ដោយ អាចារ្យថាំ
លេចធ្លាយព័ត៌មាន និងរូបភាពរ៉ឺម៉កម៉ូតូធំៗ ដឹកធ្យូងឆ្លងកាត់ភូមិសាស្ត្រ ខេត្តព្រៃវែង ចុះទៅលក់នៅស្រុកយួន ក៏មានសំណួរចេញពីមជ្ឈដ្ឋានប្រជា- ពលរដ្ឋខ្មែរថា “យួន អត់ធ្យូងដុតឬ?”។
សំណួរនេះ ក៏មានអ្នកខ្លះឆ្លើយថា បើស្រុកយួន មានធ្យូង គេមិនដឹកទៅ លក់នោះទេ តែស្រុកយួន បញ្ជូនបន្លែ ត្រីសាច់ គ្រឿងអេឡិចត្រូនិក ជាដើម មក លក់ឱ្យខ្មែរ។ វៀតណាម ប្រើអគ្គិសនីចម្អិនម្ហូបអាហារ បើត្រូវការអាំងសាច់ ទាល់តែទិញធ្យូងដែលដឹកពីស្រុកខ្មែរ។
ផ្ទុយទៅវិញ “នគរធំ” មានចម្លើយផ្សេងពីនេះថា ធ្យូង វាកើតពីការកាប់ឈើ យកទៅដុតក្នុងឡ រួចកាយចេញពីឡ ច្រកបាវ ដឹកយកទៅលក់បន្តៗគ្នា យក ចំណេញ។ អ្នកកាប់ឈើដុតធ្យូងនៅក្នុងព្រៃនោះ បានកម្រៃទាបណាស់ តែវា ចំណេញឈ្មួញដឹកធ្យូងទៅលក់ឆ្លងប្រទេសឯណោះទេ។
ចម្លើយមួយទៀត វៀតណាម ក៏មានភ្នំ មានឈើដូចខ្មែរដែរ ជាក់ស្តែង អាចារ្យថាំ ធ្លាប់ចូលទៅលេងដល់ខេត្តពាម (ហាទៀង) និងទៅដល់មាត់សមុទ្រ ជាតំបន់ទេសចរណ៍ បានឃើញជួរភ្នំជាប់ៗគ្នា មានដើមឈើធំៗ ខៀវស្រងាត់ នៅ ឯជើងភ្នំ គេដាំដើមអាកាស្យា បន្ថែមទៀត ដោយមានដាក់បម្រាមជាអក្សរយួន ដែលមានន័យថា “ហាមកាប់ឈើ” ទៀតផង។
ច្បាប់វៀតណាម “បើហាម គឺហាមហើយ” អត់បំពានច្បាប់បានទេ បើ ពលរដ្ឋយួន ហ៊ានកាប់ឈើតែ១ដើម ចូលគុកលឿនណាស់ គ្មានខ្សែអ្នកធំណា អាចជួយធ្វើអន្តរាគមន៍បានឡើយ។ ដូច្នេះរឿងកាប់ឈើ គេមានច្បាប់គ្រប់គ្រង មិនអាចកាប់ផលិតធ្យូងបានឡើយ ប៉ុន្តែនៅតាមហាងស៊ីផឹក ឬភោជនីយដ្ឋាន មិនខ្វះធ្យូងសម្រាប់អាំងសាច់នោះទេ សូម្បីតែឆ្នាំងស៊ុបគុយទាវ ក៏មានដុតធ្យូង ពីក្រោម ឱ្យនៅក្តៅហុយរហូត។
ដោយឡែកស្រុកខ្មែរ ច្បាប់ការពារព្រៃឈើ ចេញជាធរមានយូរហើយ រហូត ដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាឱ្យបាញ់ឡានដឹកឈើពីលើ ឧទ្ធម្ភាគចក្រទៀតផង។ ច្បាប់ហាមនៅតែហាម ឯអ្នកបំពានច្បាប់ នៅតែបំពាន មិនដឹងធ្វើម៉េចទេ?
ដល់ឃើញរ៉ឺម៉កដឹកធ្យូងបន្តកន្ទុយគ្នា យកទៅលក់ទៅស្រុកយួន ទើបគេដឹង ថា មកពី “ថ្នាក់ក្រោមអនុវត្តច្បាប់ធូរស្ប៉ត” បណ្តោយឱ្យមានការកាប់ឈើ មិន ឈប់ឈរ។ តំបន់ខ្លះគេកាប់ឈើធំៗអស់ ក៏នៅសល់ឈើតូចៗ ទើបមានពលរដ្ឋ ក្រីក្រទៅកាប់បង្ហើយ ផលិតធ្យូងលក់ ត្រឹមតែដោះស្រាយបញ្ហាក្រពះប៉ុណ្ណោះ គាត់មិនអាចធ្វើមានបានឡើយ។
“ធ្យូងអ្នកក្រ” រត់ទៅ “អាំងសាច់គោ” ដល់ស្រុកយួន មិនពិបាកយល់នោះ ទេ បើសិនជាខ្មែរ នាំគ្នាគោរពច្បាប់ ដូចពលរដ្ឋវៀតណាម តើមានធ្យូងឯណា ដឹកចេញរួច? ករណី “ចែកគ្នារស់” តាមរយៈទិន្នផលចេញពីព្រៃឈើបែបនេះ បើបណ្តែតបណ្តោយត្រឹមតែ ៥ឆ្នាំទៀត ព្រៃនៅកម្ពុជា រលាយជាស្ថាពរ។
ឈ្មួញគ្រាក់ៗជួលកម្មករកាប់ឈើធំៗមានតម្លៃ ទុកឈើតូចៗ អត់តម្លៃ ឱ្យ ពលរដ្ឋក្រីក្រកាប់ដុតធ្យូង ជាផលវិបាកធ្ងន់ធ្ងរណាស់ បើក្រសួងពាក់ព័ន្ធមើលមិន ចំបញ្ហា។ ថ្នាក់លើដែលជឿស្តាប់របាយការណ៍ភូតពីមន្ត្រីថ្នាក់ក្រោម ក៏ជាផល- វិបាកមួយដែរ គេថាអី ចេះតែជឿ លុះបានទៅពិនិត្យផ្ទាល់ ដឹងថាវាលអស់ទៅ ហើយ បានត្រឹមស្តាយក្រោយ។
មិនធម្មតាទេ ដែលស្រុកយួន ក៏មានឈើ តែ “អត់ធ្យូង” បើចង់អាំងសាច់ ឱ្យទិញធ្យូងខ្មែរនោះ។ បើត្រឹមអាំងសាច់ចង្កាក់ វាមិនសូវអីទេ តែគេ “ដុតគោ” ចំណាយធ្យូង កន្លះបាវយ៉ាងតិច។ បើខ្វៃជ្រូក ក៏អស់ធ្យូងមិនតិចទេ ដូច្នេះរឿងអី មិនហិនហោចព្រៃ?
រឿងព្រៃឈើនេះ “នគរធំ” លែងចង់សរសេរទៅហើយ ព្រោះវាសាំត្រប៉ែ ដដែលៗពេក ឬ “កោកៗ សឹកមាត់ត្រដោក ឆ្អែតឯពោះក្របី” ប៉ុន្តែពេលឃើញ រូបភាពគេដឹកធ្យូង យកទៅលក់នៅស្រុកយួន បន្តកន្ទុយគ្នាបែបនេះ ទ្រាំមិនសរសេរ មិនបាន។ ខ្មាសគេតិចអី! ស្រុកគេមានឈើដែរ តែគេមិនកាប់ ដោយទុកលម្អ បរិស្ថាន ផ្ទុយទៅវិញ ខ្មែរ មានច្បាប់ហាមកាប់ឈើ បែរជាមានធ្យូងចេញទៅស្រុក យួន ដោយមិននិយាយពីការដឹកឈើអារ ឬឈើសំណង់នោះទេ…”