នៅមុនចូលឆ្នាំខ្មែរ២០២២នេះព្រាប សុវត្ថិ នៅមិនទាន់បញ្ចេញចម្រៀងប្រពៃណីណា១បទគូឲ្យចាប់អារម្មណ៍នោះទេ ប៉ុន្ដែលោកបែជាបង្ហាញសកម្មភាពងាកទៅរកស៊ីច្រើនជាងមុនដូចជាថ្មីៗនេះលោកសុវត្ថិ បើកក្រុមហ៊ុនលក់សាប៊ូម៉ាកផ្ទាល់ខ្លួនជាដើម ដែលមើលទៅសកម្មភាពរបស់លោកខុសកាលពីឈជើងនៅហង្សមាសព្រោះលោកស្នាយ តែងតែសម្រុកចេញបទថ្មីៗនៅមុនពិធីបុណ្យធំនេះ ហើយគ្រប់ច្រកល្ហកគេតែងតែបានឭបទរបស់លោក។តាមរយៈការងាកមកធ្វើជំនួញច្រើនជាងគិតលើការកស៊ីបែបនេះគេអាចសន្និដ្ឋានបានថាលោកសុវត្ថិ ផ្ដោតលើការរកស៊ីច្រើនជាងសិល្បៈ ហើយលោកហាក់មិនសូវក្វល់ទៅលើការចេញបទចម្រៀងរបស់តារាផ្សេងៗទៀតឡើយ។ប៉ុន្ដែនៅវ័យ៤៧ឆ្នាំនេះព្រាប សុវត្ថិ បានឆក់ឱកាសនេះតាមរយៈការបុកធ្វើជំនួញព្រមគ្នាដល់ទៅ៣នោះគឺទី១លក់ដីធ្លី ទី២ភោជនីយដ្ឋាន និងទី៣លក់សាប៊ូ ខណៈដែលហាងកាត់សក់របស់លោកបានតំណើរការជាច្រើនឆ្នាំមកហើយ។ដោយឡែកកូនប្រុសទាំង៣របស់លោកសុវត្ថិ គឺសុវត្ថិ មុនីវណ្ណ,សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ក៍បានទៅរកស៊ីជាមួយឪពុកព្រមគ្នាផងដែរ អំឡុងពេលដែលអាជីពចម្រៀងរបស់ពួកគេមិនសូវមានសន្ទុះខ្លាំងតាំងពីខកខានការសម្ដែងរួមគ្នាជាមួយលោកស្នាយ តាំងពីតារាហង្សមាសរូបនេះដើរចេញពីហង្សមាសជាង១ឆ្នាំមកនេះ។
ព្រាប សុវត្ថិ ត្រូវបានទស្សនិកជនចាត់ទុកថាជា”សេដ្ឋី”ម្នាក់ក្នុងសិល្បៈព្រោះមនុស្សជំនិតរបស់លោកធ្លាប់ទម្លាយកាលពីខែកញ្ញាឆ្នាំ២០២០ថាលោកសុវត្ថិ មានទ្រព្យសរុបចំនួន៣០លានដុល្លារក្រោយចាប់អាជីពចម្រៀងជាង២០ឆ្នាំមកនេះ។យ៉ាងណាអ្វីដែលគូរឲ្យកត់សម្គាល់លោកសុវត្ថិ ពេលនេះមិនទាន់ឡើងងារជាឧកញ៉ាដូចលោកទុំ សារុត ហៅនាយឃ្លោគ ,លាន អាហ្វ្រីលគីនីន និងខែម ប៊ុនថៃ ទៅវិញហើយលោកនៅតែបន្ដចេញច្រៀងសម្ដែងតាមកម្មវិធីមង្គលការ និងសម្ពោធផលិតផលនានាដដែល។
អ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់ប្រាប់ថាព្រាប សុវត្ថិ ចេញពីហង្សមាសចូលGalaxy នេះលោកមិនធ្លាក់ទេ ហើយតាមសម្ថភាពរបស់លោកស្នាយ អាចនឹងល្បីបានច្រើនឆ្នាំទៀតគឺអាស្រ័យនៅលើសុខភាព។ប៉ុន្ដែមជ្ឈដ្ឋានមហាជននៅតែចាត់ទុកថាព្រាប សុវត្ថិ ទៅGalaxy បទចម្រៀងមិនសូវល្បីខ្លាំងនិងមានគុណភាពដូចអំឡុងពេលលោកច្រៀងនៅហង្សមាសឡើយ៕