Thursday, June 26, 2025
Homeសន្ដិសុខសង្គមទាស់សម្តី ប្តីវ៉ៃប្រពន្ធបាក់ដៃ

ទាស់សម្តី ប្តីវ៉ៃប្រពន្ធបាក់ដៃ

ខេត្តរតនគិរី ៖ ប្តីប្រពន្ធ ២នាក់ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច ស្រាប់តែ បុរសជាប្តីឆេះឆួលកំហឹងខ្លាំងទប់មិនជាប់ ក៏ទាញដើមអំពៅ វាយសំពងប្រពន្ធ បណ្តាលឱ្យបាក់ដៃ រងរបួសយ៉ាងដំណំ ធ្វើឱ្យស្ត្រីជាប្រពន្ធទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ប៉ុន្តែដោយសារនៅមានទឹកចិត្តអាណិត ទើបស្ត្រីជាប្រពន្ធគ្រាន់តែស្នើសុំឱ្យអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់អំពើហិង្សាប៉ុណ្ណោះ។

ករណីហិង្សាក្នុងគ្រួសារ ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិកាឡែងលើ ឃុំកាឡែង ស្រុកលំផាត់។

ស្ត្រីរងគ្រោះដែលត្រូវបុរសជាប្តីវាយបាក់ដៃនោះ មានឈ្មោះហែម ទូន មុខរបរកសិករ មានលំនៅ ភូមិកាឡែងលើ ឃុំកាឡែង ស្រុកលំផាត់។

យោងតាមរបាយការណ៍របស់ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (Hotline 117) បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចទទួលព័ត៌មានពីស្ត្រីរងគ្រោះថា មានករណីអំពើហិង្សាក្នុងគ្រួសារ ដោយប្តីរបស់គាត់ បានវាយគាត់ជាប្រពន្ធ បណ្តាលឱ្យរងរបួសដៃខាងឆ្វេង ស្ថិតនៅភូមិកាឡែងលើ ឃុំកាឡែង ស្រុកលំផាត់។

របាយការណ៍ដដែល បន្តថា បន្ទាប់មក នៅវេលាម៉ោង ១និង០៥នាទីរសៀល ថ្ងៃដដែល សមត្ថកិច្ច ១១៧ បានបញ្ជូនព័ត៌មានទៅលោកណាល់ ប៊ុនណ្ណា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកាឡែង ដើម្បីអន្តរាគមន៍។ បន្ទាប់មក នៅវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃដដែល សមត្ថកិច្ចដឹកនាំដោយលោកនាយប៉ុស្តិ៍ បានចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនបុរសជាប្តី យកមកប៉ុស្តិ៍ ធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច បុរសជាប្តី បានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយប្រពន្ធប្រាកដមែន ដោយប្រើដើមអំពៅ វាយបណ្តាលឱ្យស្ត្រីជាប្រពន្ធរងរបួសត្រង់ដៃខាងឆ្វេង មូលហេតុផ្តើមចេញពីទំនាស់ពាក្យសម្តីនឹងគ្នា។

ជុំវិញករណីខាងលើនេះ ភាគីស្ត្រីជាប្រពន្ធ បានសម្រេចចិត្តមិនធ្វើការប្តឹងផ្តល់អ្វីនោះទេ គ្រាន់តែសំណូមពរឱ្យសមត្ថកិច្ច ជួយធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឱ្យប្តីគាត់បញ្ឈប់អំពើហិង្សាមកលើរូបគាត់ជាប្រពន្ធតទៅទៀត។

ក្រោយពីធ្វើការអប់រំណែនាំបុរសជាប្តីរួចមក សមត្ថកិច្ចក៏អនុញ្ញាតឱ្យប្តីប្រពន្ធទាំងពីរ ត្រឡប់ទៅលំនៅឋានវិញទៅ៕

RELATED ARTICLES