Thursday, June 26, 2025
Homeសន្ដិសុខសង្គមប៉េអឹម បដិសេធឈ្មោះប៉ុក ដារ៉ា គ្មានឈ្មោះក្នុងបញ្ជី

ប៉េអឹម បដិសេធឈ្មោះប៉ុក ដារ៉ា គ្មានឈ្មោះក្នុងបញ្ជី

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា បុគ្គលឈ្មោះប៉ុក ដារ៉ា ដែលបានស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងបង្ហោះផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក នោះ គឺមិនមានឈ្មោះនៅក្នុងបញ្ជីគ្រប់គ្រងចំនួនទ័ពរបស់កងរាជអាវុធហត្ថនោះទេ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ មានខ្លឹមសារទាំងស្រុងថា «កងរាជអាវុធហត្ថ បានឃើញក្នុងបណ្តាញព័ត៌មានសង្គម ហ្វេសប៊ុក គណនីឈ្មោះ Da Ra បានផ្សព្វផ្សាយរូបភាពនិងការបញ្ចេញមតិ មួយចំនួន ក្នុងនោះយើងឃើញបុគ្គលនេះ បានស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថផងដែរ។

ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ជ្រាបថា ក្រោយពីទទួលបាននូវព័ត៌មាននេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យជំនាញពាក់ព័ន្ធ ធ្វើការស្រាវជ្រាវរកអត្តសញ្ញាណបុគ្គលនោះ ដើម្បីបញ្ជាក់ការពិត។

ក្រោយពីធ្វើការស្រាវជ្រាវ និងបានស្តាប់ចម្លើយបុគ្គលឈ្មោះ ប៉ុក ដារ៉ា ជំនាញបានបញ្ជាក់ថា បុគ្គលនេះមិនមាននៅក្នុងបញ្ជីគ្រប់គ្រងចំនួនទ័ពរបស់កងរាជអាវុធហត្ថទេ ចំណែកអត្តសញ្ញាណប័ណ្ណនាយទាហាននៃកងយោធពលខេមរភូមិន្ទ លេខ ៩ស១១ធ ៨៧៣៧ ដែលមានឈ្មោះប៉ុក ដារ៉ា ឋានន្តរស័ក្តិ អនុសេនីយ៍ឯក អត្តលេខ ១៧៨៧៣៣ ចុះថ្ងៃទី៥ ខែ០៨ ឆ្នាំ២០២០ គឺជាឯកសារក្លែងក្លាយ។

ខ្ញុំបាទសូមជម្រាបជូនថា អំពើរបស់បុគ្គលឈ្មោះប៉ុក ដារ៉ា បានប្រព្រឹត្តបទល្មើស ដូចមានចែងក្នុងមាត្រា៦១២ “បទប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ” និងមាត្រា៦៣០ “បទប្រើប្រាស់ឯកសារសាធារណៈក្លែង” នៃក្រមព្រហ្មទណ្ឌ។ កងរាជអាវុធហត្ថ នឹងអនុវត្តច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ…»៕

RELATED ARTICLES