ភ្នំពេញ ៖ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌខណ្ឌសែនសុខ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចក្នុងទីតាំងអ៊ីនធើរណែត មួយកន្លែង ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពាក់ព័ន្ធធាក់ផ្តួលប្លន់យកម៉ូតូ នៅចំណុចផ្លូវ៥៨ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវ៉ាន់ សុខវិច្ឆិកា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

កម្លាំងជំនាញអាវុធហត្ថខណ្ឌសែនសុខ បានឱ្យដឹងថា កាលពីវេលាម៉ោង ៤ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះបានចេញពីញ៉ាំអីនៅម្តុំផ្សារដីហុយ រួចធ្វើដំណើរតាមបណ្តោយ ផ្លូវ៥៨ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង ឆ្ពោះទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន ៣នាក់ ជិះម៉ូតូ ១គ្រឿង ពណ៌ខ្មៅ

ក្រហម គ្មានស្លាកលេខ បានជិះតាមពីក្រោយ ធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះ ពណ៌ក្រហម ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1AQ-6683 បណ្តាលឱ្យដួល រួចជនសង្ស័យបានលើកម៉ូតូជនរងគ្រោះ ជិះគេចខ្លួន ឆ្ពោះទៅម្តុំវត្តអង្គតាម៉ិញ។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតបានឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ចំណែកបក្សពួកចំនួន ២នាក់ទៀត បានរត់គេចខ្លួន។ បន្ទាប់មក នៅ

វេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខណ្ឌសែនសុខ សហការជាមួយអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចុះទៅយកម៉ូតូជនរងគ្រោះនៅភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ និងបានប្រគល់ម៉ូតូនោះជូនដល់ជនរងគ្រោះវិញផងដែរ។ ក្រោយពីស្តាប់ចម្លើយរបស់ជនសង្ស័យ និងជនរងគ្រោះ ឃើញថាមានភាពស៊ីសង្វាក់គ្នា ដូចការចោទប្រកាន់ពិតប្រាកដមែន។
ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមនីតិវិធី។ ចំណែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួននោះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្តទៀត៕