ខេត្តបាត់ដំបង ៖ នារីរូបស្រស់ម្នាក់ ទើបនឹងចេញពីធ្វើការនៅហាងមួយកន្លែង ពេលយប់ ក៏ជិះម៉ូតូ ១គ្រឿង សំដៅមកផ្ទះវិញ ស្រាប់តែលេចមុខជនសង្ស័យចំនួន ៣នាក់ ជិះម៉ូតូ ១គ្រឿង ដេញតាមធាក់ បណ្តាលឱ្យដួលម៉ូតូ រួចក៏ធ្វើសកម្មភាពប្លន់យកម៉ូតូរបស់នាងទៅបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះ ត្រូវបាននារីរងគ្រោះអះអាងថា កើតឡើង កាលពីវេលាម៉ោងជិត ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចខាងកើតស្ពានវត្តគរ ស្ថិតក្នុងភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ហើយនារីរងគ្រោះ បានសម្រេចទៅដាក់បណ្តឹងសុំអន្តរាគមន៍ពីមន្ត្រីជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ក្រោយពីនាងបានបង្ហោះតាមបណ្តាញសង្គម អំពាវនាវសុំជំនួយពីមហាជន។

នារីរងគ្រោះឈ្មោះព្រហ្ម ចរិយា បានបង្ហោះដំណឹងចោរប្លន់យកម៉ូតូរបស់នាងនៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ តាមគណនីហ្វេសប៊ុក ឈ្មោះ ព្រហ្ម ស្រីយ៉ាន របស់នាង ក្រោយពីត្រូវចោរប្លន់ភ្លាមៗ ដោយបានសរសេររៀបរាប់ថា “នាងខ្ញុំ បានត្រូវគេប្លន់យកម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម ស៊េរី២០២០ ដែលមានស្លាកលេខ បាត់ដំបង 1AK-5436 នៅវេលាម៉ោងជិត ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ មេសា ឆ្នាំ២០២២។ បើសិនបងប្អូនបានឃើញ សូមជួយទាក់ទងមកខាងនាងខ្ញុំផង…”។

ជាមួយនេះ នារីរងគ្រោះ ក៏បានភ្ជាប់នូវលេខទូរស័ព្ទចំនួន ៣ខ្សែ សម្រាប់ទំនាក់ទំនង ហើយថែមទាំងបញ្ជាក់ថា នឹងជូនសាគុណដល់អ្នកបានឃើញម៉ូតូរបស់នាងទៀតផង។

នារីរងគ្រោះ មិនបានបញ្ជាក់ប្រាប់ពីចំណុចកើតហេតុ នៅក្នុងសារដែលនាងបង្ហោះតាមបណ្តាញសង្គមនោះទេ តែបើតាមសមត្ថកិច្ចបានប្រាប់ថា ក្រុមចោរបានជិះម៉ូតូតាមស្ទាក់ប្លន់នាងនៅចំណុចខាងកើតស្ពានវត្តគរ ស្ថិតក្នុងភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ពេលនាងជិះម៉ូតូ ចេញពីកន្លែងធ្វើការ នៅអាហារដ្ឋានមួយក្បែរនោះ។

តាមប្រភពដែលបានស្រង់សំដីរបស់យុវតីរងគ្រោះ បានប្រាប់ថា ពេលនាងជិះម៉ូតូចេញផុតពីកន្លែងធ្វើការ បានបន្តិច ក្នុងគោលបំណងទៅផ្ទះ ស្រាប់តែត្រូវជនមិនស្គាល់មុខចំនួន ៣នាក់ ជិះម៉ូតូម៉ាក PCX ពណ៌ស តាមនាងពីក្រោយ ហើយកៀរនាងទៅចិញ្ចើមថ្នល់ មានម្នាក់ បានស្ទុះចុះធាក់ម៉ូតូនាងផ្តូល រួចប្លន់យកម៉ូតូ ឡើងជិះគេចខ្លួនបាត់។

ប្រភពដដែល បានបញ្ជាក់ថា ក្រោយត្រូវចោរប្លន់ភ្លាមៗនោះ នាងបានទូរស័ព្ទហៅមិត្តភក្តិមកជួយ និងបានទៅប្តឹងនៅអធិការដ្ឋានក្រុងបាត់ដំបង តែខាងអធិការដ្ឋានក្រុង បានរុញនាងទៅប្តឹងនៅស្នងការដ្ឋានខេត្តវិញ ព្រោះហេតុការណ៍នេះបានកើតឡើងនៅទឹកដីស្រុកសង្កែ។ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ទើបគេឃើញយុវតីរងគ្រោះ ទៅដាក់បណ្តឹងនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។

ពាក់ព័ន្ធនឹងមុខសញ្ញាជិះម៉ូតូម៉ាក PCX ពណ៌ស តាមស្ទាក់ប្លន់អ្នកដំណើរពេលរាត្រីខាងលើនេះ តាមប្រភពពីសមត្ថកិច្ច បានសន្និដ្ឋានថា បើតាមភិនភាគដែលជនរងគ្រោះបានរៀបរាប់ប្រាប់ គឺក្រុមចោរប្លន់ ៣នាក់នេះ ជាមុខសញ្ញាដដែលៗ ដែលតែងជិះម៉ូតូតាមស្ទាក់ប្លន់អ្នកដំណើរពេលយប់។
លោកឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់ថា ពេលនេះ មន្ត្រីជំនាញរបស់លោក កំពុងសាកសួរជនរងគ្រោះ និងកំពុងធ្វើការស្រាវជ្រាវទៅលើតម្រុយនានាដែលការិយាល័យរបស់លោកទទួលបាន ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ និងតាមឃាត់ខ្លួនយកមកចាត់ការតាមច្បាប់៕