Friday, April 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រមុំពឹងជូនទៅផ្ទះ ប្រុសដឹកចូលព្រៃរំលោភ ហៅសង្សារមកជួយ ដឹកទៅទម្លាក់ចោល

ក្រមុំពឹងជូនទៅផ្ទះ ប្រុសដឹកចូលព្រៃរំលោភ ហៅសង្សារមកជួយ ដឹកទៅទម្លាក់ចោល

ខេត្តរតនគិរី ៖ យុវតីម្នាក់ បានទៅដើរលេងមើលគេរាំធុងបាស់នៅក្នុងវត្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី លុះយប់ជ្រៅ មិនហ៊ានត្រឡប់ទៅផ្ទះវិញតែម្នាក់ឯង ក៏ពឹងឱ្យបុរសម្នាក់ដែលជាអ្នកស្គាល់គ្នា ជួយជូនទៅផ្ទះ ស្រាប់តែប៉ះប្រុសកំហូច ដឹកចូលព្រៃស្វាយចន្ទី ហើយធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច រួចព្យាយាមរត់គេចខ្លួនបាន ១យប់ ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់។ ចំណែកនារីរងគ្រោះ បានទូរស័ព្ទហៅសង្សារមកជួយដឹកទៅផ្ទះ បែរជាសង្សារដឹកយកទៅទម្លាក់ចោលក្នុងភូមិ រួចទៅចោលនាងបាត់។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចព្រៃស្វាយចន្ទី មួយកន្លែង ស្ថិតក្នុងភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ។

ជនសង្ស័យដែលចាប់រំលោភកូនក្រមុំគេ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះភឿក គឹមស្រេង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ។ ចំណែកយុវតីរងគ្រោះ មានឈ្មោះ គ.ស.ម អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិតែអ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ។

លោកសូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ បានឱ្យដឹងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ថា មុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ យុវតីរងគ្រោះ និងជនសង្ស័យ ព្រមទាំងមានមិត្តភក្តិជាច្រើននាក់ទៀត បាននាំគ្នាទៅលេងផ្ទះឈ្មោះខាយ នៅភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ជាមួយគ្នា។ លុះដល់ម៉ោង ៧យប់ ក៏នាំគ្នាមកវត្តអូរយ៉ាដាវ ទាំងអស់គ្នា លុះក្រោយមក នៅវេលាម៉ោងជាង ១០យប់ ថ្ងៃដដែល យុវតីរងគ្រោះឈឺបត់ជើង ក៏ដើរទៅបត់ជើងនៅបន្ទប់ទឹកអនុវិទ្យាល័យអូរយ៉ាដាវ ដែលនៅជាប់នោះ លុះត្រឡប់មកវិញ ក៏និយាយថា ចង់ត្រឡប់ទៅផ្ទះ តែមិនហ៊ានទៅ ព្រោះយប់ជ្រៅពេក ស្រាប់តែភ្លាមនោះ លេចមុខជនសង្ស័យ មកចាប់ទាញដៃយុវតីរងគ្រោះ រួចហៅឱ្យឡើងជិះម៉ូតូជាមួយ ដោយនិយាយលួងលោមថា ជូនទៅផ្ទះ ទើបយុវតីរងគ្រោះបានយល់ព្រមឡើងជិះម៉ូតូទៅជាមួយជនសង្ស័យ។

លោកអធិការ បានបន្តថា លុះពេលជិះបានពាក់កណ្តាលផ្លូវ មកដល់ត្រង់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានបត់ម៉ូតូចូលទៅក្នុងព្រៃស្វាយចន្ទី ដែលមានសភាពស្ងាត់ រួចក៏ធ្វើសកម្មភាពចាប់សម្រាតខោអាវ រំលោភសេពសន្ថវៈលើយុវតីរងគ្រោះ រហូតដល់បានសម្រេចតែម្តង។ ក្រោយពីធ្វើសកម្មភាពរំលោភយុវតីរងគ្រោះរួច ជនសង្ស័យក៏បានឡើងជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោលភ្លាមៗ។ ចំណែកយុវតីរងគ្រោះ បានទូរស័ព្ទហៅសង្សាររបស់ខ្លួនឈ្មោះចាន់ ដើម្បីឱ្យមកទទួលយកទៅផ្ទះវិញ។ បន្ទាប់មក នៅវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ទើបឈ្មោះចាន់ ដែលជាសង្សាររបស់យុវតីរងគ្រោះ បានមកដល់ ដោយជិះម៉ូតូ ១គ្រឿង មានគ្នា២នាក់ (មិនស្គាល់ឈ្មោះ) រួចក៏បានដឹកយុវតីរងគ្រោះ ចេញពីព្រៃស្វាយចន្ទី ទៅឃុំកិចុង ស្រុកបរកែវ រួចក៏ទុកយុវតីរងគ្រោះជាសង្សារចោល ហើយក៏នាំគ្នាជិះម៉ូតូចេញទៅបាត់ ទុកឱ្យយុវតីរងគ្រោះវង្វេងផ្លូវ ក៏ចូលទៅសុំផ្ទះអ្នកស្រុកស្នាក់នៅ ១យប់។

លោកអធិការ បញ្ជាក់ថា រហូតដល់ព្រឹកឡើង ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ យុវតីរងគ្រោះ បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញ រួចក៏បានរៀបរាប់ពីដំណើររឿងប្រាប់ឪពុកម្តាយ ទើបឈានដល់ការដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញ បានបើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ភឿក គឹមស្រេង នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចអ្វីដែលយុវតីរងគ្រោះចោទប្រកាន់មែន។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ដើម្បីរង់ចាំខាងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES