Friday, June 27, 2025
Homeព័ត៌មានជាតិចូលឆ្នាំ ស្នើផ្អាកបាញ់

ចូលឆ្នាំ ស្នើផ្អាកបាញ់

ដោយ អាចារ្យថាំ

សង្គ្រាមប្រកាសរវាងប្រទេសមួយនិងប្រទេសមួយ ក៏ដូចសង្គ្រាមស៊ីវិល រវាងកងទ័ពរដ្ឋាភិបាល និងពួកឧទ្ទាម នៅ ប្រទេសខ្លះ បើកាលណាដល់ពេលប្រារឰពិធីបុណ្យជាតិ ឬបុណ្យសាសនាធំៗ គេស្រុះស្រួលគ្នាចុះហត្ថលេខា “ផ្អាកសង្គ្រាម” រហូតដល់ចប់កម្មវិធីបុណ្យ ទើបបន្តច្បាំងគ្នាទៀត។ នៅកម្ពុជា សព្វថ្ងៃ គ្មានសង្គ្រាមបង្ហូរឈាមគ្នាទេ ប៉ុន្តែមាន “សង្គ្រាម ហ្វេសប៊ុក” ផ្ទុះឡើងមិនទាន់រលត់ បើអាចផ្អាកសង្គ្រាមនេះ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិបាន ជាគំរូដ៏ល្អសម្រាប់ មនុស្សស្រករក្រោយ ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “ចូលឆ្នាំ ផ្អាកសង្គ្រាម” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

សង្គ្រាម១៤ឆ្នាំ រវាង “ស្តេចកន-ព្រះចន្ទរាជា” មិនចេះតែបង្ហូរឈាមគ្នាមិនមើលមុខក្រោយនោះឡើយ ដូចឯកសារ ចារទុកថា ស្តេចទាំងពីរនេះ បាន “ចុះកតិកាសញ្ញា” ផ្អាកសង្គ្រាម ៣ខែ ទុកពេលឱ្យប្រជារាស្ត្រ និងពលសេនាធ្វើស្រែចម្ការ។ កាលនោះ ព្រះចន្ទរាជា ឬហ្លួងខាងលិច បានកាត់ទោសប្រហារជីវិតយមរាជសួស ជាមន្ត្រីជំនិតដែលបំពានលើកតិសញ្ញា ទៅ លបបាញ់ស្តេចកន តែបាញ់មិនត្រូវ និងត្រូវបានស្តេចកន ថ្កោលទោសព្រះចន្ទរាជា ថាជាស្តេចមិនគោរពពាក្យសន្យា។

សង្គ្រាមឧទ្ទាមកម្មនៅអារ៉ាប់ប៊ីសាអ៊ូឌីត-យេមែន និងពួកឧទ្ទាមហ៊ូទី បានអូសបន្លាយជាច្រើនឆ្នាំមកហើយ មិនទាន់ ចប់ ប៉ុន្តែភាគីជម្លោះបានព្រមព្រៀងគ្នា “ផ្អាកបាញ់ ក្នុងឱកាសបុណ្យរ៉ាម៉ាដាន” ដែលជាប្រពៃណីសាសនាអ៊ិស្លាម។

ប្រទេសដទៃទៀត ដែលកើតសង្គ្រាមក្នុងស្រុក ក៏គេមានមធ្យោបាយចរចាទម្លុះភាពទាល់ច្រក ផ្អាកច្បាំងគ្នានៅក្នុង ឱកាសបុណ្យជាតិ ឬបុណ្យសាសនា ដើម្បីទុកឱកាសឱ្យបរិស័ទចេញទៅធ្វើបុណ្យតាមជំនឿ។

ផ្ទុយទៅវិញ នៅកម្ពុជា បច្ចុប្បន្ន “គ្មានសង្គ្រាមឈាមដាបធរណី” នោះទេ ប៉ុន្តែ ក្រោយពេលតុលាការកំពូល ចេញ សាលដីការំលាយគណបក្សសង្គ្រោះជាតិ (ជណភ្រ) មក “ជម្លោះនយោបាយ” ក៏កើតឡើងរញ៉េរញ៉ៃ តាមរយៈសកម្មជន ប្រឆាំង ចេញមុខតវ៉ា និងត្រូវសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់។ ធ្ងន់បំផុត ការជេរប្រទេច តាមបណ្តាញសង្គមហ្វេសប៊ុក យូធូប សាហាវជាងគ្រឿងអាវុធទៅទៀត បើកមើលពេលណា ឈឺក្បាលពេលនោះ។ បក្សកាន់អំណាច (ជភភ) អត់ទទួលស្គាល់ ថា កម្ពុជា មានជម្លោះនយោបាយនោះទេ ប៉ុន្តែការជេរប្រទេច ដៀមដាមគ្នា ដោយពាក្យសម្តីអសុរោះហ្នឹងហើយ ជាជម្លោះ នយោបាយ ព្រោះដើមភ្លើង មកពីពួកប្រឆាំងកើតទុក្ខមិនសុខចិត្តនឹងការរំលាយ ជណភ្រ។

សព្វថ្ងៃ ជម្លោះនយោបាយវ៉ៃប្រហារគ្នា មាន៣ផ្នែក គឺចេញពីអ្នកគាំទ្រ ជភភ ចេញពីក្រុមលោកសម រង្ស៊ី និងក្រុម លោកកឹម សុខា។ ទាំង៣ភាគីនេះ “និយាយគ្នាស្រួលៗ ស្តាប់មិនចូលទេ” ឃើញគេយកពាក្យជេរប្រទេច “អាងាប់ អាត្រូវ គ្រាប់ អាឆ្កែ អានរក…” និងកាត់តរូបភាពយ៉ាងអាក្រក់អាក្រី មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

ភាគីជម្លោះទាំង៣នេះ សុទ្ធតែមានវាគ្មិន ចេញមុខជេរតាមបណ្តាញយូធូប ក្នុងនោះមានលោកជេម សុខ លោកម៉ក់ ហឿន អាសង្ហា ខាន់ សុវណ្ណ (ស្លាប់) និងស្រីៗប៉ុន្មាននាក់ទៀត ជេរឈ្ងុយណាស់។ រីឯតារាហ្វេសប៊ុក វិភាគរឿងនយោបាយ មានច្រើនទៀត ដូចជា លោកគឹម សុខ (មិនជេរគេទេ តែគេជេរគាត់) លោកឆាំ ឆានី លោកសេង រតនា លោកលិម គិមយ៉ា លោកប៉ាង សុខឿន (សុវណ្ណភូមិ) លោកមាជ សុវណ្ណារ៉ា ជាដើម សុទ្ធតែពូកែសរសេរ។

តារាយូធូប ចេញជាវោហារ ឯតារាហ្វេសប៊ុក ចេញជាសំណេរ សុទ្ធតែមានន័យដៀមដាម លាបពណ៌គ្នា ស្មើដៃតែម្តង ដោយសារសម័យវិទ្យាសាស្ត្រនេះ ងាយស្រួលក្នុងការបញ្ជូនសារ ឬសំឡេងតាមរលកធាតុអាកាស។

យ៉ាងណាក៏ដោយចុះ ជាសំណូមពររបស់“នគរធំ” ជាសារព័ត៌មានឯករាជ្យ មិនលម្អៀងតាមខ្យល់នយោបាយ សូម ស្នើដល់ភាគីជម្លោះ “ផ្អាកបាញ់ផ្លោងពាក្យសម្តី និងសំណេរអសុរោះ” ក្នុងឱកាសបុណ្យចូលឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ នេះ បានឬទេ? រឿងផ្អាកបាន ឬមិនបាន អាស្រ័យលើ “មេដឹកនាំកំពូល” មាន៣រូប គឺសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកសម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ និងលោកកឹម សុខា ប្រធាន ប្តូរវេន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់នីតិវិធីតុលាការ។ ជម្លោះតាមបណ្តាញសង្គម គឺចេញពីភាគីទាំង៣ នេះ ធ្ងន់ដូចភ្នំរលំលើ រីឯភាគីបក្សតូចៗរាប់សិបនោះ ទោះជាឈ្លោះខ្លះ ក៏ “អេះមិនចំរមាស់” យកជាការមិនបាន។

ដូច “នគរធំ” បង្ហាញហេតុផលរួចហើយ សូម្បីសង្គ្រាម ១៤ឆ្នាំ រវាងស្តេចកន និងព្រះចន្ទរាជា ក៏ភាគីទាំងសងខាង ចុះ “កតិសញ្ញាផ្អាកច្បាំងគ្នា ៣ខែ” ដែរ ចុះជម្លោះនយោបាយគ្នានោះ ហេតុអ្វីផ្អាកមិនបាន? កុំភ្លេចថា “ទេពធីតាឆ្នាំថ្មី” កិរិណីទេវី កាន់កាំភ្លើង (ខ្លះថា កាន់វជ្រាវុធ) សម្រាប់ដាក់ទណ្ឌកម្មមនុស្សព្រៃផ្សៃយង់ឃ្នង មិនស្គាល់បាបបុណ្យគុណទោស និង ការពារកូនចៅស្លូតត្រង់។ ហេតុនេះ ដើម្បីបញ្ចៀសគ្រោះមហន្តរាយ តាមជំនឿបុរាណ គួរតែខ្មែរ “ផ្អាកបាញ់វោហារ អសុរោះ” ដាក់គ្នា ៣ថ្ងៃ ឬ១សប្តាហ៍ ជារឿងល្អវិសេសវិសាលណាស់។

នៅប្រទេសថៃ ក៏មានជម្លោះនយោបាយដែរ ក្រោយពេលលោកប្រាយុទ្ធ ចាន់អូឆា ធ្វើរដ្ឋប្រហារផ្តួលរំលំលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ប៉ុន្តែជនជាតិថៃ រក្សាគុណធម៌បានល្អ មិនជេរគ្នារញ៉េរញ៉ៃតាមបណ្តាញសង្គម ដូចខ្មែរទេ។

រឿងផ្អាកឈ្លោះគ្នាពាក់ព័ន្ធនយោបាយនោះ បើបក្សកាន់អំណាច (ជភភ) នាំមុខមុនគេ ប្រសើរពេកកន្លង ពោលគឺ ដោយគ្រាន់តែប្រមុខ ជភភ ប្រកូកប្រកាស “អង្វរករអ្នកគាំទ្រ” ឱ្យផ្អាកជេរគេ ៣ថ្ងៃ ច្បាស់ជាគ្មានអ្នកណាហ៊ានទទឹងទេ។ ជភភ បានស្រោចស្រង់ព្រះពុទ្ធសាសនា ប្រពៃណីទំនៀមទម្លាប់ខ្មែរ ឱ្យរស់ឡើងវិញ ក្រោយពីរបបប៉ុល ពត ទមិឡបំផ្លាញ សាសនា រលំរលាយ។ បើ ជភភ ជាអ្នកប្រោះព្រំប្រពៃណី រាប់ទាំងពិធីបុណ្យចូលឆ្នាំថ្មីផងនោះ គួរតែពិចារណាពីផល-ប៉ះពាល់ដល់ “ទេវតាឆ្នាំថ្មី” ផង ដោយហាមឃាត់អ្នកគាំទ្រ ជភភ ឱ្យ “សម្អាតកាយ វាចា ចិត្ត” ទៅវត្ត ពូនភ្នំខ្សាច់ រាប់បាត្រ បង្សុកូល លេងល្បែងប្រជាប្រិយ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង ចោលឈូង៘ វាគ្រាន់បើជាងដេកអូសហ្វេសប៊ុក រួច ជេរគ្នាតាមនិន្នាការនិងកំហឹងនយោបាយ។

រីឯពួកប្រឆាំងទាំងពីរក្រុមនោះ បែប “កែលែងឡើង” ទៅហើយ ទោះបីជា “នគរធំ” អង្វរករឱ្យផ្អាកឈ្លោះ ក៏ពួកគាត់ កាន់តែជេរគ្នាធ្ងន់ជាងមុន គឺ “ខាំគ្នាឯង” ដែលភាគីម្ខាងជេរសម រង្ស៊ី ម្ខាងទៀតជេរកឹម សុខា រួចចង់បានសន្លឹកឆ្នោត។ ភាគីទាំងពីរនេះ ពិបាកអូសទាញឱ្យ “ផ្អាកបាញ់គ្នា” ក្នុងឱកាសបុណ្យចូលឆ្នាំនេះណាស់ មានតែទុកឱ្យនៅតាមយថាកម្មទៅចុះ។

មានតែ ជភភ ដែលមានអ្នកដឹកនាំកាន់ “វិន័យដែកថែប” ទើបស្រួលស្នើ ឬសំណូមពរឱ្យផ្អាកសង្គ្រាម ៣ថ្ងៃ ឬ១សប្តាហ៍ បើសម្តេច ថា “បងប្អូនដែលស្រលាញ់ខ្ញុំ ផ្អាកជេរគេ ៣ថ្ងៃទៅ!” ច្បាស់ជាគ្មានកូនចៅ ជភភ ណាហ៊ានទទឹង។ ផ្ទុយទៅវិញ ពួកប្រឆាំងទាំងពីរក្រុមនោះ មិនងាយហាមទេ ទោះបីជាលោកសម រង្ស៊ី ឬលោកកឹម សុខា ហាម ក៏កូនចៅមិនស្តាប់ ព្រោះ “អត់វិន័យដែកថែប”។

សរុបទៅ “ចូលឆ្នាំស្នើផ្អាកបាញ់” ជាសំណូមពររបស់ “នគរធំ” យោងទៅតាមបែបបទនៃការធ្វើសង្គ្រាម គេតែងស្រុះ-ស្រួលផ្អាកច្បាំងគ្នាយ៉ាងនេះ តាំងពីបុរាណកាលមក។ ហេតុនេះ គួរតែបក្សកាន់អំណាច “ធ្វើគំរូនាំមុខគេ” ក្នុងការផ្អាក សង្គ្រាមវោហារសាស្ត្រ ៣ថ្ងៃ ឬ១សប្តាហ៍សិនទៅ មិនខាតប៉ុន្មានទេ។ បើ ជភភ អាចធ្វើបាន ធានាថា “ឈ្នះឆ្នោតភ្លូកទឹក ភ្លូកដី” មិនបាច់ប្រឹង រីឯភាគីប្រឆាំង ដែលមិនព្រមផ្អាកបាញ់ អាចនឹង “ងាប់នយោបាយ” ដែលជាបរិបទសម្រាប់ពិចារណា ទាំងអស់គ្នា មុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ចូលមកដល់…’

RELATED ARTICLES