Thursday, November 28, 2024
Homeព្រឹត្តិការណ៍សង្គមក្រុមសង្គមស៊ីវិលកម្ពុជា ដាក់ញត្តិស្នើរុស្សុី បញ្ចប់សង្គ្រាមឈ្លានពានអ៊ុយក្រែន

ក្រុមសង្គមស៊ីវិលកម្ពុជា ដាក់ញត្តិស្នើរុស្សុី បញ្ចប់សង្គ្រាមឈ្លានពានអ៊ុយក្រែន

ភ្នំពេញ ៖ ក្រុមសង្គមស៊ីវិលកម្ពុជា រួមមានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ សហភាពសហជីពកម្ពុជា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងខ្មែរថាវរៈ ជាដើម បាននាំគ្នាយកញត្តិទៅដាក់នៅស្ថានទូតរុស្ស៊ី (Russia) ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ដើម្បីស្នើឱ្យប្រទេសមហាអំណាចមួយនេះ បញ្ឈប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន (Ukraine) ជាបន្ទាន់ ហើយចាប់ផ្តើមស្ដារឡើងវិញនូវលំនឹងស្ថិរភាពនយោបាយ និងសន្តិភាពសកលលោក។

          យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់លោកកើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទីព្រឹក សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានសហការជាមួយសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសកម្មជនសង្គមនានា ដើម្បីធ្វើញត្តិដាក់ជូនទៅស្ថានទូតរុស្ស៊ី (Russia ) ។

          គោលបំណងនៃពួកយើងចង់ឃើញប្រទេសរុស្ស៊ី បញ្ឈប់ការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន (Ukraine ) ហើយស្ដារឡើងវិញនូវលំនឹងស្ថិរភាពនយោបាយ និងសន្តិភាពសកល ។ ក្នុងនាមពួកយើងជាមនុស្សជាតិដូចគ្នា ពួកយើងខ្ញុំជាសង្គមស៊ីវិល ប្រចាំនៅកម្ពុជា សូមផ្សាយសេចក្ដីស្រលាញ់ និងការអាណិតអាសូរដល់ប្រជាជនអ៊ុយក្រែន (Ukraine ) ដែលកំពុងស្ថិតនៅក្នុងភ្នក់ភ្លើងសង្គ្រាមដ៏ព្រៃផ្សៃយង់ឃ្នង ហើយពួកយើងពិតជាចង់ឃើញខ្លាំងណាស់ចំពោះមនុស្សជាតិទាំងអស់ក្នុងសកលលោក អាចរស់នៅក្នុងសុខសន្តិភាព ជួបជុំបងប្អូន គ្រួសារយ៉ាងរីករាយ ព្រោះកម្ពុជា ធ្លាប់ឆ្លងកាត់សង្រ្គាមឆ្អែតឆ្អន់ហើយ ដូច្នេះក្នុងនាមប្រជាជាតិកម្ពុជាពួកយើងខ្ញុំពិតជាមិនចង់ឃើញប្រទេសណាមួយធ្លាក់ក្នុងភ្លើងសង្រ្គាមនោះទេ សូមប្រជាជាតិអ៊ុយក្រែន (Ukraine ) និងប្រជាជាតិរុស្ស៊ី (Russia) ទទួលយកនូវការគោរពស្រឡាញ់ពីពួកយើងខ្ញុំផង« ។

