ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បានចេញទៅឃ្វាលគោនៅវាលស្រែ ដូចសព្វដង លុះឃើញមេឃធ្លាក់ភ្លៀង លាយខ្យល់ និងផ្គររន្ទះផង ទើបប្រញាប់ដេញគោត្រឡប់ចូលផ្ទះវិញ ស្រាប់តែអកុសល រំពេចនោះក៏មានបាតុភូតធម្មជាតិ រន្ទះបាញ់ចំក្មេងប្រុសរងគ្រោះ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចវាលគោកតាម៉ា ចម្ងាយពីផ្ទះជនរងគ្រោះប្រមាណ ២៥០០ម៉ែត្រ ស្ថិតក្នុងភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ។
ក្មេងប្រុសរងគ្រោះដែលត្រូវរន្ទះបាញ់ស្លាប់នោះ មានឈ្មោះរ៉ា រឿន អាយុ១២ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានពីឈ្មោះជា ត្រាន ជាប្រជាកាពារ បានរាយការណ៍មកថា មានករណីរន្ទះបាញ់ក្មេងប្រុសម្នាក់ បណ្តាលឱ្យស្លាប់។ ភ្លាមនោះ កម្លាំងនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ក៏ប្រទះឃើញក្មេងប្រុសរងគ្រោះឈ្មោះរ៉ា រឿន បានបាត់បង់ជីវិតទៅហើយ។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ មេឃមានធ្លាក់ភ្លៀងលាយជាមួយខ្យល់ និងផ្គររន្ទះយ៉ាងខ្លាំង ពេលនោះក្មេងប្រុសរងគ្រោះ ក៏បានដេញគោត្រឡប់មកផ្ទះ ពេលមកដល់ចំណុចវាលគោកតាម៉ា ក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តង។
សពក្មេងរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីគណៈកម្មការចម្រុះត្រួតពិនិត្យរួច៕