Thursday, June 26, 2025
Homeសង្គម និងជីវិតបិតាស្ថាបត្យករ វណ្ណ មូលីវណ្ណ ទុកបណ្តាំ៤ ពីការរៀបចំអភិវឌ្ឍភ្នំពេញ

បិតាស្ថាបត្យករ វណ្ណ មូលីវណ្ណ ទុកបណ្តាំ៤ ពីការរៀបចំអភិវឌ្ឍភ្នំពេញ

ភ្នំពេញ ៖ មានការចាប់អារម្មណ៍ទៅនឹងបណ្ដាំចុងក្រោយ៤ របស់បិតាស្ថាបត្យករ លោកវណ្ណ មូលីវណ្ណ អ្នកគូសប្លង់កសាងវិមានឯករាជ្យ និងពហុកីឡដ្ឋានជាតិអូឡាំពិក និងសំណង់អគារមួយចំនួនទៀត កាលពីសម័យសង្គមរាស្រ្តនិយម ដែលបានផ្ដាំពីការរៀបចំអភិវឌ្ឍភ្នំពេញ ដែលត្រូវអ្នកសិក្សាស្ថាបត្យកម្មជំនាន់ក្រោយ លើកមករំលឹក ដើម្បីជាការកោតស្ញប់ស្ញែងពីភាពអស្ចារ្យរបស់បិតាស្ថាបត្យកររូបនេះ ដែលលោកបាននទទួលមរណភាពអស់ជាច្រើនឆ្នាំមកហើយ ។

          បើតាមលោកសាស្រ្តាចារ្យបណ្ឌិត ទូស សាភឿន ស្ថាបត្យករដែលបានដឹកនាំក្រុមការងារសិក្សារចនាគំរូប្លង់អគារខ្ពស់បំផុតនៅកម្ពុជា ឈ្មោះ «អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង” និងបច្ចុប្បន្នជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា (BAC) ដែលមានឯកទេសខាងជំនាញស្ថាបត្យកម្ម និងរៀបចំផែនការទីក្រុង ដ៏ជ្រៅជ្រះ បានសរសេរអមជាមួយរូបថតនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ថា “ជួបលោកតា បិតាស្ថាបត្យករ (វណ្ណ មូលីវណ្ណ) ជាលើកចុងក្រោយ លោកតាបានផ្តាំថា ៖

១. ទីក្រុងភ្នំពេញ ត្រូវតែរីកទៅទិសខាងត្បូង ព្រោះជាដីតំបន់ខ្ពស់ អត់លិចទឹក ងាយស្រួលរៀបបណ្តាញទឹកស្អុយ រំដោះទឹកជំនន់ ជាទីទួលខ្ពស់ចាក់លុបតិច ដីមានជីវជាតិល្អសម្រាប់កសិកម្មផងដែរ

២. ប្រយ័ត្នតំបន់ខាងជើង ព្រោះជាតំបន់វាលទំនាប ងាយប្រឈមទឹកជំនន់ ជាតំបន់រង្វង់ស្នែងក្របី ដីទាប មានជំនន់ធំកើតឡើងជារៀងរាល់ ២៥ឆ្នាំម្តង កើតចេញពីជួរភ្នំក្រវាញ និងភ្នំដងរែក

៣. ទិសខាងកើត គួរក្សាទុកជាតំបន់បៃតង ទុកផ្គត់ផ្គងបន្លែបៃតង មិនត្រូវអនុញ្ញាតឲ្យមានការរីកក្រុងទៅទិសនោះទេ ព្រោះខ្សែទឹកខាងលើទន្លេមេគង្គ ជាប្រភពទឹកស្អាតសម្រាប់ផ្គត់ផ្គង់ឲ្យអ្នកក្រុងទាំងមូល ម្យ៉ាងវិញទៀត គ្មានប្រភពទទួលទឹកស្អុយ លំបាករៀបបណ្តាញលូទឹកស្អុយបញ្ចេញចោល

