Saturday, December 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមិនឱ្យធ្វើការ ខ្លាចប្រុសញ៉ែ ប្រពន្ធអត់ស្តាប់ ប្តីចងកស្លាប់

មិនឱ្យធ្វើការ ខ្លាចប្រុសញ៉ែ ប្រពន្ធអត់ស្តាប់ ប្តីចងកស្លាប់

ខេត្តកណ្តាល ៖ ប្តីប្រពន្ធវ័យក្មេងមួយគូ រស់នៅមិនសូវចុះសម្រុងនឹងគ្នាសោះ ព្រោះតែបុរសជាប្តី មានចិត្តប្រចណ្ឌប្រពន្ធខ្លាំងហួសហេតុ រហូតដល់ហាមឃាត់មិនឱ្យប្រពន្ធចេញទៅធ្វើការរោងចក្រ ខ្លាចប្រុសៗតាមចែចង់ តែប្រពន្ធមិនព្រម ទើបធ្វើឱ្យបុរសជាប្តីអន់ចិត្ត ក៏ប្រាប់ប្រពន្ធថា ទៅស្រុកកំណើតវិញហើយ ដឹងអីបែរជារត់ទៅចងកសម្លាប់ខ្លួននៅលើដើមឈើ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចដើមម្តេញ ក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។

មន្ត្រីនគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះហ៊ាន វណ្ណរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ  មានស្រុកកំណើតនៅភូមិស្រងែ ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត មានប្រពន្ធឈ្មោះហែម ស៊ីនឿន អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ។ ប្តីប្រពន្ធទាំងពីរ សព្វថ្ងៃស្នាក់នៅក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។

តាមការបំភ្លឺពីឈ្មោះហែម ស៊ីនឿន ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះជាប្តី តែងតែរករឿងប្រចណ្ឌ និងឈ្លោះប្រកែកជាមួយនាងជាញឹកញាប់ ហើយនៅមុនពេលកើតហេតុ ជនរងគ្រោះជាប្តី បាននិយាយមិនឱ្យរូបនាងជាប្រពន្ធ ទៅធ្វើការរោងចក្រទៀតទេ ខ្លាចត្រូវប្រុសៗតាមចែចង់ តែនាងមិនព្រម ព្រោះរាល់ថ្ងៃបានការងាររោងចក្រហ្នឹងហើយ គ្រាន់ជាចំណូលចិញ្ចឹមគ្រួសារ។ លុះឮនាងប្រកែកបែបនេះ ប្តីរបស់នាងក៏បាននិយាយប្រាប់នាងថា “បើអ៊ីចឹងខ្ញុំទៅស្រុកកំណើតខ្ញុំវិញហើយ” និយាយរួច ប្តីក៏បានដើរចេញពីផ្ទះ បាត់ទៅ ចំណែកនាងក៏មិនបានចាប់អារម្មណ៍អ្វីដែរ នឹកស្មានថាប្តីចេញទៅលេងផ្ទះអ្នកជិតខាង មិននឹកស្មានថា ប្តីគិតខ្លីដល់ម្ល៉ឹងសោះ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា  រហូតដល់វេលាម៉ោងកើតហេតុ ទើបអ្នកជិតខាងបានប្រទះឃើញប្តីរបស់នាង ចងកនៅលើដើមម្តេញ ខាងក្រោយផ្ទះ ស្លាប់បាត់ទៅហើយ រួចក៏បានផ្តល់ព័ត៌មានជូនអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យភ្លាមៗតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ បានសហការជាមួយកម្លាំងផ្នែកជំនាញកោសល្យវិច័យ បច្ចេកទេស អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យ និងចូលរួមដោយក្រុមគ្រួសារជនរងគ្រោះ បានចុះដល់ចំណុចកើតហេតុ ពិនិត្យសព ឃើញពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន។ មូលហេតុដោយសារទំនាស់ក្នុងគ្រួសារ (ប្រចណ្ឌប្រពន្ធ)។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES