Thursday, June 26, 2025
Homeសង្គម និងជីវិតជិះទូក៨នាក់ លិចស្លាប់២នាក់បងប្អូន

ជិះទូក៨នាក់ លិចស្លាប់២នាក់បងប្អូន

ខេត្តកណ្តាល ៖ យុវវ័យប្រុសស្រី ១ក្រុម ដែលសុទ្ធសឹងតែជាសាច់ញាតិនឹងគ្នា បានមកពីភ្នំពេញ ធ្វើដំណើរកម្សាន្តលេងជាច្រើនកន្លែង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ លុះក្រោយមក ក៏នាំគ្នាចូលទៅលេងដីចម្ការ រួចក៏បបួលគ្នាជិះទូកលេងនៅក្នុងស្រះ ដោយទូក១ ជិះគ្នា ៨នាក់ ស្រាប់តែអកុសល ទូកឃ្លោងលិច បណ្តាលឱ្យយុវជន២នាក់ ត្រូវជាបងប្អូនបង្កើត លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្រះទឹកដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល។

ក្មេងប្រុសរងគ្រោះទាំង២នាក់ ដែលលិចទូកស្លាប់ ទី១-ឈ្មោះវ៉ៃ សុវណ្ណ អាយុ១៩ឆ្នាំ មុខរបរនិស្សិត និងទី២-ឈ្មោះវ៉ៃ សុលាភ អាយុ១២ឆ្នាំ មុខរបរសិស្ស។ ទាំង២នាក់ត្រូវជាបងប្អូនបង្កើត មានឪពុកឈ្មោះវ៉ៃ សាវី អាយុ៥០ឆ្នាំ មុខរបរ

ជាងដែក និងម្តាយឈ្មោះហាក់ គឹមស៊្រាង អាយុ៤៩ឆ្នាំ មុខរបរមេផ្ទះ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១៦១ ក្រុម៧ ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានក្មេងប្រុសស្រីមានគ្នាជាច្រើននាក់ បានមកពីភ្នំពេញ មកដើរលេងកម្សាន្តថ្ងៃចូលឆ្នាំថ្មី ជាច្រើនកន្លែងមកហើយ តែចុងក្រោយក៏បបួលគ្នាមកលេង

នៅដីចម្ការមួយកន្លែង ដែលត្រូវជាដីរបស់សាច់ញាតិ ពេលមកដល់ ក្មេងប្រុសស្រីមានគ្នា ៨នាក់ បាននាំគ្នាឡើងជិះទូកឈើមួយ ដែលនៅក្នុងស្រះទឹក ក្នុងចម្ការ លុះកំពុងតែហ៊ោសប្បាយ ស្រាប់តែទូកឃ្លោងលិច ក៏នាំគ្នាលោតចុះទឹកស្រះ និងបណ្តាលឱ្យក្មេងប្រុស២នាក់ ជាបងប្អូនបង្កើត លង់ទឹកស្លាប់តែម្តង ដោយរកឃើញម្នាក់ភ្លាមៗ ចំណែកម្នាក់ទៀតរកឃើញនៅម៉ោងប្រហែល ៩និង៣០នាទីយប់ ថ្ងៃដដែល។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព ឃើញថា សពមានស្នាម ពោះប៉ោង មានទឹកហូរចេញតាមមាត់និងច្រមុះ ផ្នែកក្បាល ដងខ្លួន អវយវៈ ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។

តាមការសន្និដ្ឋាន ក្មេងប្រុសទាំង២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ត្រូវបានក្រុមគ្រួសារនាំយកសពកូនប្រុសទាំង២នាក់ ទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES