ខេត្តបន្ទាយមានជ័យ ៖ ប្តីប្រពន្ធ ២នាក់ បានបបួលគ្នាធ្វើចំណាកស្រុកចេញទៅរកការងារធ្វើនៅប្រទេសថៃ រួចក៏នាំគ្នាមកស្នាក់នៅខ្ទមចាំស្រែរបស់ឪពុក ប៉ុន្មានថ្ងៃសិន ទម្រាំចប់ពិធីបុណ្យចូលឆ្នាំថ្មី ទើបរកអ្នកនាំផ្លូវចេញទៅ ស្រាប់តែមិនបានប៉ុន្មានផង ប្តីប្រពន្ធអ្នកទាំងពីរ ក៏កើតមានជម្លោះ ព្រោះតែភ្លើងប្រចណ្ឌ រហូតផ្ទុះជាអំពើហិង្សា ដោយបុរសជាប្តី បានទាញដំបងសំពងប្រពន្ធរហូតដល់ស្លាប់នៅលើពំនូកចំបើង រួចបានរត់គេចខ្លួនបាត់ លុះក្រោយមក ទើបបុរសជាឪពុកបង្កើត បានប្រទះឃើញសពកូនស្រីដេកស្លាប់លើពំនូកចំបើង ធ្វើឱ្យកើតមានការផ្អើលឆោឡោ ប្តឹងសមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ករណីឃាតកម្ម ប្តីវាយសម្លាប់ប្រពន្ធយ៉ាងសាហាវឃោរឃៅនេះ កើតឡើងនៅចន្លោះម៉ោងប្រមាណ ២ ទៅ៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅចំណុចពំនូកចំបើងក្បែរខ្ទមស្រែ ត្រង់ចំណុចថ្នល់ភ្លោះ ស្ថិតនៅភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ ប៉ុន្តែទើបនឹងកើតមានការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីបុរសជាឪពុក មកខ្ទមចាំស្រែរបស់ខ្លួន ស្រាប់តែប្រទះឃើញកូនស្រីដេកស្លាប់ក្នុងថ្លុកឈាម។

ជនដៃដល់ជាឃាតករ ដែលវាយសម្លាប់ប្រពន្ធយ៉ាងឃោរឃៅ និងកំពុងរត់គេចខ្លួន មានឈ្មោះឈាក់ ដោះ អាយុ៣២ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះយង់ ទី អាយុ៣១ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធទាំងពីរ មានលំនៅ ភូមិព្រីងកោង ឃុំបុស្បូវ ក្រុងសិរីសោភ័ណ ប៉ុន្តែមុនកើតហេតុ បាននាំគ្នាមកស្នាក់នៅខ្ទមស្រែរបស់ឪពុក ស្ថិតក្នុងទីតាំងកើតហេតុខាងលើ។
តាមសម្តីបុរសចំណាស់ឈ្មោះយ័ន យង់ អាយុ៥១ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រី និងកូនប្រសាប្រុសរបស់គាត់ ស្នាក់នៅឯក្រុងសិរីសោភ័ណ ឯណោះ ប៉ុន្តែនៅអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរនេះ ពួកគេបាននាំគ្នាមកស្នាក់នៅជាបណ្តោះ អាសន្នក្នុងខ្ទមស្រែរបស់គាត់ (ទីតាំងកើតហេតុខាងលើ) ក្នុងគោលបំណងចេញទៅរកការងារធ្វើនៅឯប្រទេសថៃ ក្រោយចូលឆ្នាំរួច។
បុរសជាឪពុកបង្កើតស្ត្រីរងគ្រោះ បន្តថា កន្លងមក ប្តីប្រពន្ធទាំង២ ឧស្សាហ៍កើតមានទំនាស់ពាក្យសម្តីនឹងគ្នាខ្លាំងណាស់ ដោយសារកូនប្រសាប្រុសរបស់គាត់ ជាមនុស្សមានចិត្តប្រចណ្ឌ នឹងកូនស្រីរបស់គាត់ដែលជាប្រពន្ធខ្លាំងណាស់។ រហូតមកដល់ថ្ងៃកើតហេតុ គាត់ក៏មិនបាន ដឹងថា មានរឿងអ្វីកើតឡើងនោះដែរ ព្រោះបានដេកស្នាក់នៅផ្ទះឯក្នុងភូមិឯណោះ។ លុះមកដល់វេលាម៉ោង ៣រសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ពេលដែលគាត់ធ្វើដំណើរមកខ្ទមចាំស្រែ បំណងមើលកូនៗទាំង២នាក់ផង ក៏ស្រាប់តែបានប្រទះឃើញកូនស្រីរបស់គាត់ដេកស្លាប់ក្នុ ងថ្លុកឈាម នៅលើពំនូកចំបើង ក្បែរខ្ទមស្រែបាត់ទៅហើយ ចំណែកកូនប្រសាប្រុស មិនឃើញនៅកន្លែងកើតហេតុនោះទេ (រត់គេចខ្លួនបាត់)។ ឃើញសភាពបែបនេះ គាត់ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញ បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ និងបានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យសព រួចសន្និដ្ឋានជំហានដំបូងថា ករណីឃាតកម្មមួយនេះ បង្កឡើងដោយបុរសជាប្តី (វ៉ៃសម្លាប់ប្រពន្ធ) និងបានកើតឡើងនៅចម្លោះម៉ោងប្រមាណ ២ ទៅ៣ទៀបភ្លឺ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២។
ករណីនេះ ឪពុករបស់ស្ត្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា តាមការសន្និដ្ឋានរបស់គាត់ ករណីឃាតកម្មនេះ អាចបណ្តាលមកពីជម្លោះក្នុងគ្រួសារ ដោយសារតែភ្លើងប្រចណ្ឌ។
សពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
ដោយឡែក ជនដៃដល់ជាប្តី សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួន នាំយកមកសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