ខេត្តតាកែវ ៖ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តតាកែវមួយរូប កំពុងរងបណ្តឹងពីបទប្រើកាំភ្លើងខ្លី គំរាមថានឹងសម្លាប់ ទៅលើបុរសម្នាក់ ដែលគេស្គាល់ថាត្រូវជាគូវិវាទស្នេហា (ស្រលាញ់នារីម្នាក់ ជាន់លេខរៀងគ្នា)។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៦និង៤០នាទីព្រលប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្បែរកាស៊ីណូភ្នំដិន ស្ថិតក្នុងភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ករណីនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៦និង៤០នាទីព្រលប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចកាស៊ីណូភ្នំដិន ភូមិផ្សារឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។ ជនសង្ស័យមានឈ្មោះទុន ឧត្តម ហៅហេង អាយុ៥០ឆ្នាំ មានតួនាទីជានាយរងការិយាល័យព្រម្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តតាកែវ បានដកកាំភ្លើងខ្លីធ្វើសកម្មភាពគំរាមសម្លាប់ទៅលើជនរងគ្រោះឈ្មោះធា គិរី ភេទប្រុស អាយុ៤២ឆ្នាំ មុខបររជាសន្តិសុខកាស៊ីណូភ្នំដិន មូលហេតុគឺដណ្តើមស្នេហ៍នារីលក់កាហ្វេ នៅជាប់កាស៊ីណូ។

ពាក់ព័ន្ធករណីខាងលើនេះដែរ លោកហ៊ិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តតាកែវ បានឱ្យដឹងថា ពិតជាមានករណីនេះកើតឡើងមែន តែលោកកំពុងឱ្យខាងអធិការស្រុកគិរីវង់ កសាងសំណុំរឿងបញ្ជូនមក។ ចំណែករឿងឃាត់ខ្លូនជនសង្ស័យ លោកមិនទាន់បានដឹងនៅឡើយទេ ទុកឱ្យអធិការស្រុក ចាត់ការទៅតាមផ្លូវច្បាប់។

បើតាមប្រភពច្បាស់ការណ៍មួយ បានឱ្យដឹងដែរថា ជនសង្ស័យឈ្មោះទុន ឧត្តម ហៅហេង មានតួនាទីជានាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តតាកែវ មិនដែលចូលធ្វើការទេ ហើយធ្លាប់មានប្រវត្តិសម្លាប់មនុស្ស និងមានរឿងអាស្រូវបាញ់បោះ ជាញឹកញាប់។ ឆ្លងកាត់ស្នងការខេត្តតាកែវ បីជំនាន់មកហើយ តែចាំមើលលើកនេះវាសនារបស់លោកនាយរងការិយាល័យរូបនេះ នឹងបែបណាចំពោះផ្លូវច្បាប់។
ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនលោកទុន ឧត្តម ហៅហេង បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