Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបញ្ជូនខ្លួនឃាតករ៣នាក់ទៅតុលាការ ករណីរំលោភបូកសម្លាប់ស្រីក្រមុំ

បញ្ជូនខ្លួនឃាតករ៣នាក់ទៅតុលាការ ករណីរំលោភបូកសម្លាប់ស្រីក្រមុំ

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យជាឃាតករដៃឆៅទាំង៣នាក់ ដែលបានធ្វើសកម្មភាពរំលោភបូក សម្លាប់នារីរងគ្រោះអាយុ ១៧ឆ្នាំម្នាក់ នៅក្បែរមាត់អូរ ស្ថិតនៅត្រង់ភូមិចម្ការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ នោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បញ្ជូនទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ដើម្បីចាត់ការតាមច្បាប់។

លោកឧត្តមសេនីយ៍ត្រី ជួន សួរ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌខេត្តឧត្តរមានជ័យ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យជាឃាតករទាំង៣នាក់ ត្រូវបានកម្លាំងជំនាញស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី១៨-១៩ ខែមេសា ឆ្នាំ២០២២។ លុះមកដល់ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចក៏បាននាំខ្លួនជនសង្ស័យទាំង៣នាក់ ខាងលើ ទៅធ្វើត្រាប់តាមជាក់ស្តែង នៅនឹងកន្លែងកើតហេតុ រួចក៏បាននាំខ្លួនមកឃុំខ្លួនជាបណ្តោះអាសន្ននៅស្នងការដ្ឋាន ដើម្បីសាកសួរបន្ថែម និងរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងនោះ ទៅកាន់តុលាការ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ។

ជាមួយនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន ពីជនសង្ស័យផងដែរ  រួមមាន ១-ម៉ូតូយ៉ាម៉ាហា ពណ៌ក្រហមលាយខ្មៅ ១គ្រឿង។ ២-ទូរស័ព្ទ ចំនួន២គ្រឿង។ ៣-មួកមួយ និងវ៉ែនតា មួយ។

គួររំលឹកថា កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ យុវតីម្នាក់ បានសុំម្តាយទៅរាំធុងបាស់លេងនៅក្នុងភូមិ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រួចក៏បាត់ខ្លួនពេញ ១យប់ ស្រាប់តែស្អែកឡើង វេលាម៉ោង ៣រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ទើបមានអ្នកភូមិប្រទះឃើញសពយុវតីរងគ្រោះ ដេកស្លាប់ក្បែរមាត់អូរទឹកមួយកន្លែង ស្ថិតក្នុងភូមិចម្ការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ក្នុងសភាពអាក្រាតកាយ លុះសមត្ថកិច្ចចុះពិនិត្យ ទើបដឹងថា ជាករណីរំលោភបូក រួចវាយសម្លាប់ ហើយភ្លាមៗនោះ សមត្ថកិច្ចក៏បើកការស្រាវជ្រាវ រហូតឈានដល់ការចាប់វ៉ៃខ្នោះជនដៃដល់ល្មោភកាមបានជាបន្តបន្ទាប់ ចំនួន៣នាក់ នាំយកមកចាត់ការតាមច្បាប់។

សពយុវតីរងគ្រោះ មានឈ្មោះឡុង គីមឡាយ អាយុ១៧ឆ្នាំ មុខរបកម្មករ ស្នាក់នៅជាមួយម្តាយឈ្មោះឡុង ចន្ទ្រា អាយុ៣៧ឆ្នាំ មុខរបរកម្មករ នៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកឪពុកឈ្មោះអ៊ុ អ៊ីម អាយុ៤៣ឆ្នាំ មុខរបរកម្មករ (លែងលះគ្នា) ស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនសង្ស័យជាឃាតករល្មោភកាម ទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះភាក់ សីហា ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិអូរពក សង្កាត់កូន

ក្រៀល ក្រុងសំរោង។ ទី២-ឈ្មោះភាជ សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ មានលំនៅ ភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង និងទី៣-ឈ្មោះត្រយ ចិត្រា ភេទប្រុស អាយុ១៥ឆ្នាំ មានលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ មានប្រជាពលរដ្ឋបានប្រទះឃើញសពយុវតីម្នាក់ ស្ថិតក្នុងសភាពអាក្រាតកាយ នៅចំណុចមាត់អូរមួយកន្លែង ក្នុងភូមិចម្ការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង។

