ខេត្តសៀមរាប ៖ បុរសជាមន្ត្រីសាលាស្រុកពួកម្នាក់ ជាម្ចាស់អាងចិញ្ចឹមក្រពើ ដែលរអិលជើងធ្លាក់ចូលអាងចិញ្ចឹមក្រពើមួយកន្លែង ស្ថិតនៅក្នុងភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក និងត្រូវក្រពើខាំបោក បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នោះ បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាពរួចមក។

គួររំលឹកថា កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅត្រង់ចំណុចអាងចិញ្ចឹមក្រពើ មួយកន្លែង ស្ថិតក្នុងភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ដោយបុរសជាម្ចាស់អាងក្រពើម្នាក់ ក្រោកដើរទៅ បត់ជើងតូច ទាំងពាក់កណ្តាលអធ្រាត្រ ស្រាប់តែរអិលជើងធ្លាក់ចូលអាងក្រពើ ត្រូវក្រពើខាំ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារជួយសង្គ្រោះ និងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

បុរសរងគ្រោះដែលដើរធ្លាក់អាងក្រពើ និងត្រូវសត្វក្រពើខាំ បណ្តាលឱ្យរងរបួសធ្ងន់ និងក្រោយមកបានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មនោះ មានឈ្មោះស៊ូ សុធា អាយុ៣៧ឆ្នាំ មុខរបរជាមន្ត្រីរដ្ឋបាលសាលាស្រុកពួក និងប្រកបរបរជាអ្នកចិញ្ចឹមក្រពើ មានលំនៅក្នុងភូមិកើត ហេតុខាងលើ។

តាមប្រភពពីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជាប្រចាំ ជនរងគ្រោះជាប្តី ឈ្មោះស៊ូ សុធា ជាអ្នកមើលថែទាំការចិញ្ចឹមសត្វក្រពើ និងដេកចងអង្រឹងនៅលើរោងទ្រុងក្រពើ តែម្នាក់ឯង។ នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះ និងក្រុមគ្រួសារ បានជួបជុំគ្នាផឹកស្រាអស់ស្រាបៀរ ចំនួន១កេស

ហើយក៏បែកគ្នាទៅដេករៀងៗខ្លួន។ ចំណែកជនរងគ្រោះ បានឡើងទៅដេកនៅរោងលើទ្រុងក្រពើរបស់ខ្លួន ដូចសព្វដង រហូតមកដល់ម៉ោងប្រមាណ ១រំលងយប់អធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ក៏បានឮសំឡេងជនរងគ្រោះស្រែកឱ្យជួយ ហើយឮដល់អ្នកផ្ទះជិតខាង និងអ្នកផ្ទះ ក៏នាំគ្នាក្រោកទៅមើលនៅចំណុចរោងដេកលើទ្រុងក្រពើ ក៏បានឃើញជនរងគ្រោះ ធ្លាក់ចូលក្នុងអាងក្រពើ ត្រូវបានសត្វក្រពើខាំបោកទាញ ទើបនាំ

គ្នាយកឈើជួយវាយសង្គ្រោះ ដើម្បីយកជនរងគ្រោះដឹក ទៅសង្គ្រោះនៅមន្ទីរបង្អែកខេត្តសៀមរាប ភ្លាមៗ តែដោយស្ថានភាពរបួសធ្ងន់ខ្លាំងពេក ទើបបញ្ផូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ឯរាជធានីភ្នំពេញ ដើម្បីសង្គ្រោះបន្ត។
ប៉ុន្តែអកុសល ដោយសារតែស្ថានភាពរបួសរបស់ជនរងគ្រោះដែលត្រូវសត្វក្រពើខាំនោះ មានសភាពធ្ងន់ធ្ងរ មានមុខរបួសច្រើនកន្លែងពេក មិនអាចព្យាបាលបាន ទើបគ្រូពេទ្យបានប្រាប់ឱ្យក្រុមគ្រួសារដឹកជនរងគ្រោះត្រឡប់មកផ្ទះវិញ លុះធ្វើដំណើរមកតាមផ្លូវ ជនរងគ្រោះក៏បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មតែម្តង។

គួរបញ្ជាក់ថា ទ្រុងចិញ្ចឹមសត្វក្រពើរបស់ជនរងគ្រោះ មានច្រើនអាងជាប់ៗគ្នា ដោយឡែកទ្រុងដែលជនរងគ្រោះធ្លាក់ចូលទៅនោះ មានទំហំ ១០ម៉ែត្រ គុណនឹង ១២ម៉ែត្រ អាងទឹកទំហំ ៧ម៉ែត្រ គុណនឹង ៨ម៉ែត្រ ហើយក្នុងនោះមានសត្វក្រពើប្រភេទមេពូជ និងក្រពើឈ្មោល ចំនួនជាង ២០ក្បាល (ធំៗ)។
តាមការសន្និដ្ឋានរបស់នគរបាលជំនាញ បានឱ្យដឹងថា ជនរងគ្រោះអាចក្រោកទៅបត់ជើងតូច (នោម) ហើយរអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមសត្វក្រពើ បណ្តាលឱ្យសត្វក្រពើខាំ រហូតដល់បាត់បង់ជីវិតបែបនេះតែម្តង៕