          ជាទិដ្ឋភាពក្នុងការយកញត្តិទៅដាក់នៅស្ថានទូតរុស្ស៊ី នាព្រឹកនោះ យុវជន ៦នាក់ ដែលជាតំណាងនៃក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានកាន់បដាមានរូបទង់ជាតិកម្ពុជា ទង់ជាតិអ៊ុយក្រែន និងទង់ជាតិរុស្ស៊ី ដោយបដាដែលមានរូបទង់ជាតិប្រទេសទាំងបី មានសរសេរអក្សរអង់គ្លេស។ បដា ដែលមានរូបទង់ជាតិកម្ពុជា សរសេរថា “Loving-Kindness” (ក្តីស្រឡាញ់-ក្តីមេត្តា) ។ ចំណែកបដាដែលមានរូបទង់ជាតិអ៊ុយក្រែន សរសេរថា “No” (គ្មាន) និងបដាដែលមានរូបទង់ជាតិរុស្ស៊ី សរសេរថា “War” (សង្គ្រាម) ដោយបូកពាក្យក្នុងបដាដែលមានរូបទង់ជាតិប្រទេសទាំងពីរនេះបញ្ជូលគ្នា មានន័យជារួមថា “គ្មានសង្គ្រាម”។ បន្ថែមលើនេះ ពួកគេក៏មានកាន់ផ្កាឈូកនៅក្នុងដៃផងដែរ។

          ចំពោះខ្លឹមសារនៅក្នុងញត្តិនោះ បានសរសេរថា «ក្នុងនាមជាប្រជាពលរដ្ឋដែលបានឆ្លងកាត់សង្គ្រាមស៊ីវិលជិតពីរទសវត្សរ៍កន្លងមកនេះ យើងខ្ញុំយល់និងស្គាល់ច្បាស់ពីទុក្ខលំបាកនៃសង្គ្រាម និងក្រោយពេលចប់សង្គ្រាម ជាពិសេសគឺការបាត់បង់មនុស្សជាទីស្រឡាញ់ ការរស់នៅក្រោមភាពភ័យខ្លាច និងត្រូវរត់គេចស្ទើររៀងរាល់ថ្ងៃ ដើម្បីការរស់រានមានជីវិត។ ដូច្នេះយើងខ្ញុំអំពាវនាវដល់ឯកឧត្តម វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី តាមរយៈស្ថានទូតរុស្ស៊ី​ ប្រចាំរាជធានីភ្នំពេញ សូមបង្កើតឲ្យមានបទឈប់បាញ់ និងជ្រើសរើសវិធីសាស្រ្តចរចារកដំណោះស្រាយ ជំនួសការប្រើប្រាស់កម្លាំងយោធា…»។

          ប៉ុន្តែគួរឲ្យសោកស្ដាយ នៅពេលយកញត្តិទៅដល់នោះ មិនមានតំណាងណាមួយនៃស្ថានទូតរុស្ស៊ី​ ប្រចាំកម្ពុជា ចេញមកទទួលញ្ញត្តិពីក្រុមយុវជនកម្ពុជា នោះឡើយ ដែលធ្វើឲ្យយុវជនតំណាងឲ្យក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បានសម្ដែងការខកចិត្តជាខ្លាំង ។

          លោកម៉ា ចិត្រា ដែលជាយុវជនម្នាក់ បានសរសេររៀបរាប់ពីព័ត៌មាននេះ នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ថា “តំណាងស្ថានទូតរុស្ស៉ី មិនចេញមកទទួលញត្តិរបស់ក្រុមយុវជនទេ។

ក្រុមសង្គមស៊ីវិល បានដាក់ញត្តិទៅកាន់ស្ថានទូតរុស្ស៉ី ប្រចាំកម្ពុជា ដើម្បីស្នើឱ្យបញ្ចប់សង្គ្រាម និងការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន តែខាងតំណាងស្ថានទូត មិនចេញទទួលយកញត្តិនេះទេ។  ការដាក់ញត្តិនេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ដោយមានតំណាងយុវជនប្រាំនាក់ និងមានការឃ្លាំមើលពីសំណាក់សន្ដិសុខខណ្ឌជាច្រើនផងដែរ។  នៅក្នុងខ្លឹមសារនៃញត្តិនោះបានអំពាវនាវដល់លោក VLADIMIR PUTIN ឱ្យបង្កើតបទឈប់បាញ់ និងជ្រើសរើសវិធីសាស្ត្រចរចា ជំនួសការប្រើកម្លាំងប្រដាប់អាវុធ ក្នុងនោះឲ្យបង្កលក្ខណៈងាយស្រួលសម្រាប់ការផ្គត់ផ្គង់ និងចែកចាយជំនួយមនុស្សធម៌ទៅកាន់ប្រជាជនស៊ីវិល“ ។

