ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូ រស់នៅមិនសូវចុះសម្រុងនឹងគ្នាសោះ ដោយសារបុរសជាប្តីជាមនុស្សមានចិត្តប្រចណ្ឌហួងហែងប្រពន្ធខ្លាំង ទើបធ្វើឱ្យកើតមានជម្លោះនឹងគ្នាជាញឹកញាប់ រហូតដល់ក្រោយមក ស្ត្រីជាប្រពន្ធទ្រាំលែងបាន ក៏សុំប្តីលែងលះ ស្រាប់តែធ្វើឱ្យប្តីឆេះឆួលកំហឹង និងភ្លើងប្រចណ្ឌ ក៏កាន់កាំបិតចុងស្រួច គំរាមឆូតមុខប្រពន្ធ ទើបស្ត្រីជាប្រពន្ធបានប្តឹងសត្ថកិច្ចឱ្យជួយអន្តរាគមន៍ ប៉ុន្តែគ្រាន់តែស្នើសុំឱ្យអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់អំពើហិង្សាប៉ុណ្ណោះ រួចហើយនាងនឹងនាំប្តីនេះទៅស្រុកកំណើត ដើម្បីលែងលះគ្នា។

ករណីហិង្សាក្នុងគ្រួសារ ប្តីគំរាមយកកាំបិតឆូតមុខប្រពន្ធនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
យោងតាមរបាយការណ៍របស់ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (Hotline 117) បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង ៣និង៤២នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចទទួលព័ត៌មានពីស្ត្រីរងគ្រោះជាប្រពន្ធ ដែលបានរាយការណ៍ពីករណីអំពើហិង្សាក្នុងគ្រួសារ ប្តីគំរាមយកកូនកាំបិតឆូតមុខប្រពន្ធ ស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

របាយការណ៍ដដែល បន្តថា បន្ទាប់មក នៅវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃដដែល សមត្ថកិច្ច ១១៧ បានបញ្ជូនព័ត៌មានទៅលោកសាយ ចំរើន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីអន្តរាគមន៍។ បន្ទាប់មក នៅវេលាម៉ោង ៣និង៥៥នាទីរសៀល ថ្ងៃដដែល សមត្ថកិច្ចដឹកនាំដោយលោកនាយប៉ុស្តិ៍ បានចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនបុរសជាប្តី យកមកប៉ុស្តិ៍ ធ្វើការសាកសួរ។

សមត្ថកិច្ចបានឱ្យដឹងថា ដោយសារបុរសជាប្តីមានចិត្តប្រចណ្ឌច្រើន ហើយប្រពន្ធបានសុំលែងលះទៀត ទើបបណ្តាលឱ្យគាត់ធ្វើការគំរាមប្រពន្ធបែបនេះ។ ដោយឡែក ស្ត្រីរងគ្រោះ មិនបានប្តឹងផ្តល់ទេ គ្រាន់តែសុំឱ្យសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំប្តីរបស់គាត់ កុំឱ្យប្រើពាក្យសម្តី គំរាមកំហែងមកលើរូបគាត់ទៀត ហើយគាត់នឹងនាំបុរសជាប្តី ទៅស្រុកកំណើត ដើម្បីលែងលះគ្នាវិញ។

ក្រោយកើតហេតុ ជនបង្កហេតុជាប្តី ត្រូវបានសមត្ថកិច្ចឃាត់ទុក រង់ចាំឱ្យបងប្អូនសាច់ញាតិ មកធានា និងទទួលយកទៅវិញ៕