តាមសម្តីរបស់ស្ត្រីជាម្តាយយុវតីរងគ្រាះខាងលើ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃចូលឆ្នាំទី២ កូនស្រីរបស់គាត់ (យុវតីរងគ្រោះ) បានមកសុំគាត់ជាម្តាយ ទៅលេងរាំធុងបាស់នៅក្នុងភូមិ ជាមួយមិត្តភក្តិ ចំណែកគាត់ ដោយនឹកបារម្ភពីកូនស្រី ទើបព្រមឱ្យកូនទៅ ប៉ុន្តែគាត់ក៏បានទៅជាមួយដែរ ដើម្បីមើលថែកូនស្រី។

ស្ត្រីជាម្តាយ បានបន្តថា រហូតមកដល់យប់ជ្រៅបន្តិច ដោយសារតែគាត់ងងុយដេកផង ណាមួយឃើញកូនស្រីកំពុងរាំលេងសប្បាយជាមួយមិត្តភក្តិជាច្រើននាក់ទៀតផង ទើបគាត់ក៏បានត្រឡប់មកផ្ទះមុន  ដោយទុកឱ្យកូននៅរាំលេងជាមួយមិត្តភក្តិបន្តទៀតចុះ។ លុះក្រោយមក ក៏បាត់កូនពេញ ១យប់ មិនឃើញមកផ្ទះវិញសោះ ដល់ពេលស្អែកឡើង គាត់ជាម្តាយ ក៏ដើរតាមរកកូនស្រីពេញ ១ថ្ងៃ តែរកមិនឃើញសោះ រហូតមកដល់វេលាម៉ោង ៤រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ទើបមានសមត្ថកិច្ចមកប្រាប់គាត់ថា ប្រទះឃើញកូនស្រីរបស់គាត់ដេកស្លាប់អាក្រាតកាយ នៅមាត់អូរ ត្រង់ចំណុចកើតហេតុខាងលើ ឮបែបនេះ គាត់ក៏ប្រញាប់ទៅមើលភ្លាម ក៏ឃើញថាពិតជាសពកូនស្រីរបស់គាត់ប្រាកដមែន។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចសន្និដ្ឋានថា ជាករណីរំលោភសម្លាប់ រួចក៏ប្រគល់សពយុវតីរងគ្រោះ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

បន្ទាប់ពីកើតមានករណីឃាតកម្មរំលោភសម្លាប់យ៉ាងសាហាវឃោរឃៅខាងលើនេះរួចមក កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត បានចុះធ្វើការស្រាវជ្រាវយ៉ាងសស្រាក់សស្រាំ រហូត ឈានដល់ការបំបែកសំណុំរឿងក្តីបានសម្រច និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន ៣នាក់។

លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានបញ្ជាក់ឱ្យដឹង នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ថា ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកតូច ភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជួន សួរ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដោយមានការសហការពីកម្លាំងជំនាញក្រុងសំរោង បានដុតដៃដុតជើងចុះស្រាវជ្រាវ ស៊ើបអង្កេត និងឈានដល់ការបំបែកសំណុំរឿងករណីឃាតកម្មរំលោភសម្លាប់ ខាងលើបានដោយជោគជ័យ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន៣នាក់។

លោកអធិការ បានបញ្ជាក់ទៀតថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់បានមុខសញ្ញា ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន ឈ្មោះភាក់ សីហា និងឈ្មោះភាជ សុជាតិ។ ក្រោយពីបានធ្វើការសាកសួរ ជនដៃដល់ទាំង២នាក់ខាងលើនេះរួច ពួកគេបានសារភាពថា នៅមានបក្ខពួកខ្លួនម្នាក់ទៀត បានចូលរួមធ្វើសកម្មភាពចាប់រំលោភបូកជាមួយពួកខ្លួនដែរ។ បន្ទាប់មក រហូតដល់ម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យថែមម្នាក់ទៀត ឈ្មោះត្រយ ចិត្រា។

ក្រោយពេលកម្លាំងជំនាញធ្វើការសាកសួរបំភ្លឺ ជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេទាំង៣នាក់ ពិតជាបានធ្វើសកម្មភាពស្ទាក់ចាប់យុវតីរងគ្រោះឈ្មោះឡុង គីមឡាយ នៅតាមផ្លូវ យកទៅរំលោភបូក រួចវាយសម្លាប់ និងបោះសពអាក្រាតកាយចូលទៅក្នុងទឹកអូរខាងត្បូងភូមិ ប្រាកដមែន៕

RELATED ARTICLES