ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ មិនដឹងថាមានវិបត្តិផ្លូវចិត្តរឿងអ្វី ចេះតែនិយាយទូរស័ព្ទជាមួយម្តាយ ត្អូញថាលែងចង់រស់នៅតទៅទៀតហើយ ចង់តែស្លាប់ទេ លុះក្រោយមក ម្តាយទូរស័ព្ទមិនចូល ក៏ទូរស័ព្ទប្រាប់សាច់ញាតិដែលនៅជិតនោះ ឱ្យជួយទៅមើលកូនប្រុសផង លុះសាច់ញាតិទៅមើល ក៏ឃើញថាជនរងគ្រោះបានចងកស្លាប់ទៅហើយ បង្កឱ្យមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចក្នុងផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិទួលប្រសើរ ឃុំបាក់អន្លង់ ស្រុកត្រពាំងប្រាសាទ។
បុរសដែលចងកសម្លាប់ខ្លួននោះ មានឈ្មោះរ៉ា ស៊ីណា អាយុ៣២ឆ្នាំ មានលំនៅ ភូមិទួលប្រសើរ ឃុំបាក់អន្លង់ ស្រុកត្រពាំងប្រាសាទ។

តាមសម្តីបុរសឈ្មោះគុយ អ៊ឹច អាយុ៥០ឆ្នាំ និងស្ត្រីឈ្មោះឡង ជឺ អាយុ៥២ឆ្នាំ ត្រូវជាសាច់ញាតិជនរងគ្រោះ បានបំភ្លឺដូចគ្នាថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ពួកគាត់បានទូរូស័ព្ទទៅឈ្មោះប៉ាន បៀត ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ ដែលសព្វថ្ងៃរស់នៅឯខេត្តកំពង់ធំ ដើម្បី

និយាយគ្នាអំពីរឿងដីស្រែរបស់ម្តាយជនរងគ្រោះដែលជួលឱ្យពួកគាត់ជាសាច់ញាតិធ្វើ។ ក្រោយពីនិយាយគ្នាតាមទូរស័ព្ទចប់ ម្តាយរបស់ជនរងគ្រោះ បានប្រាប់ថា ជួយទៅមើលកូនប្រុសរបស់គាត់ (រ៉ា ស៊ីណា) ផង ព្រោះទូរស័ព្ទមិនចូល មិនព្រមលើកសោះ ហើយប៉ុន្មានថ្ងៃនេះ មិនដឹងជាកើតអី ចេះតែនិយាយផ្តេសផ្តាស ដូចមនុស្សរវើរវាយថា លែងចង់រស់នៅទៀតហើយ ចង់តែស្លាប់ទេ។

ប្រភពដដែល បន្តថា ក្រោយពីនិយាយទូរស័ព្ទជាមួយម្តាយជនរងគ្រោះរួច ពួកគាត់ក៏ជិះម៉ូតូទៅផ្ទះជនរងគ្រោះមើល ទៅដល់ មិនឃើញជនរងគ្រោះនោះទេ លុះពេលដើររកមើលជុំវិញផ្ទះ នៅតែមិនឃើញ ទើបចូលទៅក្នុងផ្ទះ បើកទ្វារមើល ក៏ប្រទះឃើញជនរងគ្រោះចងកជាប់នឹងឃ្នៀបផ្ទះ ស្លាប់បាត់ទៅហើយ ទើបប្រញាប់ទូរស័ព្ទទៅប្រាប់អនុភូមិទួលប្រសើរ ឈ្មោះធី ឱ្យបានដឹង និងរាយការណ៍ទៅសមត្ថកិច្ច ចុះមកពិនិត្យភ្លាមៗ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយពីបានទទួលដំណឹងពីប្រជាពលរដ្ឋមកថា មានករណីចងកធ្វើអត្តឃាតនៅត្រង់ចំណុចភូមិទួលប្រសើរ ឃុំបាក់អន្លង់ ស្រុកត្រពាំងប្រាសាទ កម្លាំងជំនាញនគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ឃុំបាក់អន្លង់ បានចុះទៅពិនិត្យកន្លែងកើតហេតុតែម្តង។
សមត្ថកិច្ច បន្តថា លុះទៅដល់ ក៏ប្រទះឃើញជនរងគ្រោះឈ្មោះរ៉ា ស៊ីណា បានចកងស្លាប់នៅក្នុងុផ្ទះមែន ដោយស្លាប់ក្នុងសម្លៀកបំពាក់ខោយឺតជើងខ្លី ពណ៌ប្រផេះគ្មានអាវ និងបានប្រើខ្សែនីឡុងពណ៌ស ចងកជាប់នឹងឃ្នៀបផ្ទះ បណ្តាលឱ្យស្លាប់។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ ជនរងគ្រោះពិតជាស្លាប់ដោយសារ ចងកធ្វើអត្តឃាតប្រាកដមែន។
សពត្រូវបានសមត្ថកិច្ច ប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប៊ុន ថេត