ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលវរការពារព្រំដែនគោក លេខ៨១៥ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានឃាត់ខ្លួនពលករខ្មែរ ចំនួន២០នាក់ បម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់ នៅត្រង់ចំណុចអូរព្រំដែន ស្ថិតក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលការពារ

ព្រំដែនគោក លេខ៨១៥ បានចេញល្បាតតាម បន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ បានប្រទះឃើញពលករខ្មែរ ចំនួន២០នាក់ ក្នុងនោះស្រី៦នាក់ និងកុមារ ១០នាក់ នៅចំណុចមាត់អូរព្រំដែន ដែលបម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់។

លោកបានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ពលករខ្មែរទាំងនោះ ត្រូវបាននាំយកមកពីទីបញ្ជាការវរការពារព្រំដែនគោកលេខ៨១៥ ដើម្បីសាកសួរ និងបានប្រាប់ថា ពួកគាត់មានបំណងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់ ដោយក្នុងម្នាក់ៗ តម្លៃ៦០០០បាត ហើយជូនទៅដល់កន្លែងធ្វើការ និងទៅរកការងារ

បានធ្វើ។ ប៉ុន្តែនៅពេលមេខ្យល់យកលុយហើយ ក៏នាំទៅទុកនៅចំណុចអូរព្រំដែន ដើម្បីរង់ចាំរថយន្តមេខ្យល់ថៃ មកទទួលយកដល់ព្រំដែន តែនៅពេលដែលកំពុងតែរង់ចាំនោះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា ក្រោយពេលឃាត់ពលករខ្មែរ ចំនួន២០នាក់ ដែលបម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់ទាំងនោះ មកសាកសួរ ណែនាំ និងធ្វើកិច្ចសន្យារួចហើយ ក៏បានឱ្យត្រឡប់ទៅស្រុកកំណើតវិញ ហើយពេលនេះ កម្លាំងនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវរកចាប់ខ្លួនមេខ្យល់ ដើម្បីចាត់ការតាមច្បាប់ផងដែរ៕