ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីជាសិស្សសាលាម្នាក់ ទើបនឹងចេញពីរៀន ក៏ជិះកង់សំដៅមកផ្ទះវិញ ស្រាប់តែដល់ពាក់កណ្តាលផ្លូវ លេចមុខជនសង្ស័យល្មោភកាមម្នាក់ បានធ្វើសកម្មភាពស្ទាក់ចាប់អូសដៃចូលទៅក្នុងព្រៃ រួចសម្រាតសំពត់ រំលោភរហូតដល់បានសម្រេច បន្ទាប់មកក៏រត់គេចខ្លួនបាត់។

ករណីរំលោភសេពសន្ថវៈអនីតិជននេះ បានកើតឡើងតាំងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចព្រៃខ្នងភ្នំទួល ស្ថិតក្នុងភូមិចំបក់ប្រាសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស។ រហូតមកដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ទើបករណីនេះបានបែកធ្លាយដឹងដល់សមត្ថកិច្ច។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ម.ម អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ឆ.ល.ក អាយុ១១ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

យោងតាមរបាយការណ៍របស់ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (Hotline 117) បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចទទួលករណីរំលោភសេពសន្ថវៈអនីតិជន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចខ្នងភ្នំទួល ស្ថិតក្នុងភូមិចំបក់ប្រាសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
របាយការណ៍ដដែល បន្តថា បន្ទាប់មក នៅវេលាម៉ោង ៧និង៣២នាទីយប់ ថ្ងៃដដែល សមត្ថកិច្ច១១៧ បានបញ្ជូនព័ត៌មានទៅលោកស្រី ធីតា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីអន្តរាគមន៍។
រហូតមកដល់វេលាម៉ោង ១០និង២២នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ តាមការបញ្ជាក់ពីលោកប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ករណីនេះ ពិតជាមានមែន ដោយជនរងគ្រោះ និងជនសង្ស័យ រស់នៅភូមិកើតហេតុខាងលើជាមួយគ្នា ហើយជនសង្ស័យ បានធ្វើសកម្មភាពស្ទាក់ផ្លូវក្មេងស្រីរងគ្រោះ ពេលនាងកំពុងជិះកង់ចេញពីសាលារៀន ក៏បានចាប់អូសដៃក្មេងស្រីរងគ្រោះ ចូលទៅក្នុងព្រៃ ចំណុចខ្នងភ្នំទួល រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈ រហូតដល់បានសម្រេច។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យក៏បានរត់គេចខ្លួនបាត់តែម្តង។
លោកប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជាក់ថា ករណីនេះ សមត្ថកិច្ចជំនាញខេត្តកំពង់ឆ្នាំង កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី៕