៤. ទិសខាងលិច ត្រូវរៀបចំជាតំបន់ឧស្សាហកម្ម សិប្បកម្ម ព្រោះងាយស្រួលដឹកជញ្ជូន ភ្ជាប់ទៅកាន់តំបន់កំពង់ផែនាំចេញ ។ល។“ ។

          លោកបណ្ឌិត ទូស សាភឿន បានសរសេរបន្តថា “ក្រុងស្អាតទៅបាន ឬក្រុងអេកូឡូស៊ី វាអាស្រ័យទៅលើការប៉ិនប្រសប់រៀបឲ្យមានតុល្យភាពនៃការរក្សាឲ្យមានតំបន់ខៀវ (ទឹក) និងបៃតង (សួន) ប្រភពបឹង មិនមែនដើម្បីលុបទេ ត្រូវស្គាល់សាវតារតំបន់ គោរពអតីតកាល ឲ្យតម្លៃអតីកាល បានធ្វើឲ្យក្រុងរៀបថ្មីនិងមានអនាគតល្អ។

អ្នកដឹកនាំក្រុងល្អ គឺជាអ្នកដឹកនាំមិនមែនជាអ្នកនយោបាយទេ គឺជាមនុស្សបច្ចេកទេសសុទ្ឋសាធ យល់លើការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ និងសេដ្ឋកិច្ច ច្បាស់លាស់ ជាមនុស្សមានផែនការ និងយល់ស្ថានការល្អឥតខ្ចោះ“ ។

          គួររំលឹកថា លោក វណ្ណ មូលីវណ្ណ កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ គឺជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា។ លោកបានរួមចំណែកជាច្រើនក្នុងស្ថាបត្យកម្ម ដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប នៅក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៥-១៩៧០) នៅពេលដែលវប្បធម៌ខ្មែរ មានការរីកចម្រើនក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទនរោត្តម សីហនុ។ នៅទសវត្សរ៍ឆ្នាំ១៩៦០ និង១៩៧០ បិតាស្ថាបត្យករ វណ្ណ មូលីវណ្ណ បានគូរប្លង់ស្ថាបនាអាគារល្បីៗជាច្រើននៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ នៅទីនោះ ស្នាដៃរបស់លោក ឈរយ៉ាងសង្ហា ប្រដមប្រសងគ្នាជាមួយនឹងសំណង់អគារបុរាណៗ វត្តអារាម និងសំណល់ពីសម័យអាណានិគម ។ លោកបានទទួលសញ្ញាបត្រទុតិយភូមិ ពីវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៤៤ ហើយលោកបានទទួលអាហារូបករណ៍ទៅរៀនផ្នែកច្បាប់ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦។ បន្ទាប់ពីសិក្សាផ្នែកច្បាប់ បានរយៈពេល ១ឆ្នាំ លោកក៏បានប្តូរទៅរៀនផ្នែកស្ថាបត្យកម្ម នៅសាកលវិទ្យាល័យ Ecole Nationale Superieure des Beaux-Arts របស់បារាំង។ លោកបានបញ្ចប់ការសិក្សានៅប្រទេសបារាំង ក្នុងឆ្នាំ១៩៥១ ហើយបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជា វិញ ក្នុងឆ្នាំ១៩៥៦ លោកត្រូវបានសម្ដេច ព្រះនរោត្តម សីហនុ តែងតាំងជាស្ថាបត្យកររដ្ឋ។

           បន្ថែមពីលើការងារជាច្រើនរបស់គាត់ ក្នុងនាមជាស្ថាបត្យករ លោក វណ្ណ មូលីវណ្ណ ក៏ជាអ្នករៀបចំទីក្រុង និងគ្រប់គ្រងការពង្រីកក្រុងភ្នំពេញ ក៏ដូចជាការបង្កើតកំពង់ផែសមុទ្រ ក្រុងព្រះសីហនុ (កំពង់សោម) និងនៅទីតាំងផ្សេងៗទៀត។ ជាងនេះទៀត លោកក៏បានចូលរួមនៅក្នុងការងារដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងបានបោះពុម្ពផ្សាយអត្ថបទជាច្រើន ស្ដីពីទំនើបនីយកម្មប្រទេសកម្ពុជា នៅក្នុងព្រឹត្តិបត្រស្រាវជ្រាវជាភាសាខ្មែរ ជាច្រើន។ លោកជាព្រឹទ្ធបុរសទី១ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅក្នុងអំឡុងឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៦៧ ។ លោកត្រូវបានគេចងចាំជាបុគ្គលនាំមុខគេក្នុងជីវិតវប្បធម៌យ៉ាងសកម្មនៅក្នុងសម័យក្រោយឯករាជ្យ របស់ប្រទេសកម្ពុជា ផងដែរ។ បន្ទាប់ពីរដ្ឋប្រហារ ឆ្នាំ១៩៧០ ដែលបានទម្លាក់សម្ដេចសីហនុ និងរបបគ្រប់គ្រងរបស់ព្រះអង្គ លោក វណ្ណ មូលីវណ្ណ បានផ្លាស់ទៅរស់នៅប្រទេសស្វីស។ ក្នុងរយៈប៉ុន្មានទសវត្សរ៍ក្រោយមក គាត់បានបន្តការងាររបស់គាត់ជាមួយអង្គការសហប្រជាជាតិ លើកម្មវិធីតាំងទីលំនៅនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាអន្តរជាតិ។ ក្នុងឆ្នាំ១៩៩១ លោកវណ្ណ មូលីវណ្ណ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ និងត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ការធ្វើផែនការក្រុងនិងប្រទេស។ លោកជាកម្លាំងយ៉ាងសំខាន់ក្នុងការបង្កើតអាជ្ញាធរអប្សរា ដែលជាអង្គភាពសហប្រតិបត្តិការពហុបក្ស ដែលមានបំណងក្នុងការគ្រប់គ្រងឃ្លាំមើលការស្រាវជ្រាវនិងរដ្ឋបាលប្រាសាទបុរាណតំបន់អង្គរ។ លោកក៏ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ ព្រមទាំងជាឧត្តមទីប្រឹក្សានៃរាជរដ្ឋាភិបាល។ ស្ថាបត្យករដ៏ល្បាញល្បីរូបនេះ ក៏បានបន្តការស្រាវជ្រាវ បោះពុម្ពផ្សាយសៀវភៅជាច្រើន និងបញ្ចប់ថ្នាក់បណ្ឌិតផ្នែកប្រវត្តិសាស្ត្រ លើការតាំងលំនៅរបស់មនុស្សក្នុងតំបន់អាស៊ីអាគ្នេយ៍។

          លោក វណ្ណ មូលីវណ្ណ បានគូរប្លង់សំណង់អគារល្បីៗជាច្រើននៅក្នុងទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០ ដែលមានភាពល្បីល្បាញទាំងថ្នាក់ជាតិ និងនៅក្នុងតំបន់។ ចាប់ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៧០ បិតាស្ថាបត្យកម្មរូបនេះ បានគូរប្លង់លើគម្រោងសំខាន់ជិត ១០០គម្រោង ដែលមាននៅទាំងក្នុងប្រទេស និងក្រៅប្រទេស រួមមានគម្រោងនៅក្នុងប្រទេសជប៉ុន បារាំង និងបណ្តាប្រទេសសំខាន់ៗជាច្រើនទៀត។ ចលនាស្ថាបត្យកម្មរបស់លោក ត្រូវបានគេស្គាល់ថាជា «ស្ថាបត្យកម្មខ្មែរទំនើប» (New Khmer Architecture)។ ឯកសារបានបង្ហាញអំពីទម្រង់ស្នាដៃរបស់លោក ដោយបានពិពណ៌នាថា សំណង់ទាំងនោះសុទ្ធសឹងមានលំនាំឬរចនាបទថ្មី ប៉ុន្តែឈរលើមូលដ្ឋានស្ថាបត្យកម្មខ្មែរ បត់បែនទៅតាមស្ថានភាពទីតាំង របៀបរស់នៅ។ លោកបានកសាងស្នាដៃសំខាន់ៗ លម្អសម្រស់រាជធានីភ្នំពេញ កាលពីទសវត្សរ៍ឆ្នាំ១៩៦០ ធ្វើឲ្យទីក្រុងមួយនេះជាប់ឈ្មោះជា «ទីក្រុងគជ់នៃតំបន់អាស៊ីអាគ្នេយ៍»។ ស្នាដៃរបស់លោកបង្កើតបានជាការប្រមូលផ្តុំមួយនៃការប្រមូលផ្តុំសំខាន់បំផុតជាច្រើននៃអគារក្រោយសម័យអាណានិគមនិយម នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងមានសារសំខាន់បំផុតចំពោះមរតកស្ថាបត្យកម្មទំនើបក្នុងប្រទេសកម្ពុជា។

          ស្នាដៃសំខាន់ៗរបស់លោក វណ្ណ មូលីវណ្ណ រួមមាន ៖

          – វិមានឯករាជ្យ កសាងឡើងក្នុងរាជធានីភ្នំពេញ នៅឆ្នាំ១៩៥៨ ជាការបញ្ជាក់ពីមោទនភាពរបស់កម្ពុជា ទទួលបានឯករាជ្យពីអាណានិគមបារាំង នៅឆ្នាំ១៩៥៣។

          – ពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ផ្ដើមកសាងនៅឆ្នាំ១៩៦២ និងបញ្ចប់នៅឆ្នាំ១៩៦៤ ផ្ទុកមនុស្សបាន ៦០ ០០០នាក់។ កាលនោះសំណង់នេះល្អស្អាតដាច់គេនៅតំបន់អាស៊ីអាគ្នេយ៍។

          – សាលសន្និសីទចតុម្មុខ បានដំណើរនៅក្នុងឆ្នាំ ១៩៦១ ស្ថិតនៅមុខសាលាឧទ្ធរណ៍ ក្បែរព្រះបរមរាជវាំង បន្តប្រើប្រាស់ដល់បច្ចុប្បន្ន។

          – សំណង់ «ផ្ទះ១០០» ការរចនាសំណង់ពីឆ្នាំ១៩៦៥ ដល់១៩៦៧។

          – អគារវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ផ្តើមសាងសង់ក្នុងឆ្នាំ១៩៦៥ មានការរចនាយ៉ាងប្រណិត។

          – វិមានរដ្ឋចម្ការមន និងរួមទាំងសំណង់ជាច្រើនទៀត ដែលនៅបន្តឲ្យកូនខ្មែរនៅមើលឃើញ និងប្រើប្រាស់ដល់បច្ចុប្បន្ន។

          លោកវណ្ណ មូលីវណ្ណ បានទទួលមរណភាពដោយរោគាពាធ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៧ ក្នុងជន្មាយុ ៩១ឆ្នាំ នៅគេហដ្ឋានរបស់លោក តាមបណ្ដោយដងស្ទឹងសៀមរាប ក្នុងភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

          មរណភាពរបស់លោកវណ្ណ មូលីវណ្ណ នៅពេលនោះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា និស្សិត បណ្ឌិតបញ្ញវន្ត ព្រះសង្ឃ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ រដ្ឋមន្រ្តី អ្នកដឹកនាំប្រទេសមួយចំនួន បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ព្រោះជាការបាត់បង់បិតាស្ថាបត្យករដែលធ្លាប់មានគុណសម្បត្តិផ្នែករៀបចំទីក្រុងដ៏គ្មានគូប្រៀប…៕ កុលបុត្រ

RELATED ARTICLES