          ជាមួយគ្នានោះដែរ លោកកើត សារ៉ាយ បានបញ្ជាក់ថា ស្ថានទូតរុស្ស៊ី មិនមានឆន្ទៈក្នុងការទទួលយកញត្តិរបស់ក្រុមយុវជន ។ ប៉ុន្តែទោះស្ថានទូតរុស្ស៊ី មិនទទួលយកញត្តិរបស់ពួកលោកក៏ដោយ ក៏ពួកលោកនៅតែប្រកាសគោលជំហររបស់ពួកលោក ក្នុងការមកដាក់ញត្តិថ្ងៃនេះ គឺពួកលោកនៅតែរក្សាគោលបំណងរបស់ពួកលោកដដែល គឺពួកលោកចង់ឃើញប្រទេសរុស្ស៊ី បញ្ឈប់ការឈ្លានទៅលើអ៊ុយក្រែន ក្នុងនាមយើងជាប្រជាជាតិដូចគ្នា ។

          លោកកើត សារ៉ាយ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ថា “នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ សង្គមស៊ីវិល សហជីព និងសកម្មជនសង្គម បានយកញត្តិដាក់ជូនស្ថានទូតរុស្ស៊ី ដើម្បីស្នើឱ្យបញ្ឃប់ការឈ្លានពានប្រទេសអុយក្រែន និងស្ដារឡើងវិញនូវស្ថិរភាពនយោបាយ និងសន្តិភាពសកល ។ មកដល់ពេលនេះ ស្ថានទូតរុស្ស៊ី មិនបានទទួលយកញត្តិរបស់ពួកយើងនោះទេ ទោះជាយ៉ាងនេះក្ដី ពួកយើងនៅតែរក្សាជំហរស្នើឱ្យរុស្ស៊ីបញ្ឈប់ការឈ្លានពាន និងស្ដារស្ថិរភាពពិភពលោកឡើងវិញ“ ។

          គួរបញ្ជាក់ថា រុស្ស៊ី​ បានបើកការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួន ​មកលើអ៊ុយក្រែន កាលពីដើមខែកុម្ភៈ ពោលគឺបន្ទាប់ពីការប្រកាសសង្រ្គាមមួយដោយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែលបានធ្វើឱ្យបណ្តាប្រទេសមួយចំនួន រួមនិងសហភាពអឺរ៉ុប បានសម្រេចដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ី ។ មកដល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន មានរយៈពេលជាងមួយខែហើយ ។

          កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុប ក៏បានអនុម័តជាផ្លូវការនូវការដាក់ទណ្ឌកម្មថ្មីមួយចំនួនបន្ថែមទៀត លើរុស្ស៊ី ទាក់ទងនឹងការឈ្លានពានអ៊ុយក្រែន ដោយក្នុងនោះរួមមានការហាមឃាត់ការវិនិយោគក្នុងវិស័យថាមពលរបស់រុស្ស៊ី ការនាំចេញទំនិញប្រណីត និងការនាំចូលផលិតផលដែកពីរុស្ស៊ី ជាដើម ។

          ដោយឡែក តំណាងកម្ពុជា បានចូលរួមជាមួយប្រទេសដទៃទៀតលើពិភពលោក បោះឆ្នោតនៅក្នុងអង្គការសហប្រជាជាតិ ដើម្បីបង្ហាញការគាំទ្រដល់អ៊ុយក្រែន ដែលរងការឈ្លានពានពីរុស្ស៊ី។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យរុស្ស៊ី បញ្ឈប់ការប្រើអាវុធ ហើយដោះស្រាយជាមួយអ៊ុយក្រែន តាមផ្លូវចរចាដោយសន្តិវិធី៕

RELATED ARTICLES