ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីវ័យជំទង់ចំនួន ៣នាក់ ជិះម៉ូតូ ១គ្រឿង ដឹកគ្នាក្នុងល្បឿនលឿន ស្រាប់តែទៅជ្រុលទៅបុកត្រាក់ទ័រ ១គ្រឿង ដែលកំពុងបត់ឆ្លងផ្លូវ យ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ ២នាក់ និងរងរបួសស្រាលម្នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅលើលើកំណាត់ផ្លូវជាតិលេខ៥៦ ត្រង់ចំណុចមុខស្ថានីយប្រេង ឈ្មោះឆឿប ស្ថិតនៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក។
ប្រភពពីនគរបាលចរាចរណ៍ស្រុកថ្មពួក បានឱ្យដឹងថា ក្មេងស្រីទាំង ៣នាក់ដែលទទួលរងរបួសធ្ងន់-ស្រាល រួមមាន ទី១-ឈ្មោះហ៊ាន វិច្ឆិកា អាយុ១៣ឆ្នាំ មានលំនៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក (ជាអ្នកបើកម៉ូតូ)។ ទី២-ឈ្មោះហ៊ីន ស្រីណាម អាយុ១៤ឆ្នាំ មានលំនៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក (អ្នករួមដំណើរ) និងទី៣-ឈ្មោះអេស ស្រីធីង អាយុ ១៥ឆ្នាំ មានលំនៅភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក (អ្នករួមដំណើរ)។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ មានត្រាក់ទ័រ ១គ្រឿង បើកដោយឈ្មោះចាន់ ចង ភេទប្រុស អាយុ៤៣ឆ្នាំ មានលំនៅ ភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក បើកបរក្នុងទិសដៅពីជើងទៅត្បួង ស្របពេលមានម៉ូតូ ១គ្រឿង ម៉ាក

ហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ បន្ទាយមានជ័យ 1R-7554 ជិះដោយក្មេងស្រីទាំង ៣នាក់ខាងលើ បើកក្នុងល្បឿនលឿន ក្នុងទិសដៅផ្ទុយគ្នា ពីត្បួង ទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែត្រាក់ទ័របានបត់ឆ្វេង ដោយមិនបានមើលឆ្វេងស្តាំត្រឹមត្រូវ ធ្វើឱ្យភាគីម៉ូតូជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកត្រាក់ទ័រ ពេញទំហឹង បណ្តាលឱ្យក្មេងស្រី ២នាក់ រងរបួសធ្ងន់ ចំណែកម្នាក់ទៀតរងរបួសស្រាល។

នគរបាលចរាចរណ៍ស្រុកថ្មពួក បានឱ្យដឹងបន្តទៀតថា ក្នុងករណីគ្រោះថ្នាក់នេះ បណ្តាលមកពីត្រាក់ទ័រ បត់ឆ្វេងមិនបានមើលឆ្វេងស្តាំ ចំណែកម៉ូតូបើកក្នុងល្បឿនលឿនពេក។

ក្រោយកើតហេតុ អ្នករងរបួសទាំង៣ ត្រូវបាននគរបាលចរាចរណ៍ដឹកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។
បច្ចុប្បន្ន ម៉ូតូនិងត្រាក់ទ័រខាងលើ ត្រូវបាននគរបាលស្រុកថ្មពួក ធ្វើការវាស់វែង អូសយកទៅរក្សាទុក រង់ចាំគូភាគីទាំងសងខាងមកធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