ខេត្តក្រចេះ ៖ កូនផ្សោត ១ក្បាល ត្រូវបានប្រទះឃើញងាប់ក្នុងទន្លេមេគង្គ កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្រះត្រពាំងខាងលើអន្លង់កាំពី ប្រហែល ១០០ម៉ែត្រ ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី។

លោកម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានឱ្យដឹងថា កូនផ្សោតញី ទើបនឹងកើត ចន្លោះពី ៧ទៅ១០ថ្ងៃប៉ុណ្ណោះ មានទម្ងន់ ១៣គីឡូក្រាម។ ការងាប់កូនផ្សោតខាងលើ បើយោងតាមការពិនិត្យជាក់ស្តែង គឺពុំមានមានស្លាកស្នាមជាប់មង ឬរងរបួសអ្វីដែលគួរឱ្យកត់ សម្គាល់នោះឡើយ ។

លោកម៉ុក ពន្លក បានបន្តទៀតថា យោងតាមបច្ចេកទេសរបស់អង្កការ WWF កូនផ្សោត ១ក្បាលនេះ ទំនងជាងាប់បណ្តាលមកពីចរិតបំពានរបស់ផ្សោតឈ្មោល ព្រោះថា ជារឿយៗ យោងតាមក្រឹតក្រមធម្មជាតិរបស់សត្វផ្សោត នៅពេលដែលកូនផ្សោតកើតមកម្តងៗ សត្វផ្សោតឈ្មោល តែងតែច្រណែន ខាំបោក ហើយបើពុំមានការជួយអន្តរាគមន៍ពីឆ្មាំទេ កូនផ្សោតទាំងនោះ នឹងមានគ្រោះថ្នាក់ជាពុំខាន។
ទោះយ៉ាងណា ករណីកូនផ្សោតងាប់ខាងលើនេះ ត្រូវបានជំនាញរដ្ឋបាលជល អះអាងជំហានដំបូង ក៏ប៉ុន្តែលទ្ធផលយ៉ាងណា អង្កការ WWF បានយកកូនផ្សោតទៅរក្សាទុកនៅទីស្នាក់ការរបស់ខ្លួន ដើម្បីធ្វើកោសល្យវិច័យ រកមូលហេតុបន្ត៕