ភ្នំពេញ ៖ ទូកុងតឺន័រ១ ដែលផ្ទុកដោយអីវ៉ាន់ចម្រុះច្រើនមុខ បន្ទាប់ពីស្ទូចដាក់ចុះពីលើរថយន្តទុកនៅក្នុងផែស្ងួត កាលពីយប់ ស្រាប់តែព្រឹកឡើង ឃើញមានផ្សែងហុយចេញពីខាងក្នុងក្លាយជាអគ្គិភ័យឆាបឆេះដោយពុំដឹងពីមូលហេតុ បង្កឱ្យមានការការភ្ញាក់ផ្អើលទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅក្នុងផែស្ងួតមួយកន្លែង ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ទូកុងតឺន័រមួយនេះ ផ្ទុកទៅដោយអីវ៉ាន់ចម្រុះជាច្រើនមុខ ដូចជា គ្រឿងជ័រ ប្លាស្ទិក ម៉ូទ័របូមខ្យល់ គ្រឿងអេឡិចត្រូនិក និងសម្ភារៈច្រើនមុខទៀត ដោយដឹកតាមរថយន្តមកទម្លាក់

ចុះនៅក្នុងផែស្ងួតនេះ កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃកើតហេតុខាងលើ ក៏ស្រាប់តែជួបនូវហេតុការណ៍ភ្លើងឆេះបែបនេះតែម្តង។

ប្រភពដដែល បានបន្តថា នៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃកើតហេតុ កម្មករនៅក្នុងផែស្ងួតខាងលើ បានដើរកាត់តាមនោះ ស្រាប់តែប្រទះឃើញមានផ្សែងហុយចេញពីក្នុងទូកុងតឺន័រមួយនេះ ទើបមានការភ្ញាក់ផ្អើល បន្ទាប់មកក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ច្រើនបំពង់ទៅបាញ់ពន្លត់ តែមិនរលត់ ទើបរាយ

ការណ៍ជូនអាជ្ញាធរ ដើម្បីសុំរថយន្តពន្លត់អគ្គិភ័យទៅជួយ។ ភ្លាមៗនោះ គេឃើញមានរថយន្តពន្លត់អគ្គិភ័យដែលប្រចាំការនៅសាលាខណ្ឌកំបូល និងរថយន្តពន្លត់អគ្គិភ័យអង្គភាព ៧១១ កងពលតូចលេខ៧០ ចេញទៅ

អន្តរាគមន៍បាញ់ពន្លត់ ហើយក៏បានបើកទ្វារទូកុងតឺន័រ និងយកគ្រឿងចក្រទៅស្ទូចលើកបំបះ ចាក់អីវ៉ាន់ចេញពីក្នុងទូកុងតឺន័រ ដើម្បីងាយស្រួលក្នុងការបាញ់ពន្លត់ និងបានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃដដែល៕