរបរនេះជាយូមកហើយតែការទើបចេញរកស៊ីផ្នែកនេះព្រោះតែពីមុននាងគ្មានបទពិសោធន៍ជាមួយអាជីវកម្មមួយនេះ។ប៉ុន្ដែស្រីស្រស់នីតា ថាទោះជាមើលទៅនាងហាក់មមាញឹកអាជីវកម្មផ្ទាល់ខ្លួនយ៉ាងណាក៍ដោយតែនាងមានការកំណត់ជាក់លាក់ផ្ទាល់ខ្លួនថាក្នុង១ឆ្នាំ ត្រូវតែដើរលេងនៅក្រៅស្រុកម្ដងដើម្បីលំហែអារម្មណ៍ហើយនាងជ្រើសយកពេលវេលាសប្បាយៗជារៀងរាល់ចុងឆ្នាំ។អតីតFreshie Girl រូបនេះក៍បានឲ្យដឹងថាសម្រាប់ប្រទេសនៅតំបន់អាស៊ីនាងបានដើរលេងស្ទើតែគ្រប់ប្រទេសអស់ទៅហើយ តែនៅខាងប៉ែកអ៊ឺរ៉ុបនាងធ្លាប់បានទៅដូចជាអ៊ីតាលី,ស្វីស,ហ្វាំងឡង់ និងបារាំងជាដើម។
ឆ្លើយតបសំណួរថាតើមាន សូនីតា ចង់បានគូស្នេហ៍ជាបុរសនៅក្រៅប្រទេសឬបានជានាងចូលចិត្តទៅលំហែកាយ៉ានៅក្រៅស្រុកជាញឹកញាប់នោះត្រូវបាននាងវាចាថាគ្មានបំណងជ្រើសស្វាមីជាអាណិកជននោះទេ ព្រោះពេលនេះនាងបានមើលឃើញពីអ្នកនៅក្នុងស្រុកទៅហើយ តែកំពុងតែបន្ដតាមដានមើលចិត្តថ្លើមគ្នាឲ្យច្បាស់លាស់ជាងនេះសិន។នីតា ថែមទាំងនិយាយលេងបន្លំមែនថានាងអាចនឹងមានដំណឹងល្អ(រៀបការ)ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ប៉ុន្ដែនៅពេលសាកសួរពេលវេលាជាក់លាក់នៃការរៀបការនាងបែជានិយាយថាមិនទាន់អាចកំណត់បានទៅវិញ។យ៉ាងណានាងថាក្រោយពីបានដើរក្រៅស្រុកជាច្រើនប្រទេសនោះពេលនេះដល់ពេលវេលាដែលត្រូវគិតគូរឿងមានគ្រួសារដូចគេដែរហើយមិនអាចប្រើជីវិតនៅលីវច្រើនឆ្នាំទៀតទេ។តែនីតា មិនបង្ហើបថាបុរសដែលនាងចង់រៀបការជាមួយនោះជាអ្នកណានោះឡើយ ដោយគ្រាន់តែថាជាអ្នករស់នៅក្នុងស្រុកដែលមានន័យថានាងចង់សាងស្នេហ៍”ជួញជិត ប្រសើរជាងជួញឆ្ងាយ”។
សូមបញ្ជាក់ថាមាន សូនីតា ត្រូវបានគេចាត់ទុកថានាងស្ថិតក្នុងចំណោមតារាវ័យក្មេងដែលមានទ្រព្យច្រើនព្រោះរស់នៅផ្ទះវីឡារ និងជិះរថយន្ដទំនើបៗ ព្រមទាំងមានលុយបើកហាងធំៗជាបន្ដបន្ទាប់បើទោះជានាងមិនសូវសកម្មក្នុងការងារសិល្បៈក៍ដោយ។មុនសូនីតា បង្ហើបថាឃើញគេរៀបការចិត្តចង់តែរៀបការដែរនេះតារាស្រអែមស្រស់ខ្ពស់ស្រឡះដែលត្រូវជាក្មួយរបស់អ្នកនាងចន ច័ន្ទលក្ខិណា រូបនេះធ្លាប់មានព័តមានថានាងត្រូវមន្រ្ដីគយវ័យចំណាស់ទ្រព្យស្ដុកម្នាក់តាមស្នេហាជាច្រើនឆ្នាំមកហើយ។ប៉ុន្ដែនិតា មិនដែលហ៊ានបណ្ដើរបុរសណាជាចំហម្ដងណាឡើយទើបធ្វើឲ្យរឿងរ៉ាវស្នេហារបស់នាងស្ថិតនៅអាថ័កំបាំងអស់ជាច្រើនឆ្នាំ។ទោះជាយ៉ាងណាពេលនេះស្រីស្រស់បញ្ជាក់ច្បាស់ៗហើយថាអនាគតស្វាមីរបស់នាងគឺជាប្រុសនៅក្នងស្រុកមិនមែនបុរសជិះសេះសមកពីឯនាយសមុទ្រឡើយ។តែនីតា ព្យាយាមមិនបង្ហើបពីតម្រុយនៃគូស្នេហ៍នោះទេ ព្រោះតែនាងថាកំពុងមើលចិត្តគ្នានៅឡើយដែលមានន័យថាចំណងស្នេហារបស់ស្រីស្អាតរូបនេះអាចមិនទាន់មានភាពច្បាស់លាស់នោះទេ។
ក្រៅពីមាន សូនីតា តារាសាងស្នេហ៍មិនបើកចំហមានដូចជានាងឌួង ហ្សូរីដា,សុខ ពិសី,អ៊ីវ៉ា,រ៉ាប៊ី,តន់ ច័ន្ទសីម៉ា ,រ៉េត ស៊ូហ្សាណា និងបេប៊ី ជាដើម។មហាជនរងចាំមើលថាក្នុងចំណោមស្រីស្អាតខាងលើនេះតើម្នាក់ណាទៅនឹងក្លាហានហ៊ានរៀបការប្ដីជាចំហមុនគេ?