ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ ១ក្រុម រួមមាន កម្លាំងអន្តរាគមន៍បង្ក្រាបសត្វព្រៃ នៃរដ្ឋបាលព្រៃឈើ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើ រាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះទៅធ្វើការបង្ក្រាប

ការលក់សាច់សត្វព្រៃ ក្នុងសិប្បកម្មផលិតប្រហិតមួយកន្លែង ដោយបានធ្វើការដកហូតសាច់សត្វព្រៃ មួយចំនួនផងដែរ ប៉ុន្តែពុំបានឃាត់ខ្លួនអ្នកលក់នោះទេ ដោយគ្រាន់តែធ្វើការផាកពិន័យតាមច្បាប់ និងណែនាំកុំឱ្យមានការជួញដូរសត្វព្រៃបន្តទៀត។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅចំណុចទីតាំងលក់សាច់សត្វព្រៃ មួយកន្លែង ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ម្ចាស់ទីតាំងខាងលើនេះ ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ប៉ុន្តែបើយោងតាមសមត្ថកិច្ចដែលចុះបង្ក្រាបនោះ បានប្រាប់ឱ្យដឹងថា ម្ចាស់ទីតាំងនេះ បានឡាយលក់សាច់សត្វព្រៃ តាមប្រព័ន្ធ អនឡាញ។ ដោយឡែកកម្លាំងសមត្ថកិច្ច

ចម្រុះ បានធ្វើការស្រាវជ្រាវ រហូតកំណត់ច្បាស់ថា ទីតាំងនេះ ពិតជាមានលួចលក់សត្វព្រៃខុសច្បាប់ប្រាកដមែន ទើបកម្លាំងចុះត្រួតពិនិត្យ ឆែកឆេរតែម្តង។

ប្រភពដដែល បានបន្តទៀតថា ពេលនោះ កម្លាំងសមត្ថកិច្ច បានរកឃើញសាច់ជ្រូកព្រៃស្រស់ចំនួន ៥,៥០គីឡូក្រាម និងសាច់សត្វឈ្លូស ចំនួន ១០គីឡូក្រាម។ បន្ទាប់មកក៏បានធ្វើការដកហូតយកសាច់សត្វព្រៃទាំងនោះ ដើម្បីដុតកម្ទេចចោល ប៉ុន្តែពុំបានឃាត់ខ្លួនអ្នកលក់នេះឡើយ ដោយគ្រាន់តែផាកពិន័យ និងធ្វើការអប់រំបញ្ឈប់ការជួញដូរបន្តទៀត។

ទោះបីជាយ៉ាងណា មន្ត្រីខាងលើក៏បានបញ្ជាក់ផងដែរថា ប្រភេទសត្វព្រៃទាំង ២មុខនេះ គឺជាសត្វព្រៃប្រភេទមានដោយបង្គួរ មិនមែនជាប្រភេទសត្វកម្រពេកនោះទេ៕